ភ្នំពេញៈ រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​ចេញ​សារាចរ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយហេតុ​របប​ទឹកទន្លេ​មេគង្គ​មាន​ការប្រែប្រួល​ខ្លាំង​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈកាល​កន្លងមក​។

សារាចរ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​ ២០១៩-២០២០ គឺ​អាច​ធ្វើបាន​តែ​ ១ ​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​ ២ ​បាន​ទេ​បើទោះបី​ជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយ​ចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ​គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ក្រៅ​ពី​ស្រូវ​»​។

សារាចរ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ​ ២០១៩ ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត​អែលនីណូ​ (El Nino) ដោយ​បាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​, រដូវវស្សា​មក​ដល់​មាន​សភាព​យឺតយ៉ាវ​, របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា​, របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​។

សារាចរ​នេះ​ថា​៖ «​អាងទឹក​នាពេល​កន្លង​មក​បាន​រក្សា​ទឹក​ទុក​ស្ទើរតែ​ ១០០% ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​យ៉ាង​ណាក្តី​បញ្ហា​គ្រប់គ្រង​ទឹក និង​ប្រើប្រាស់​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុក​ជា​អាទិភាព ដើម្បី​បម្រើ​ឲ្យ​ស្រូវធ្ងន់​ចុង​រដូវវស្សា​ស្រូវ​រដូវប្រាំង​នៅ​ឆ្នាំ​ ២០១៩-២០២០ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូត​ដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មី​»​។

លោក កែវ វី ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដឹង​ពី​ស្ថានភាព​អាកាសធាតុ​ជាមុន​ហើយ​ក្នុង​ឆ្នាំ​ដែល​មាន​កម្រិត​ទឹកភ្លៀង​ដែល​ទទួល​បាន​មាន​ចំនួន​តិច​ដូច្នេះ​ហើយ​គាត់​បាន​ចុះទៅ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ធ្វើស្រែ​ប្រាំង​លើក​ទី​ ២ ​ដើម្បី​ចៀសវាង​ការខ្វះខាត​ទឹក​ក្នុង​ការប្រើប្រាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ខេត្តពោធិ៍សាត់ និង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ស្រែប្រាំង​លើក​ទី​ ១ ​ដែល​ពលរដ្ឋ​បាន​ធ្វើ​លើស​ផែនការ​ហើយ ដូច្នេះ​យើង​គ្រាន់តែ​ផ្អាក​គាត់​កុំ​ឲ្យ​ធ្វើ​ស្រែប្រាំង​លើក​ទី​ ២ ដោយសារតែ​យើង​ឃើញ​ថា អាកាសធាតុ វា​គ្មាន​ភ្លៀង​កក់ខែ ហើយ​វា​អាច​មាន​បញ្ហា​ខ្វះខាត​ទឹក ហើយ​យើង​ខំ​សន្សំ​ទឹក​ទុក​សម្រាប់​ការប្រើប្រាស់​»​។

ការចេញ​សារាចរ​របស់​រាជរដ្ឋាភិបាល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កម្ពុជា​ស្ថិត​នៅក្នុង​​ចំណោម​ប្រទេស​ជួប​គ្រោះ​រាំងស្ងួត​ខ្លាំង​ចាប់ពី​ថ្ងៃទី​ ១៩ ខែ​វិច្ឆិកា ​រហូត​ដល់​ខែ​មករា​ឆ្នាំ ២០២០ និង​បន្ទាប់ពី​មាន​ស្រូវ​រាប់ពាន់​ហិកតា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ចាប់ផ្តើម​ប្រឈម​ការខូចខាត​ដោយ​ខ្វះ​ទឹក​ជា​បន្តបន្ទាប់​រួចមក​៕