
សមត្ថកិច្ចយាមមណ្ឌលចត្តាឡីស័កនៅភ្នំពេញ។ រូបថត សាលាក្រុង
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចឧបត្ថម្ភថវិកា ២ ម៉ឺនរៀល ក្នុង ១ ថ្ងៃ ក្នុងរយៈពេល ១៥ ថ្ងៃ និងអង្ករចំនួន ២០ គីឡូក្រាម ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ យោងតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ទៅដល់ប្រជាពលរដ្ឋដែលមានលក្ខណសម្បត្តិដូចជា អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អ្នកដែលបានទទួលការធ្វើតេស្តហើយលទ្ធផលអវិជ្ជមាន អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ និងអ្នកដែលមានជីវភាពខ្វះខាត។
ដោយឡែក ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញនេះក៏បានប្រកាសរកឃើញនូវករណីវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ២៤ នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់ ដែលក្នុងនោះមានជនជាតិខ្មែរ ៤ នាក់ វៀតណាម ៤ នាក់ និងជនជាតិចិន ១៦ នាក់។ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ជាលើកទី៣ នេះបានកើនឡើងរហូតដល់ ៣៤០ នាក់ ក្នុងនោះមានស្រីចំនួន ១៧៣ នាក់។
នៅថ្ងៃម្សិលមិញនេះដែរ មានអ្នកជំងឺម្នាក់ជាបុរសជនជាតិខ្មែរ អាយុ ៤៧ ឆ្នាំ ស្នាក់នៅស្រុកបន្ទាយមាស ខេត្តកំពត ដែលបានធ្វើដំណើរមកពីប្រទេសថៃ បានព្យាបាលជាសះស្បើយពីជំងឺកូវីដ ១៩ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានធ្វើតេស្តអវិជ្ជមានចំនួន ២ ដង។
គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៨៤៤ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៧៨ នាក់ និងអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៣៦៦ នាក់។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកំណត់ជាមណ្ឌលចត្តាឡីស័កចំពោះសណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប និងមន្ទីរពេទ្យឯកជនចំនួន ២៩ ទីតាំង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក គួច ចំរើន នៅថ្ងៃទី ២ ខែមីនា បានលើកឡើងថា ទីតាំង ២៩ កន្លែងនោះត្រូវបានផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងត្រូវបានកំណត់ជាមណ្ឌលចត្តាឡីស័កសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងដែលត្រូវបានកំណត់ជាមណ្ឌលចត្តាឡីស័កត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារនៃកិច្ចសន្យាជាមួយក្រុមការងារប្រចាំការនៅតាមគោលដៅនីមួយៗដូចជា យល់ព្រមផ្អាកបណ្តោះអាសន្នអាជីវកម្មគ្រប់ប្រភេទតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ»។
សេចក្តីសម្រេចបានបន្តថា ម្ចាស់ទីតាំងត្រូវសហការជាមួយក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំបញ្ជីឈ្មោះ និងស្វែងរកភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងទីតាំងឱ្យបានមកយកសំណាក និងធ្វើចត្តាឡីស័កឱ្យបានគ្រប់ៗគ្នា។ ត្រូវណែនាំភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងពេលធ្វើចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយស្នាក់នៅដាច់ដោយឡែកពីគ្នា មិនឆ្លងបន្ទប់គ្នា មិនប៉ះពាល់គ្នា និងរក្សាភាពស្ងៀមស្ងាត់។
លោក គួច ចំរើន បានបន្តថា ក្នុងការធ្វើចត្តាឡីស័ក បុគ្គលដែលត្រូវធ្វើចត្តាឡីស័កត្រូវអនុវត្តកាតព្វកិច្ចមួយចំនួនទៀតផងដែរ រួមមាន អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដែលកំណត់ដោយក្រសួងសុខាភិបាល មិនត្រូវចាកចេញពីកន្លែងធ្វើចត្តាឡីស័កដោយគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័កសហការជាមួយមន្ត្រីសុខាភិបាលដើម្បីធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ ១៩ សហការក្នុងការផ្តល់ព័ត៌មានដល់មន្ត្រីសុខាភិបាល និងត្រូវបំពេញកាតព្វកិច្ចផ្សេងៗទៀតតាមការតម្រូវរបស់មន្ត្រីចត្តាឡីស័ក និងការកំណត់នៃច្បាប់។
ចំណែកក្នុងរាជធានីភ្នំពេញមានទីតាំងចំនួន ៧៧ ទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងត្រូវបានអាជ្ញាធរបិទទីតាំងទាំងនោះបណ្តោះអាសន្នផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន NagaCorp បានប្រកាសជូនដំណឹងដោយផ្អាកអាជីវកម្មរបស់ខ្លួនជាបន្ទាន់ និងដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការពិគ្រោះយោបល់ពេញលេញជាមួយនឹងក្រសួងសុខាភិបាល ក្រោយពីក្រុមហ៊ុនបានឱ្យបុគ្គលិកប្រហែល ៣ ០០០ នាក់ ធ្វើតេស្តរកកូវីដ ១៩ កាលពី ៣ ថ្ងៃមុន ដោយក្នុងនោះមានមនុស្សចំនួន ១១ នាក់ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ ១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ថវិកាបន្ថែមទៅដល់ខេត្តចំនួន ៥ នៅជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន ២ ៨៥០ លានរៀល និងខេត្តចំនួន ៧ នៅជាប់ព្រំដែនកម្ពុជា-វៀតណាមចំនួន ២២០ លានរៀល សម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ១ ដល់ ១០ ខែ មីនា ឆ្នាំ ២០២១៕