​ភ្នំ​ពេញៈ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ បាន​ប្រកាស​គម្រោង​លុប​ចោល​ការិយាល័យ​របស់​ក្រសួង​មួយ​ចំនួន​នៅ​ថ្នាក់​ស្រុក​នា​ពេល​ខាង​មុខ​ ​ហើយ​ត្រូវ​រៀប​ចំ​ការិយា​ល័យ​ទាំង​នោះ​ឱ្យ​នៅ​ជា​មួ​យ​គ្នា​ ១ ដុំ លើក​លែង​តែ​កា​រិ​យា​ល័យ​ថ្នាក់​ស្រុក​របស់​ក្រសួង​សុខា​ភិបាល ​ក្រសួង​អប់រំ​ ក្រសួង​រៀបចំ​ដែនដី​ និង​កា​រិ​យា​ល័យ​នគរ​បាល​និងកង​ទ័ព ​ដែល​ត្រូវ​រក្សា​ទុក​ដដែល។

លោកបាន​បញ្ជាក់​កាលពីថ្ងៃទី​ ២៥​ មករា​ ថា​ ការរៀប​ចំ​បែប​នេះ ​ដើម្បី​កុំឱ្យ​តាម​បណ្ដា​ក្រសួង​ទាំង​នោះ​បន្ត​ស្នើ​សុំ​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជ​ការ​ទៅ​ដាក់​តាម​ស្រុក​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​មន្ត្រី​រឹតតែ​គរ​ជើង​គ្នា ​និង​គ្មាន​ប្រសិ​ទ្ធភាព​ការ​ងារ។​

លោកហ៊ុន សែន​ ថ្លែង​​ថា​៖ «​(ការិយា​ល័យ)​ សុខា​ភិ​បា​ល​ត្រូវ​ទុក​ អប់រំ​ត្រូវ​ទុក​ រៀប​ចំ​ដែនដី​ត្រូវ​ទុក​ព្រោះ​អាហ្នឹង​វា​សំខាន់​គ្រប់​គ្រង​ដីធ្លី​ព្រោះ​ទំ​នាស់​កើត​ច្រើន​ណាស់។​

ក្រៅ​ពី​នោះ ​យក​មក​រៀប​ចំ​ជា​កញ្ចប់​របស់​វា ​ឥឡូវ​ផ្នែក​ផលិត​កម្ម ឧទា​ហរណ៍​ (​កា​រិ​យាល័យ​)​ កសិ​កម្ម​ ធនធាន​ទឹ​​ក ​អភិ​វឌ្ឍន៍​ជន​បទ​ ដាក់​ហ្អែ​ង​ម៉ា​ដុំ ​ឬ​ក៏​ថែម​ស្អី ​ឧស្សាហ​កម្ម​ រ៉ែ​ ដាក់​ហ្អែ​ង​ម៉ា​ដុំ​ឱ្យ​ទៅ​ជាមួយ​គ្នា​ត្រង់ហ្នឹង ផ្នែក​អី​ទៀត ​សង្គម​កិច្ច​ វប្ប​ធម៌​ ឱ្យ​វា​នៅ​ម៉ា​ចង្កោម​ទៅ ​ឱ្យ​វា​នៅ​ជា​តួ​អង្គ​ រដ្ឋ​បាល​ឯក​ភាព​តែ​ម្ដង​ទៅ។ ​កុំ​ឱ្យ​វា​សាំ​ញ៉ាំ ​ឥឡូវ​​ម៉ា​ប៉ា​រ៉ូ​មាន​២នាក់​យក​ធ្វើ​ម៉ាំ​ស្អី ​អ៊ីចឹង​ឱ្យ​នៅ​ត្រង់​ហ្នឹង​ទៅ ​ហើយ​បម្រើ​សេវា​​ឱ្យ​ប្រ​មាណ​ក្រសួង»​។​

