ភ្នំ​ពេញៈ​ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​ ២០១៨​ បាន​ចេញ​សេច​ក្តី​សម្រេច តែង​តាំង​សមាស​ភាព​ថ្មី នៃ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស នៃ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី​ដែល​មាន​ប្រធាន​និង​សមាជិក​ ដែល​​ជា​មន្ត្រី​ជាន់​ខ្ពស់​សរុប​ចំនួន ២៣ ​រូប​​។

សមាស​ភាព​ថ្មី ​នៃ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​អាណត្តិ​​ចំនួន​ ២៣​រូប​នោះ​មាន​​ លោក ស្វាយ​ ស៊ីថា ​រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នា​យក​រដ្ឋ​មន្ត្រី ​បន្ត​ធ្វើ​ជា​ប្រធាន​។ ​លោក ​ទិត​ សុធា​ ទីប្រឹក្សា​រាជ​រដ្ឋា​ភិបាល​ ជា​អនុ​ប្រធាន​ប្រចាំ​ការ លោក​ កើត​ រិទ្ធ និង ​លោក​ នេត ភក្ត្រា និង មន្ដ្រី ៤ រូប ផ្សេង​ទៀត​ជា​អនុ​ប្រធាន​ និង​មន្ត្រី​ផ្សេង​ទៀត​ជា​សមាជិក​។

លោក​ ស្វាយ ​ស៊ីថា ​ប្រ​ធានអង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​ នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា បាន​បដិ​សេធ​ធ្វើ​អ​ត្ថា​ធិប្បាយ​ ចំពោះ​ការ​បន្ដ​តែង​តាំង​រូប​លោក​ ​ជា​ប្រធាន​អង្គភាព​នេះ​។

ចំណែក លោក ទិ​ត សុធា ដែល​​ជា​អនុ​ប្រធាន​ប្រចាំ​ការ​នៃ​អង្គ​ភាព​​នេះ​​បាន​ថ្លែង​ថា​៖​«​សេច​ក្ដី​សម្រេច​នៃ​ការ​តែង​តាំង​មាន​ប៉ុនណា​ប៉ុណ្ណឹង​ទៅ ​នេះ​ជា​ការ​ងារ​ដែល​យើង​ធ្វើ​ជា​យូរ​មក​ហើយ​។ មិន​មែន​ជា​រឿង​អី​ថ្មី​ទេ គ្រាន់​តែ​ការ​បន្ដ​អាណ​ត្ដិ​ថ្មី​»។

លោក​ នេត ​ភក្ត្រា ​រដ្ឋ​លេខា​ធិការ​ក្រ​សួង​បរិ​ស្ថាន ​ដែល​​ជា​អនុ​ប្រធាន​ អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​​នេះ​ដែរ​ ក៏​បដិ​សេធ​ធ្វើ​ការ​​អធិប្បាយ​ដែរ​​ដោយ​ឲ្យ​ទាក់​ទង​ទៅ លោក ទិ​ត សុធា​។

លោក ​ភួង ​សុវណ្ណ ​អនុ​ប្រធាន​សមាគម​មន្ដ្រី​រាជ​ការ​ឯក​រាជ្យ​កម្ពុជា​ (CICA) ​បាន​ថ្លែង​ថា ការ​តែង​តាំង​មន្ដ្រី​ជា​បន្ដ​បន្ទាប់​ ពិ​សេស​មន្ដ្រី​ដែល​មាន​តួនាទីស្មើ​ ​រដ្ឋ​លេខា​ធិការ​ ឬ​អគ្គ​នា​យក​ជា​បន្ដ​បន្ទាប់​នេះ ​គឺ​គ្រាន់​តែ​ជា​ការ​បំពេញ​ចិត្ដ​ដល់​សមា​ជិក សមាជិកា ​ប្រតិ​បត្ដិ​ នៅ​ក្នុង​ជួរ​គណ​បក្ស​​កាន់​អំណាច​តែ​ប៉ុណ្ណោះ​។

