ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា​​សម្រេច​កែប្រែ​អត្រាពន្ធ​ដោយ​ដំឡើង​ប្រាក់​ជាប់​ពន្ធលើប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់​និយោជិត​ចាប់ពី ១​ លាន​ ៣ ​សែន​រៀល​ឡើងទៅ ​ទើប​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជា​អ្វីដែល​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​ថា​ នឹង​ផ្តល់​ប្រយោជន៍​ដល់​មន្ត្រីរាជការ​ច្រើនជាងគេ ខណៈ​ប្រាក់បៀវត្សរ៍​មន្ត្រី​នៅក្នុង​ឆ្នាំនេះ​បាន​កើនឡើង​។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​បាន​ឲ្យ​ដឹងថា និយោជិត​ទាំងអស់​នឹង​មិន​មាន​កាតព្វកិច្ច​បង់ពន្ធ​នោះទេ​ក្នុង​ករណី​ដែល​កម្រិត​ប្រាក់បៀវត្សរ៍​ស្ថិតក្រោម​ ១ ​លាន ៣ ​សែន​រៀល ឬ​ស្មើ​ប្រហែល​ ៣២០ ​ដុល្លារ ខណៈ​កាលពី​ឆ្នាំមុន​អ្នក​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​ ១ ​លាន​ ២ ​សែន​រៀល​ឡើងទៅ​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​នេះ​។

តាម​អនុក្រឹត្យ​ថ្មី​ដដែល​បាន​បន្តថា សម្រាប់​អ្នកមាន​ប្រាក់បៀវត្សរ៍​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​គឺមាន​ចាប់ពី​ ១ ​លាន​ ៣ សែន​ ១ ​រយ​រៀល​ ដល់​ ២ ​លាន​រៀល​នឹង​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ចំនួន ៥ ​ភាគរយ​។ រីឯ​អ្នកមាន​ប្រាក់បៀវត្សរ៍​ចាប់ពី ២ ​លាន​ ១ ​រយ​រៀល​ដល់​ ៨ ​លាន ៥ ​សែន​រៀល​នឹង​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ចំនួន​ ១០ ​ភាគរយ​។

ចំណែក​អ្នកមាន​ប្រាក់បៀវត្សរ៍​​ចាប់ពី ៨ ​លាន ៥​ សែន ១ ​រយ​រៀល​ដល់​ ១២ ​លាន ៥ ​សែន​រៀល​នឹងត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​បង់​ចូល​រដ្ឋ​ចំនួន​ ១៥ ​ភាគរយ ខណៈ​អ្នកមាន​ប្រាក់បៀវត្សរ៍​​លើសពី​ ១២ ​លោន ៥ ​សែន​រៀល​ឡើងទៅ​នឹងត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ចំនួន ២០ ​ភាគរយ​។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​៖ «​អនុក្រឹត្យ​នេះ​មាន​គោលដៅ​កំណត់​ភាគរយ​នៃ​ប្រាក់ចំណូល​ជាប់ពន្ធ​ប្រចាំឆ្នាំ​ដែល​សម្រេច​បាន​ដោយ​រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល និង​ចំណែក​ដែល​ត្រូវ​បែងចែក​ឲ្យ​សមាជិក​ម្នាក់ៗ​របស់​ក្រុមហ៊ុន​សហកម្ម​សិទ្ធិ​ដែល​មិនត្រូវ​បាន​ចាត់ទុក​ជា​នីតិបុគ្គល និង​ភាគរយ​នៃ​ប្រាក់បៀវត្សរ៍​ជាប់ពន្ធ​ប្រចាំខែ​របស់​និយោជិត​និវាសនជន​»​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ករណី​កែប្រែ​អត្រាពន្ធ​សម្រាប់​ប្រាក់ចំណូល ឬ​ប្រាក់បៀវត្សរ៍​នេះ​គឺជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការធ្វើ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​ក៏​ដូច​បុគ្គលិក​ដែល​ទើប​តែ​ទទួល​បាន​ការដំឡើង​ប្រាក់បៀវត្សរ៍​បន្តិចបន្តួច​ ដើម្បី​កុំ​ឲ្យ​មាន​ការជាប់​កាតព្វកិច្ច​បង់ពន្ធ​នេះ​។

