The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រាជរដ្ឋាភិបាល​ សម្រេច​បញ្ចូល​ជម្រក​សត្វព្រៃ​សៀមប៉ាង​តែមួយ

រាជរដ្ឋាភិបាល​ សម្រេច​បញ្ចូល​ជម្រក​សត្វព្រៃ​សៀមប៉ាង​តែមួយ

Content image - Phnom Penh Post
ប្រភេទ​សត្វ​ស្លាប​កម្រ​នៅក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​សៀមប៉ាង​។ រូបថត សហការី

រាជរដ្ឋាភិបាល​ សម្រេច​បញ្ចូល​ជម្រក​សត្វព្រៃ​សៀមប៉ាង​តែមួយ

ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់បញ្ចូល​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ខាងលិច និង​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ទៅជា​តំបន់​ការពារ​ធម្មជាតិ​តែមួយ​មាន​ឈ្មោះថា «​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​» ដែល​មាន​ផ្ទៃដី​ទំហំ​សរុប​ចំនួន​ ១៣៣ ៧០៧,៧៣ ​ហិកតា​ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​សន្តិភាព ឃុំ​ថ្មកែវ ឃុំ​ព្រែកមាស ស្រុក សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​។

យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​បាន​ឲ្យ​ដឹងថា អនុក្រឹត្យ​នេះ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដោយ​បាន​បញ្ជាក់ថា ព្រំប្រទល់​ និង​ផ្ទៃក្រឡា​ដែនជម្រក​សត្វព្រៃ​សៀម​ប៉ាង​នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ដោយ​ផ្អែកលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ដើម្បី​ធានា​តម្លៃ និង​ផលប្រយោជន៍​ធនធាន​ជីវៈចម្រុះ សេដ្ឋកិច្ច និង​សង្គម វប្បធម៌​។

អនុក្រឹត្យ​នេះ​បាន​ផ្ដល់​អំណាច​ដល់​ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​ខេត្ដ​ស្ទឹងត្រែង និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន គឺ​ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​ធានាឱ្យមាន​ការបំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ រុក្ខជាតិ និង​ជីវៈចម្រុះ​។

ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុង​ការរួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា អនុក្រឹត្យ​នេះ​នឹង​ជួយ​ឱ្យ​មាន​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង និង​អភិរក្ស​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​កាត់បន្ថយ​នូវ​ការិយាធិបតេយ្យ ងាយស្រួល​ដល់​ការធ្វើ​ផែនការ​គ្រប់គ្រង និង​ចំណេញ​ថវិកា​។ ជម្រក​សត្វ​ទាំង​ ២ ​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី​មាន​លក្ខណៈ​ដូចគ្នា​។ ពីមុន​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​មាន​ផ្ទៃដី​ទំហំ ៦៦ ៩៣២ ហិកតា ចំណែកឯ​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ខាងលិច​មាន​ទំហំ​ផ្ទៃដី ៦៥ ៣៨៩ ​ហិកតា​។

ដែនជម្រក​សត្វព្រៃ «​សៀមប៉ាង​» និង «​សៀមប៉ាង​ខាង​លិច​» ភាគច្រើន​គ្របដណ្តប់​ទៅដោយ​ព្រៃ​ល្បោះ​ស្ងួត ព្រៃ​ពាក់កណ្តាល​ស្រោង និង​វាលស្មៅ​សាវា​ណា​ដែល​បន្ត​ភ្ជាប់​គ្នា​ឆ្លង​ព្រំប្រទល់​នៃ​តំបន់​ទាំងពីរ និង​ជា​ផ្នែក​មួយ​នៃ​តំបន់​អេកូឡូស៊ី​ព្រៃ​ត្រូពិក​ស្ងួត​ទន្លេមេគង្គ​ក្រោម​ជា​ផ្នែក​មួយ​នៃ​តំបន់​ជីវជម្រុះ​មាន​តម្លៃ​នៅក្នុង​តំបន់​ឥណ្ឌូភូមា និង​មាន​សារៈសំខាន់​ខ្ពស់​សម្រាប់​ការអភិរក្ស​ហើយ​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​សត្វ​ស្លាប​កម្រ​ដូចជា​សត្វ​ត្មាត សត្វ​ត្រដក់ សត្វ​ដំរី ទន្សោង សត្វ​ក្រៀល​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ដែន​ជម្រក​សត្វព្រៃ​ទាំង​ ២ ​នេះ​ជា​អតីត​តំបន់​សត្វ​ស្លាប​យ៉ាងសំខាន់​។ កន្លង​ទៅ​ក៏បាន​ទទួល​ការសិក្សា និង​ស្នើសុំ​បង្កើត «​ព្រៃ​ការពារ​» តែមួយ​សម្រាប់​អភិរក្ស​ធនធាន​សេនេទិច​​រុក្ខជាតិ និង​សត្វព្រៃ​ផងដែរ​»​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បាន​ឲ្យ​ដឹងថា តំបន់​ដែនជម្រក​សត្វព្រៃ​សៀម​ប៉ាង​នេះ​គឺជា​តំបន់​ដែល​មាន​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ​ដែល​ទាមទារ​ឲ្យ​មាន​ការបង្កើត​នូវ​ប្រសិទ្ធភាព​នៃ​ការអភិរក្ស​។

លោក​បាន​ថ្លែងថា​៖ «​ការបញ្ចូល​តំបន់​ទាំង​ ២ ​ទៅជា​តំបន់​តែមួយ​បែបនេះ គឺ​វា​ឡើង​ឋានៈ​មួយ​កម្រិត​ទៀត​មាន​ន័យថា​ការយក​ចិត្ដ​ទុកដាក់ និង​ការអភិរក្ស​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់​ទាំង​ ២ ​នេះ​ត្រូវបាន​យក​ចិត្ដ​ទុកដាក់​បន្ថែម​ទៀត​»​។

តាម​ក្រសួងបរិស្ថាន​រហូត​ទល់​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារធម្មជាតិ​ដែល​ស្ថិត​នៅ​ក្រោម​យុត្ថាធិការ​របស់​ក្រសួងបរិស្ថាន ដែល​មាន​ផ្ទៃដី​ទំហំ​រហូត​ដល់​ប្រមាណ ៤១ ភាគរយ ​នៃ​ផ្ទៃ​ប្រទេស​គឺ​ស្មើនឹង​ប្រមាណ ៧,២ លាន​ហិកតា​ ដែល​ធ្វើឱ្យ​កម្ពុជា​ឈរ​លំដាប់​ទី ២ ​នៅ​អាស៊ី បន្ទាប់ពី​ប្រទេស​ប៊ូតាន​។ បច្ចុប្បន្ន​ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១ ២៦០ ​នាក់​ កំពុង​ប្រតិបត្តិការ​ការងារ​ល្បាត និង​អនុវត្ត​វិធានការ​ច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​សរុប​ចំនួន ៥៦ ​តំបន់​៕

អត្ថបទគួរចាប់អារម្មណ៍