លោក ផៃ​ ស៊ីផាន​ ​អ្នក​នាំពាក្យ​នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​ថ្លែង​ថា ​ការ​ប្រកាស​គម្រោង​បង្រួម​ការិ​យា​ល័យ​នៃ​ក្រសួង​មួយ​ចំនួន​នៅ​តាម​ស្រុក ​គឺ​ដើម្បី​​កាត់​បន្ថយ​ភាព​ស្មុគ​ស្មា​ញ​​ដល់​ពល​រដ្ឋ​ និង​ជួយ​ឱ្យ​ការ​ផ្ដល់​សេវា​បម្រើ​ប្រជា​ពល​រដ្ឋ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​ក៏ជា​ផ្នែក​មួយ​នៃ​​កំណែទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​អា​ណត្តិ​ទី ៦​។​

​ទោះ​យ៉ាង​ណាក៏ដោយ​ លោក​ ផៃ​ ស៊ី​ផាន​ ​មិន​ទាន់អះអាង​បាន​ពី​កាល​បរិច្ឆេទ​នៃ​ដំណើការ​ចាប់​ផ្ដើម​លុប​ចោល​កា​រិ​យា​ល័យ​ថ្នាក់​ស្រុក​នៃ​ក្រ​សួង​មួយ​ចំនួន​នៅ​ពេល​ណា​ឡើយទេ។​ ប៉ុន្តែ​គម្រោង​នេះ​ដើម្បី​កុំ​ឱ្យ​មាន​មន្ត្រី​គរ​ជើង​គ្នា​ច្រើន​។​

​​លោក ​ស៊ី​ផាន​ អះ​អាង​ថា​ កន្លង​មក​ដោយ​សារ​មាន​កា​រិយាល័យ​​ក្រសួង​នៅ​តាម​ស្រុក​ច្រើន ​បាន​ធ្វើឱ្យ​ពល​រដ្ឋ​ស្មុគ​ស្មាញ​ និង​មិន​ច្បាស់​លាស់​អំពី​ដែន​សមត្ថ​កិច្ច​របស់​ពួក​គេ​នីមួយ​ៗ។​

លោក​ ស៊ី​ផានថ្លែង​ថា​៖ «​ដូ​ច្នេះ​ទី១ ​ដែល​ជា​ទិស​ដៅ​របស់​យើង ​គឺ​សេវា​កម្ម​ចុះ​ឱ្យ​ទៅ​ជិត​ដល់​មហា​ជន ​ទី២​ មិន​ឱ្យ​បង្ក​ភាព​ស្មុគ​ស្មាញ​ដោយ​សារ​ការិយា​​ធិប​តេយ្យ​ហ្នឹង​ ហើយ​ទី៣​ យើង​មិន​ឱ្យ​មាន​ការ​គរ​លើ​គ្នា​នៃ​សមត្ថ​កិច្ច​»។

លោក ​វ៉ា​ស៊ឹម ​សុរិយា​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​សាធារ​ណ​ការ ​និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ថា​ ជា​ទូទៅ​ក្រ​សួង​តែង​ចង់​បាន​មន្ត្រី​ប្រចាំ​ការ​ឱ្យ​បាន​គ្រប់​ស្រុក ប៉ុន្តែ​យ៉ាង​នេះ​ក្ដី​ ក្រ​សួង​ក៏​ត្រូវ​តែ​អនុ​វត្ត​ទៅ​តាម​កម្ម​វិធី​គោលនយោ​បា​យ​កំ​ណែ​ទ​ម្រង់​ស៊ីជម្រៅ​ដែរ។​ សម្រាប់​ក្រ​សួង​សា​ធារ​ណ​ការ​មិន​មាន​កា​រិ​យា​ល័យ​តាម​ស្រុក​ច្រើន​ឡើយ​ ហើយ​ចំពោះ​មន្ត្រី​តាម​ការិយាល័​យ​ដែល​មាន​តាម​ស្រុក​ខ្លះ​វិញ ​គឺជា​​មន្ត្រី​ជាប់​កិច្ច​សន្យា​និង​មន្ត្រី​មក​ពី​ថ្នាក់​ខេត្ត​ដែល​ជួយ​ធ្វើ​ការ​ងារ​នៅ​ស្រុក​ឱ្យ​ក្រ​សួង​ប៉ុណ្ណោះ។​

