ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ បន្ត​ទៅ​ដាក់ពាក្យ​នៅ​អាជ្ញាធរ​ឃុំ ដើម្បី​វាយតម្លៃ​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ ក្នុង​ដំណាក់កាល​វិបត្ដិ​ជំងឺ​កូវីដ ១៩​ នេះ ដោយ​រដ្ឋាភិបាល​បាន​គ្រោង​ថវិកា​ចំនួន ៣០០ លាន​ដុល្លារ​ សម្រាប់​អនុវត្ដ​លើ​ការឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។

នេះ​បើតាម​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វិធានការ​ទ្រទ្រង់ ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក វិស្សុត ថ្លែង​ថា​ចំណាយ​ទៅលើ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ ១៩ សរុប​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ក្នុង​ការចំណាយ​ទាំង​ផ្នែក​ជំងឺ និង​ដោះស្រាយ​ផលប៉ះពាល់​សង្គម បញ្ហា​សង្គម​រួម​ទាំង​ជួយ​ដោះស្រាយ​ផលប៉ះពាល់​ដល់​វិស័យ​ឯកជន​សរុប​ចំនួន ១ ១៦៤ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​ក្នុង​នោះ​ថវិកា​ចំនួន ៥៦៤ ​លាន​ដុល្លារ​ ជា​ការចំណាយ​តាមរយៈ​យន្តការ​ជា​ការជួយ​អន្តរាគមន៍​។ ថវិកា ៦០០ លាន​ដុល្លារ​ គឺជា​ចំណាយ​ទៅលើ​ផ្នែក​សង្គ្រោះ​វិស័យ​ពាណិជ្ជកម្ម​ (Business) ​តាមរយៈ​ការផ្ដល់​ឥណទាន​ ឬ​ការធានា​ឥណទាន​ទៅ​ដល់​វិស័យ​ឯកជន​។ ចំនួន​ថវិកា​នេះ មិនទាន់​បូក​បញ្ចូល​អស់​ទៅលើ​ការកាត់បន្ថយ ការបន្ធូបន្ថយ​ពន្ធ​ផ្សេងៗ​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ចំនួន​គ្រួសារ​ក្រីក្រ​នេះ​មាន​ចំនួន​កើនឡើង​ពី​ ១ ​ខែ​ទៅ​ ១ ​ខែ​។ ក្នុង​ចំនួន​ទឹកប្រាក់​ជំនួយ​សង្គម ៣០០ ​លាន​ដុល្លារ​ រហូត​មក​ដល់​ថ្ងៃនេះ យើង​ចំណាយ​អស់ ១២៧ ​លាន​ដុល្លារ​ហើយ​»​។

លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថ្លែង​នៅក្នុង​សន្និសីទ​នេះដែរ​ថា ក្នុង​រយៈពេល ១៤ ​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ដែល​ប្រកាស​ផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ​កាលពី​ថ្ងៃទី​ ២៤ ខែ​មិថុនា រដ្ឋាភិបាល​បាន​បើក​សាច់ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​បាន ៩០ ​ភាគរយ ​ហើយ​ស្មើនឹង ៥០ ​ម៉ឺន​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​ ៥៦ ​ម៉ឺន​គ្រួសារ​។

លោក​បាន​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​ជុំ​ទី​ ១ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ឱ្យ​បាន​មុន​ថ្ងៃទី​ ២៤ ខែ​កក្កដា ​នេះ​។ ដោយឡែក​ពលរដ្ឋ​ជា​គ្រួសារ​ក្រីក្រ​ដែល​បាន​បើក​សាច់ប្រាក់​ឧបត្ថម្ភ​រួចហើយ សូម​អញ្ជើញ​ទៅ​បើក​សាច់ប្រាក់​ជុំ​ទី​ ២ ចាប់ពី​ថ្ងៃទី​ ២៥ ខែ​កក្កដា រហូត​ទៅដល់​ថ្ងៃទី​ ២៤ ខែ​សីហា ឆ្នាំនេះ​។ នេះ​ជា​ការជួយ​ក្នុង​ខែ​ទី​ ២ ​របស់​រាជរដ្ឋាភិបាល​ទៅដល់​គ្រួសារ​ក្រីក្រ​»​។

លោក សំហេង បុរស បញ្ជាក់ថា​៖ «​ការផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ នេះ​មិនទាន់​បញ្ចប់​នៅ​ក្នុង​ជុំ​ទី​ ១ នេះ​ទេ​។ ប្រជាពលរដ្ឋ​ដែល​ជា​គ្រួសារ​ក្រីក្រ សូម​ទៅ​ដាក់ពាក្យ​នៅ​អាជ្ញាធរ​ឃុំ ដើម្បី​ធ្វើការ​វាយតម្លៃ​ទទួល​ពាក្យ​បន្តទៀត​។ នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​កំពុង​តែ​ពិនិត្យ​បន្តទៀត​អាច​មាន​ប្រមាណ​ប្រហាក់ប្រហែល ៣-៤ ​ម៉ឺន​គ្រួសារ​ទៀត​ដែល​អាច​ចូល​មក​កម្មវិធី​ផ្ដល់​សាច់ប្រាក់​នេះ​នៅ​ជុំ​ទី​ ២ ​នេះ​ជា​យន្តការ​បន្ត​យើង​ទទួល​ពាក្យ​បន្ថែម​ជា​បន្តបន្ទាប់​»​។

លោក វង្សី វិស្សុត បន្ថែម​ថា​មកដល់​ពេល​នេះ​សភាពការណ៍​នៅ​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន​គឺ​នៅ​គ្រប់គ្រង​បានល្អ​នៅឡើយ​។ រដ្ឋាភិបាល​គ្រប់គ្រង​បានល្អ​ទាំង​ផ្នែក​ជំងឺ ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។

លោក វង្សី វិស្សុត ​បញ្ជាក់​ថា​៖ «​កត្ដា​ ៣ ដែល​ធ្វើឱ្យ​យើង​មាន​ថ្ងៃនេះ​គឺ​ស្ថិតនៅ​ក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​កត្ដា​ទី​ ១ គឺជា​កត្ដា​ដឹកនាំ គឺជា​សមត្ថភាព​ដឹកនាំ​របស់​នាយករដ្ឋមន្ដ្រី​របស់​យើង គឺ​សម្ដេចតេជោ​ជា​អគ្គបញ្ជាការ​ទី​ ១ ​ក្នុង​ការដឹកនាំ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩​នេះ​។ កត្ដា​ទី​ ២ គឺ​កត្តា​គោលនយោបាយ និង​វិធានការ​ផ្សេងៗ​ដែល​យើង​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់ បត់បែន​ទៅ​តាម​បរិការណ៍​វិវឌ្ឍ​ឥតឈប់ឈរ និង​កត្ដា​ទី​ ៣ គឺ​កត្ដា​ចូលរួម​របស់​ប្រជាជន ដោយ​បាន​ចូលរួម​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​៕