សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា (ATIC) ​គាំទ្រ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ទាំង​ស្រុង​នូវ​បារី​ដែល​គ្មាន​តែមប្រិ៍​អាករ​ស្របច្បាប់

សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​ហៅ​កាត់​ជា​ភាសា​អងស់​គ្លេ​ស​ថា ‘ATIC’​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការខំប្រឹងប្រែង​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​ការបង្កើត​ក្រុម​ការងារ​ចម្រុះ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ដើម្បី​ចាត់វិធានការ​លើ​ផលិតផល​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ​ស្របច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ដូច​មាន​ចែង​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​ថ្ងៃទី ១២ ខែ​​​ មិថុនា ឆ្នាំ​ ២០១៩ ​ស្តីពី​ការអនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី​ចំពោះ​ម្ចាស់​សហគ្រាស​ផលិតផល​បារី​ក្នុង​ស្រុក បារី​នាំចូល អ្នកលក់ និង​អ្នក​ចែកចាយ​បារី​ក្នុង​ស្រុក​ទាំងអស់​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូនព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ជូនដំណឹង​ថា "​ចាប់ពី​ថ្ងៃ​ទី​ ០១ ​ខែ​ កក្កដា​ ឆ្នាំ​​ ២០១៩ ​ក្រុម​ការងារ​ចម្រុះ​នឹង​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទុក​បារី​នៅ​តាម​បណ្តា​សហគ្រាស​ផលិត​បារី​ក្នុង​ស្រុក សហគ្រាស​នាំ​ចូល​បារី ដេប៉ូ​ចែកចាយ ស្តង់​លក់​បារី​នៅ​តាម​ទីផ្សារ ហាង​លក់​ទំនិញ​ធំៗ ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា »​។ ​

ក្នុង​កំឡុងពេល​កំពុង​ចុះ​ត្រួតពិនិត្យ​ប្រសិន​បើ​ឃើញ​មាន​បារី​ដែល​ដាក់​លក់​ក្នុង​ឃ្លាំង​ស្តុក ឬ​កំពុង​តាំង​លក់ បិទ​តែមប្រិ៍​ប្រភេទ​ចាស់ មិន​មាន​បិទ​តែមប្រិ៍​អាករ ឬ​បិទ​តែមប្រិ៍​ក្លែងក្លាយ​នោះ​ ក្រុម​ការងារ​ចម្រុះ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ធ្វើការ​ឃាត់ទុក និង​គ្រប់គ្រង​បារី​ទាំងនោះ ហើយ​តម្រូវ​ឲ្យ​អ្នក​ផលិត​បារី អ្នក​នាំចូល​បារី ឬ​ម្ចាស់​បារី​ទាំង​នោះ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​” ។

សេចក្តី​ថ្លែងការណ៍​រួម​របស់​សមាគម​ ATIC បាន​ថ្លែងថា​សមាគម​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការលើក​កម្ពស់​ស្តង់ដារ​ឧស្សាហកម្ម​តែ​មួយ ដោយ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​យុទ្ធសាស្ត្រ​ដើម្បី​ធានា​ឲ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​រវាង​ក្រុមហ៊ុន​បារី​ទាំងអស់​។ យើង​នឹង​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នាំ​មក​នូវ​ហានិភ័យ​ដល់​ឧស្សាហកម្ម​ថ្នាំជក់​ស្រប​ច្បាប់ និង​អ្នកប្រើប្រាស់​រួមមាន​ការលក់​បារី​ខុស​ច្បាប់ បារី​ក្លែងក្លាយ បារី​ដែល​មិន​មាន​សារ​ព្រមាន​សុខភាព​ និង​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ​ស្រប​ច្បាប់​។

សមាគម​បាន​និយាយ​ថា "​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​គឺ​ស្រប​ទៅ​នឹង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការបង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​នេះ​ហើយ​យើង​នឹង​ប្រឹងប្រែង​យ៉ាង​មុតមាំ​ក្នុង​ការលើក​កម្ពស់​ការអនុវត្ត​វិធានការ​នេះ​ ដើម្បី​លុបបំបាត់​បារី​ខុស​ច្បាប់​ទាំងនោះ​" ។

នៅ​ឆ្នាំ 2018 ការជួញដូរ​បារី​ខុសច្បាប់​បាន​បន្ត​ហូរ​ចូល​ទីផ្សារ​កម្ពុជា​រហូត​ដល់​ 10% ​នៃ​ចំនួន​បារី​ទាំងអស់​។ បារី​ទាំងនោះ​មិន​មាន​បោះពុម្ភ​សារ​ព្រមាន​សុខភាព​បិទ​តែមប្រិ៍​អាករ​ស្របច្បាប់ និង​គ្មាន​គុណភាព​ឡើយ​។ ជាមួយ​នឹង​តួលេខ​ទាំង​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​បាត់បង់​ចំណូល​រដ្ឋ​ប្រមាណ​ជាង​ 10 ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។