លោក​បាន​បន្តថា ការកំណត់​នេះ​ក៏​ព្រោះតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋ​បាន​ប្រមូល​ទំហំ​ប្រាក់ចំណូល​ចរន្ត​លើស​ផែនការ​ដែល​ធ្វើឲ្យ​រដ្ឋ​មាន​ប្រាក់សន្សំ​ថែមទៀត ដូច្នេះ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ រាជរដ្ឋាភិបាល​គិត​ឃើញថា មន្ត្រីរាជការ​ទាំងអស់​ដែល​មាន​ប្រាក់បៀវត្សរ៍​ទាប​បំផុត​នោះ​មិន​គួរណា​ជាប់​ពន្ធ​នោះ​ទេ ដោយ​គួរតែ​បន្ត​បើកប្រាក់​បៀវត្សរ៍​របស់​ខ្លួន​ទៅ​តាម​ចំណូល​ដែល​ទទួល​បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​លក្ខខណ្ឌ​កែប្រែ​អត្រាពន្ធ​ក៏​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​មន្ត្រីរាជការ​ដែល​មាន ដូច្នេះ​ប្រសិន​បើ រដ្ឋាភិបាល​ដំឡើង​ប្រាក់បៀវត្សរ៍​​របស់​មន្ត្រីរាជការ​ហើយ​បែរ​ទៅ​ជា​គាត់​ជាប់ពន្ធ​វិញ​ដដែល ប្រាកដ​ជា​មិន​មាន​ន័យ​ទេ​នៅក្នុង​ការដំឡើង​ប្រាក់បៀវត្សរ៍​​ជូន​ពួកគាត់​។ ហេតុផល​បែបនេះ​ហើយ​ទើប​យើង​កែប្រែ​សន្ទស្សន៍​នៃ​ដំណាក់កាល​ជាប់ពន្ធ​នេះ​ដោយ​ដំឡើង​ឲ្យ​ខ្ពស់​បន្តិច ដើម្បី​ឲ្យ​មន្ត្រីរាជការ​អាច​រួចផុត​ពី​ការ​ជាប់ពន្ធ​»​។

លោក យក ប៊ុនណា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា នៅក្នុង​ឆ្នាំនេះ​មន្ត្រី​រាជការ​ទាំងអស់​នឹង​ទទួល​បាន​ការដំឡើង​ប្រាក់បៀវត្សរ៍​​បន្ថែមទៀត​ដោយ​ការទទួល​បាន​ប្រាក់​បំណាច់​ប្រមាណ​ ៧ ​ភាគរយ​បន្ថែមទៀត ហើយ​នឹង​បើក​ជូន​ដល់​ពួកគាត់​ចំនួន ៧ ​ភាគរយ​។ លោក​បន្តថា ការទទួល​បាន​នេះ​នឹង​ធ្វើឲ្យ​មន្ត្រីរាជការ​មួយចំនួនធំ ពិសេស​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការរួច​ផុតពី​កាតព្វកិច្ច​បង់ពន្ធ​នេះ​។

លោក​បន្ថែមថា​៖ «​ជារួម​នៅពេល​ដំឡើង​អត្រា​ជាប់ពន្ធ​នេះ អត្ថប្រយោជន៍​នឹង​ទៅដល់​មន្ត្រី​យើង​គឺ​នៅក្នុង​វិស័យ​អប់រំ​មាន​ច្រើន មាន​គ្រូ​បឋម គ្រូ​ថ្នាក់ក្រោមៗ​ដែល​មាន​ប្រាក់បៀវត្សរ៍​ក្រោម​អប្បបរមា​នៅក្នុង​រង្វង់​ ១ ​លាន ២ ​សែន ឬ​ ១ ​លាន ៣ ​សែន​រៀល​នេះ​ពិតជា​មាន​ច្រើន​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា ការដែល​រដ្ឋាភិបាល​អនុវត្ត​ការលើកលែង​ពន្ធ​ដល់​អ្នក​ដែល​​មាន​ប្រាក់បៀវត្សរ៍​ក្រោម​ ១ ​លាន​ ៣ ​សែន​នេះ​ហាក់​ដូចជា​មិនមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​​ពលរដ្ឋ​ជាង​អ្វីដែល​រដ្ឋាភិបាល​ព្យាយាម​ធ្វើឲ្យ​ពលរដ្ឋ​អាច​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ពី​​វិស័យ​ផ្សេងៗ​នោះទេ​។

លោក​បានបង្ហាញ​ការយល់ឃើញ​ថា ថវិកា​ដែល​កាត់ចេញ​​ពី​ប្រាក់ចំណូល​ ឬ​ប្រាក់បៀវត្សរ៍​របស់​ពលរដ្ឋ​អាច​មិនមាន​ចំនួន​ច្រើន​ប៉ុន្មាន​នោះទេ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បំផុត​មាន​ប្រាក់ចំណូល​ក្រោម​ ៥០០ ​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​យើង​ពិនិត្យ​មើល​ទំហំ​ប្រាក់​បៀវត្សរ៍​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​គឺ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​ប្រាក់បៀវត្សរ៍​ក្រោម​ ៥០០ ​ដុល្លារ​នេះ​ គឺ​មាន​ចំនួន​មួយ​ដ៏ច្រើន ដូច្នេះ​ប្រសិន​បើ​ពួកគេ​​ជាប់ពន្ធ​នោះ​គឺ​មូលដ្ឋាន​គិត​ពន្ធ​ក៏​មិន​ច្រើន​ណាស់ណា​ដែរ​។ យន្តការ​ថ្មី​នេះ​មិន​ទំនង​ថា អាច​ទាក់ទាញ​ការចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ច្រើន​ទេ​»៕

វីដេអូ៖