​លោក​ថា៖ ​«ធម្ម​តា​វា​ (កា​រដក​ការិ​យា​ល័​យ​តាម​ស្រុក)​ អាច​ប៉ះ​ពាល់​ខ្លះ​ហើយ​សម្រាប់​មន្ត្រី​ថ្នាក់​ស្រុក​ ប៉ុន្តែ​ដូច​ខ្ញុំ​ជម្រាប​អ៊ី​ចឹង​ យើង​មិន​មាន​គ្រប់​ស្រុក​ទេ​ មាន​តែ​ស្រុក​ធំៗ​ ខេត្ត​ធំដែល​ មាន​ការិយា​ល័យ​ស្រុក​ តែ​ស្រុក​ខ្លះ​ស្ទើរ​តែ​អត់​ អ៊ី​ចឹង​ហើយ​ស្រុក​ខ្លះ​មាន​គឺ​មន្ត្រី​ជាប់​កិច្ច​សន្យា​ អ៊ី​ចឹង​មន្ត្រី​ជាប់​កិច្ច​សន្យា​យើង​ប្រ​មូល​ទៅ​វិញ​ទៅ ​អត់​អី​ទេ​»​។​

​លោក​ សន​ ជ័យ​ នាយកប្រតិ​បត្តិ​អង្គ​ការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុ​ជា​មើល​ឃើញ​ថា​ ការិយា​ល័យ​ស្រុក​ក្រសួ​ង​នៅ​តាម​បណ្ដា​តំបន់​ដាច់​ស្រ​យាល​មួយ​ចំនួន​ ពុំ​សូវ​មាន​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ឡើយ។​

លោក​ថា​៖ «​ក្នុង​នោះ​ដែរ​មា​ន​​តែ​មនុស្ស​មិន​សូវ​ជា​មាន​ផែនការ​សកម្ម​ភាព​អី​ឱ្យ​បាន​ផុលផូស​ដែរ​ទេ ​ដោយ​សារ​អា​ហ្នឹង​គាត់​ធ្វើ​ទៅ​តាម​រចនា​សម្ព័ន្ធ​កំណត់​ដោយ​ថ្នាក់​ជាតិ​។​ទោះយ៉ាង​ណាក៏ដោយ​លោក​ ហ៊ុន​ សែន​ អះ​អាង​​ថា​ គម្រោង​កែ​ស​ម្រួល​​រចនា​សម្ព័ន្ធ​នៅ​ថ្នាក់​ស្រុក​នេះ ​គឺ​អាច​សន្សំ​ថវិកា​ជាតិ​ច្រើន​ ​និង​មិន​ខ្ជះ​ខ្ជាយ​ទៀត​ទេ​។​

លោក ហ៊ុន សែន ​ថ្លែង​ថា៖ «​លើស​នឹង​ខ្វះ ​លើស​គឺ​លើស​ចំនួន​មនុស្ស​ដែល​គ្មាន​សមត្ថ​ភាព​ធ្វើ​ការ​ ​ឯ​ខ្វះ​គឺ​ខ្វះ​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ពិត​ប្រាកដ​ នេះ​គឺ​ជា​ចំណុច​ដែល​ខ្ញុំ​គួរ​តែ​និយាយ​។​ ​សូម្បី​ការ​ប្រើ​ទឹក​ប្រើ​ភ្លើង​ក៏​តិច​ជាង​មុន​ដែរ​ ប្រើ​បុគ្គលិក​ក៏​តិច​ជាង​មុន​ មធ្យោ​បាយ​ធ្វើ​ការ​ក៏​តិច​ជាង​មុន​ បើ​យើង​ធ្វើ​កំ​ណែ​ទ​ម្រង់ អា​ហ្នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​យើង​កាន់​តែ​រីក​ចម្រើន ​និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ការ​ងារ​»​។

លោក​ ពេជ្រ​ ប៊ុន​ធិន​ រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ ថ្លែង​កាល​ពី​ម្សិល​មិញដោយ​មិន​ទាន់​ដឹង​ព័ត៌​មាន​អំ​ពី​ការ​ប្រ​កាស​របស់​នាយក​រដ្ឋ​មន្ត្រី​អំ​ពី​គម្រោង​លុបការិយាល័យ​ក្រសួង​ខ្លះ​នោះ​ទេ។ លោក​ថា៖ «ខ្ញុំ​អត់​ដឹង​សោះ»៕