ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការប្រកាសក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួន នៅថ្ងៃសុក្រនេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូត ការលក់សំបុត្រចូលទស្សនា តំបន់អង្គរ ពីក្រុមហ៊ុន សុខ គង់ ត្រលប់មកគ្រប់គ្រងខ្លួនឯងវិញ។ នេះបើ់តាមមន្ត្រី អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឲ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃសុក្រនេះ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលក៏ បានសម្រេចបង្កើតសហគ្រាសសាធារណៈ ដើម្បីធុរៈកិច្ចគ្រប់គ្រងរមណីយដ្ឋានបេតិកភ័ណ្ឌអង្គរ ដែលមានក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអន្ដរក្រសួង រៀបចំគណៈកម្មាធិការនេះ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទផងដែរថា ពិតប្រាកដមែន។ លោកថ្លែងថា «យើងទើបទទួលបានដំណឹងនេះផងដែរ។ ជាគោលការណ៍ តាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ រាជរដ្ឋាភិបាលពិតជាបានសម្រេចដកយកត្រលប់មកវិញមែន»។
សូមបញ្ជាក់ថា ក្រុមហ៊ុន សុខ គង់ បានទទួលសិទ្ធិគ្រប់គ្រងការលក់សំបុត្រចូលទស្សនាប្រាសាទនានា ក្នុងតំបន់អង្គរនេះ តាំងពីឆ្នាំ ១៩៩៩ មក។
ដោយឡែក ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរនៅខែ តុលា កើនឡើង ៤ ភាគរយ ជាមួយនឹងចំណូលបានពីការលក់សំបុត្រកើនឡើង ៤,៥២ ភាគរយ។ នេះបើតាមទិន្នន័យពីអាជ្ញាធរអប្សរា។
តួលេខបង្ហាញថា ចំនួនភ្ញៀវបរទេសមកទស្សនាអង្គរក្នុងខែតុលាមានចំនួន ១៥៣ ៣០៨ នាក់កើនឡើង ៤,០៩ ភាគរយបើធៀបនឹងខែតុលា ឆ្នាំទៅ ក្នុងនោះទទួលបានចំណូលពីការលក់សំបុត្រចំនួន ៤ ៣៨១ ០៤០ ដុល្លារ។
បើគិតត្រឹមរយៈ ពេល ១០ ខែដំបូងឆ្នាំនេះ កំណើនភ្ញៀវមានតែ២ភាគរយប៉ុណ្ណោះគឺមានចំនួន ១ ៦៧៧ ៣៥២ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ក្នុងនោះទទួលបានចំណូលសរុប ៤ ៧៦៨១ ០៨០ ដុល្លារកើនឡើង ០,៦២ ភាគរយ៕