លោក​បន្ដ​ថា​៖ «​មិន​មែន​ក្នុង​ន័យ​ថា ​បម្រើឲ្យ​ស្ថា​ប័ន ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ គុណ​ភាព​ សេវា​សាធា​រណៈ​ល្អ​នោះ​ទេ​ ​ហើយ​ឱកាស​នៃ​ការ​តែង​តាំង​នេះ គឺ​នៅ​លើ​នយោ​បាយ​សុទ្ធ​សាធ​ មិន​មែន​ទៅ​លើ​បច្ចេក​ទេស​ទេ​»។

លោក ​ភួង ​សុវណ្ណ ​បាន​សម្ដែង​ការមិន​គាំ​ទ្រ​ ចំពោះ​ការ​បន្ដ​តែង​តាំង​មន្ដ្រី​ជា​បន្ដ​បន្ទាប់​ នៅ​ក្នុង​ស្ថា​ប័ន​ក្រសួង​មួយ​ចំនួន​ ដោយ​មិន​ទទួល​បាន​ប្រសិទ្ធ​ភាព​ការ​ងារ​ត្រ​ឡប់​មក​វិញ​នោះ​។

លោក​ថា​៖ «​​យើង​មើល​សេ​វា​សាធា​រណៈ​នៅ​កម្ពុជា តាម​ស្ថា​ប័ន​មួយ​ៗ បើ​ខ្វះ​ប្រធាន​-អនុ​ប្រធាន​ទាំង​នោះ ​យើង​ធ្វើ​ការ​មិន​កើត​ ឬ​យ៉ាង​ម៉េច​! ​យើង​មើល​នៅ​ក្នុង​ស្ថាប័ន​មួយ​ៗ ​គឺ​មាន​ប្រធាន​-អនុ​ប្រធាន​ច្រើន​រួច​ទៅ​ហើយ​ ប៉ុន្ដែ​មិន​ដែល​ឃើញ​​​ប្រសិទ្ធ​ភាព​ការងារ​នោះ​បាន​ប្រ​សើរ​ឡើង​ទេ​»។

លោក​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ស្ថា​ប័ន ក្រ​សួង​ដែល​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ ហើយ​ទទួល​បាន​ប្រសិទ្ធ​ភាព ដូច​ជា​ក្រ​សួង​អប់រំ យុវ​ជន និង​កីឡា​ជា​ដើម​។

លោក​បន្ដ​ថា​៖«​យើង​គាំ​ទ្រ​ចំពោះ​កំណែ​ទម្រង់​ដូច​ក្រ​សួង​អប់រំ ​យុវ​ជន​ និង​កីឡា ​យើង​សរសើរ​ចំពោះ​កំណែ​ទម្រង់​របស់​គាត់​ ព្រោះ​កម្ម​វិធី​យុទ្ធ​សាស្ដ្រ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ផ្នែក​វិស័យ​អប់រំ​របស់​គាត់ យើង​ឃើញ​ថា ​ធ្វើ​បាន​។ អ៊ីចឹ​ង​ហើយ​ ចំពោះ​ការ​តែង​តាំង​មន្ដ្រី​ធំៗ​មួយ​ចំនួន​ ដែល​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ ហើយ​មិន​ឃើញ​មាន​អ្វី​ប្រសើរ​យើង​មិន​គាំទ្រ​ទេ»។

គួរ​បញ្ជាក់​ថា អង្គ​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​រហ័ស ​បាន​បង្កើត​ឡើង​តាម​អនុ​ក្រឹត្យ​របស់​រាជ​រដ្ឋា​ភិបាល​ កាល​ពី​ថ្ងៃទី២២ ខែ​មិថុនា ​ឆ្នាំ២០០៩។ អង្គ​ភាព​នេះ​ គេ​តែង​តែ​ឃើញ​​​បញ្ចេញ​ប្រតិ​កម្ម​ ចំពោះ​រាល់​ខ្លឹម​សារ​ នៃ​បណ្ដាញ​ព័ត៌​មាន​ជាតិ ​និង​អន្ដរ​ជាតិ ​​ជា​ពិសេស​អតី​ត​គណ​បក្ស​ប្រឆាំង​ដែល​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​ដែល​រិះគន់​មក​លើ​រដ្ឋាភិបាល​៕