
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោក Dionisio Babo Soares រដ្ឋមន្ត្រីបរទេសទីម័រខាងកើតកាលពីឆ្នាំ ២០១៩។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើការពិចារណាផ្តល់ម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅដល់ប្រទេសទីម័រខាងកើត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បន្ទាប់ពីលោកបានផ្តល់នូវសម្ភារទាំងអស់នេះ ទៅដល់ប្រទេសចំនួន ២ រួចមកហើយកាលពីពេលថ្មីៗកន្លងមកនេះ គឺប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធទី ២៥ ខែវិច្ឆិកា ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន ១៥៣ នាក់ នៅវិមានសន្តិភាពថា លោកកំពុងពិចារណាក្នុងការផ្តល់នូវម៉ាស និងសម្ភារបរិក្ខារពេទ្យទៅដល់ប្រទេសទីម័រខាងកើតផងដែរ។
លោកបានមានប្រសាសន៍ថា៖ «កម្ពុជាមិនមែនគ្រាន់តែផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រ វិស័យផ្នែកពេទ្យនេះទៅដល់មិត្តឡាវ និងមីយ៉ាន់ម៉ា ហើយខ្ញុំត្រៀមទុក និងអន្តរាគមន៍ដល់ប្រទេសទីម័រខាងកើត»។
លោកបន្តថា៖ «មានអ្នកខ្លះឌឺមកខ្ញុំថា ខ្លួនឯងដោះស្រាយមិនចេញផងទៅគិតដល់រឿងគេ។ បាទ! សុំអ្នកនិយាយអីនិយាយចុះ ក៏ប៉ុន្តែក្នុងឋានៈជាអ្នកដែលចូលរួមចំណែកនៅក្នុងសហគមន៍អន្តរជាតិ ខ្ញុំមានកាតព្វកិច្ចចូលរួមជាមួយនឹងរដ្ឋដទៃទៀត ប្រជាជាតិដទៃទៀត ដើម្បីផ្តល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា លោក ម៉ម ប៊ុនហេង បានដឹកនាំយកម៉ាស់ជាង ២ លាន និងបរិក្ខារពេទ្យមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍មុនពេលឡើងយន្តហោះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ម៉ាស់ និងបរិក្ខាពេទ្យទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ប្រើប្រាស់ ហើយជំនួយនេះគឺជាការជួយគ្នាដោយស្មារតីសប្បុរសធម៌ក្នុងការជួយគ្នាទៅវិញទៅមកនៅពេលមានគ្រោះអាសន្នដូចជាករណីកូវីដ ១៩ នេះ។
លោកបានថ្លែងថា៖ «សម្ភារម៉ាស់ និងបរិក្ខាពេទ្យទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនក្នុងការការពារពីការចម្លងជំងឺកូវីដ ១៩»។
លោក ម៉ម ប៊ុនហេង បានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជា ផ្តល់ជំនួយទាំងនេះដល់ប្រទេសជាមិត្តមែន ប៉ុន្តែសម្រាប់ការស្តុកទុកប្រើប្រាស់នៅក្នុងប្រទេស គឺមិនមានការខ្វះខាតនោះឡើយ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលទិញសម្ភារទាំងនេះទុកក្នុងឃ្លាំងបំពេញវិញដែរ។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមាន ម៉ាស់ចំនួន ២ លាន, ម៉ាស់ក្រណាត់ ១០ ម៉ឺន, ម៉ាស់ N95 ចំនួន ២ ម៉ឺន, វែនតាសុវត្ថិភាពចំនួន ២ ម៉ឺន, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ២ ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅចំនួន ៥០០, របាំងមុខចំនួន ២ ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន ២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន ២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥ គីឡូក្រាមក្នុង ១ ធុង (ក្លរ៉ាមីនប្រភេទB) ៥០០ កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ ពាន់គូ និងសាប៊ូលាងដៃ ២ ពាន់គូ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ ១៦ ខែវិច្ឆិកា កម្ពុជាបានជួយជំនួយដល់ប្រទេសឡាវនូវ ម៉ាស់ធម្មតាចំនួន ២ លានម៉ាស់ ម៉ាស់ក្រណាត់ ដែលកម្ពុជាផលិតដោយខ្លួនឯង បូករួមនឹងសម្ភារវេជ្ជសាស្ត្រដទៃៗទៀត ដែលមានតម្លៃ ២ ២២៤ ០០០ ដុល្លារអាមេរិក៕