ភ្នំពេញៈ រាជរដ្ឋាភិបាល​ទំនង​ជា​បើក​ផ្លូវ​ផ្តល់​ភាព​ជា​ពលរដ្ឋ​ដល់​ជនជាតិ​វៀតណាម​ប្រមាណ​ ៧ ​ម៉ឺន​នាក់ ដែល​ពួកគេ​មួយ​ចំនួន​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។ មន្ត្រី​អន្តោប្រវេសន៍​បាន​ប្រកាស​ផែនការ​កាលពី​ម្សិលមិញ​នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​។

លោក នូវ លក្ខិណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ថា ជនជាតិ​វៀតណាម​ជាច្រើន​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ជំនាន់​មក​ហើយ ហើយ​អ្នក​ខ្លះ​បាន​រស់នៅ​មុន​របប​ខ្មែរក្រហម​។

លោក លក្ខិណា បាន​ថ្លែង​ថា​៖​ «​អគ្គនាយកដ្ឋាន​មិន​អាច​ជាតិនិយម​នោះ​ទេ​។ យើង​ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ​ដែរ​»​។

លោក​ថ្លែង​ថា​៖ «​មិនមែន​ជនជាតិ​វៀតណាម​ទាំងអស់​នឹង​ត្រូវ​ទទួល​ស្គាល់​នោះ​ទេ​។ នៅពេល​ពួកគេ​ដាក់​ពាក្យ យើង​ត្រូវ​តែ​ពិនិត្យ​ពួកគេ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​ភាគច្រើន​បំផុត​អាច​»​។

វិធានការ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក មឿន តុលា នាយក​អង្គការ Central ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​ពលករ​​ចំណាកស្រុក​ដែល​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា វិធី​ដែល​រដ្ឋាភិបាល​ចុះបញ្ជី​ពួកគេ​ជា​ជនអន្តោប្រវេសន៍​គឺជា​វិធី​ត្រឹមត្រូវ​។ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន​ទៀត​ដែល​យើង​ត្រូវ​គិត​»​។

លោក តុលា បាន​ថ្លែង​បន្ត​ថា ជា​ឧទាហរណ៍​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចុះបញ្ជី ប៉ុន្តែ​នៅ​ទីបំផុត​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​គេ​ទេ​។ នោះ​មាន​ន័យ​ថា ពួកគេ​មិន​ដែល​សម្រេច​បាន​សិទ្ធិ​មួយ​ចំនួន​។ ឧទាហរណ៍ ក្នុង​ប្រទេស​ថៃ ជនអន្តោប្រវេសន៍​អាច​ធ្វើការ​បាន ប៉ុន្តែ​មិន​អាច​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​បាន ហើយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជនអន្តោប្រវេសន៍​ត្រូវ​តែ​បង់ថ្លៃ​ចុះ​ឈ្មោះ​ប្រចាំ​ឆ្នាំ​ជិត ៥០០ ​ដុល្លារ​។

លោកស្រី Lyma Nguyen មេធាវី​សិទ្ធិមនុស្ស​អូស្ត្រាលី​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​អំពី​ជនជាតិ​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​អំពី​ក្តីបារម្ភ​អំពី​គំនិត​ផ្តួចផ្តើម​នាពេល​ថ្មីៗ​នេះ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ដកហូត​ឯកសារ​ «​លក្ខណៈ​មិន​ប្រក្រតី​» ​ពី​ជនជាតិ​វៀតណាម​។

លោកស្រី Nguyen បាន​ថ្លែង​ថា ភាគច្រើន​នៃ​ឯកសារ​ទាំង​នោះ​អាច​ជួយ​បង្ហាញ​ថា ពួកគេ​គួរ​តែ​ត្រូវ​ផ្តល់​ឲ្យ​នូវ​ភាព​ជា​ពលរដ្ឋ​ជាច្រើន​ជំនាន់​មក​ហើយ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «[​រដ្ឋាភិបាល​] ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាមួយ​ពួកគេ​ផ្អែកលើ​មូលដ្ឋាន​បុគ្គល​នីមួយៗ ហើយ​មើល​ទៅលើ​ស្ថានភាព​បុគ្គល ស្ថានភាព​គ្រួសារ និង​ទំនង​ទាក់ទង​នៅ​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​។ ​ទាំងនេះ​គឺជា​បញ្ហា​ដែល​ត្រូវ​ធ្វើ​ផ្អែកលើ​មូលដ្ឋាន​បុគ្គល​នីមួយៗ​»​។

លោក​ លក្ខិណា បាន​ថ្លែង​ថា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រៀបចំ​ពិនិត្យ​ «​យ៉ាង​ច្បាស់​លាស់​» ​ទៅ​លើ​ប្រវត្តិ​នៃ​ជនជាតិ​វៀតណាម​ដែល​ដាក់​ពាក្យ​សុំ​ជា​ជនអន្តោប្រវេសន៍​ដែល​មាន​ឯកសារ​ត្រឹមត្រូវ និង​ថា​ពួកគេ​នឹង​អាច​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​ ប្រសិន​បើ​ពួកគេ​បំពេញ​បាន​តាម​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​សញ្ជាតិ​។

លោក​បាន​ថ្លែង​ថា​៖ «​ឥឡូវនេះ​យើង​កំពុង​គិត​អំពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ក្នុង​ប្រទេស​កម្ពុជា​»​។

មន្ត្រី​អន្តោប្រវេសន៍​បាន​ប្រកាស​ថា ពួកគេ​កំពុង​បង្ក្រាប​ទៅ​លើ​ពលករ​បរទេស​ដែល​មិន​មាន​ប័ណ្ណ‑សៀវភៅ​ការងារ​ ឬ​បង់ពន្ធ បន្ទាប់ពី​បាន​គណនា​ថា​រដ្ឋាភិបាល​បាន​បាត់បង់​ចំណូល ២៣ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។ ប្រសិនបើ​ពួកគេ​នៅ​តែ​មិន​គោរព​ច្បាប់​អាច​នឹង​ត្រូវ​បណ្តេញ​៕ PS