The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រាជរដ្ឋាភិបាល ​ពន្យល់​អំពី​អត្ថន័យ​លើ​ក្រដាសប្រាក់​ថ្មី​ ១៥ ០០០ ​រៀល




រាជរដ្ឋាភិបាល ​ពន្យល់​អំពី​អត្ថន័យ​លើ​ក្រដាសប្រាក់​ថ្មី​ ១៥ ០០០ ​រៀល

Content image - Phnom Penh Post
ក្រដាសប្រាក់​បោះពុម្ព​ថ្មី​ ១៥០០០ ​រៀល​។ រូបថត ហ្វេសប៊ុក ហ៊ុន សែន

រាជរដ្ឋាភិបាល ​ពន្យល់​អំពី​អត្ថន័យ​លើ​ក្រដាសប្រាក់​ថ្មី​ ១៥ ០០០ ​រៀល

ភ្នំពេញៈ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​នៅ​ថ្ងៃទី​ ៧ ខែ​តុលា​នេះ ដើម្បី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ និង​ចរាចរ​ក្រដាស​ប្រាក់​ ១ ​ម៉ឺន​ ៥ ​ពាន់​រៀល​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ក្រដាសប្រាក់​ ១ ​ម៉ឺន​ ៥ ​ពាន់​រៀល​ដែល​មាន​រូប​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នៅ​ផ្ទៃ​ខាងមុខ និង​បន្ថែម​រូប​វិមាន​ឈ្នះៗ​នៅ​ផ្ទៃ​ខាង​ខ្នង គឺ​ដើម្បី​អបអរ​ខួប​នៃ​ការឡើង​គ្រងរាជ្យ​រយៈពេល​ ១៥ ​ឆ្នាំ​របស់​ព្រះមហាក្សត្រ​។

លោក ហ៊ុន សែន បានលើកឡើង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ការប្រកាស​ឱ្យប្រើ​ប្រាស់​ក្រដាសប្រាក់​ថ្មី​ ១ ​ម៉ឺន​ ៥ ​ពាន់​រៀល​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នៃ​ការឡើង​គ្រងរាជ្យ​អស់​រយៈពេល​ ១៥ ​ឆ្នាំ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​នឹង​ត្រូវធ្វើ​ពិធីបុណ្យ​អបអរ​នៅ​ថ្ងៃទី​ ២៩ ​ខែ​តុលា​ខាងមុខនេះ​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះមុខ​និស្សិត​និទ្ទេស​ A​ ចំនួន​ ៤៤៣ ​នាក់​ ថា​៖ «​ការឡើង​គ្រងរាជ្យ​របស់​អង្គព្រះមហាក្សត្រ​នៃ​យើង​នឹង​ត្រូវ​ផ្សព្វផ្សាយ​ទូលំទូលាយ​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​តាមរយៈ​នៅ​ថ្ងៃបុណ្យ​ទី​ ២៩ ​តុលា​ផង និង​តាមរយៈ​ក្រដាសប្រាក់​ ១ ​ម៉ឺន​ ៥ ​ពាន់​នេះ​ផង និង​ក៏​ដូចជា​ប្រាក់​កាក់​នេះ​ផង​»​។

នៅ​ថ្ងៃទី​ ៧ ​តុលា​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ចេញ​ប្រកាស​ស្ដីពី​លក្ខណ​សម្គាល់​នៃ​ប្រភេទ​ក្រដាសប្រាក់​ ១ ​ម៉ឺន​ ៥ ​ពាន់​រៀល​នេះដែរ​។ នៅ​ផ្ទៃ​ខាងមុខ​នៃ​ក្រដាសប្រាក់ គឺ​ផ្ទៃ​កណ្ដាល​បាន​រំលេច​ឡើង​នូវ​រូប​ព្រះឆាយាល័ក្ខណ៍​មើល​ចំ​ពី​មុខ​នៃ​ព្រះមហាក្សត្រ និង​រូបចម្លាក់​នាគ​ក្បាល​ ៧ ​នៅ​ប្រាសាទអង្គរវត្ត ហើយ​ផ្ទៃ​ខាងឆ្វេង​គឺ​មាន​ព្រះសង្ហា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​និមិត្តសញ្ញា​ពិសេស​សម្គាល់​ប្រភេទ​ប្រាក់​សម្រាប់​ជនពិការ​។

រីឯ​ផ្ទៃ​ខាង​ខ្នង​នៃ​ក្រដាសប្រាក់​វិញ​គឺ​ផ្ទៃ​កណ្ដាល​បាន​រំលេច​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ រួមជាមួយ​ព្រះបិតា និង​ព្រះវររាជមាតា​នៅក្នុង​ព្រះរាជពិធី​ស្រោចស្រព​ព្រះសុគន្ធវារី និង​ផ្ទៃ​ខាងស្ដាំ​មាន​រូប​វិមាន​ឈ្នះៗ ដំរី​ក្បាល​ ៣ មាន​ស្លាប គ្រុឌ ហង្ស ហើយ​​ផ្ទៃ​ខាងឆ្វេង​មាន​ចារឹក​អក្សរ​ «​អបអរសាទរ​ខួប​ ១៥ ​ឆ្នាំ​នៃ​​ការគ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​»​។

លោក ណឹម សុវត្ថិ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​ ៤ ​តុលា ​ថា ​វិមាន​ឈ្នះៗ​នេះ​គឺ​តំណាងឱ្យ​សន្ដិភាព​របស់​ជាតិ បន្ទាប់ពី​រដ្ឋាភិបាល​បាន​អនុវត្ត​យុទ្ធសាស្ដ្រ​បង្រួបបង្រួម​ជាតិ​ទាំងមូល​ឱ្យ​រួច​ផុតពី​ភ្លើងសង្គ្រាម​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹងថា វិមាន​ឈ្នះៗ​គឺ​តំណាងឱ្យ​សច្ចភាព​ដែល​កម្ពុជា​ទទួល​បាន​សុខសន្ដិភាព​ពេញលេញ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឈ្នះៗ​របស់​រដ្ឋាភិបាល​។

លោក មាស នី អ្នកវិភាគ​នយោបាយ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