ភ្នំពេញ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​នូវ​យន្តការ និង​នីតិវិធី​នៃ​ការ​អនុវត្ត​វិធានការ​គោល​នយោបាយ​អន្តរាគមន៍​ជំនួយ​សង្គម សម្រាប់​ជន​រងគ្រោះ ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ​ពី​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​ក្នុង​នោះ​មាន​គ្រួសារ​មាន​ជីវភាព​លំបាក គ្រួសារ​មាន​សមាជិក​មាន​ជំងឺ​កូវីដ ១៩ និង​គ្រួសារ​មាន​សមាជិក​ស្លាប់​ដោយ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស។

យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម កាល​ពី​ថ្ងៃទី ១៧ ខែ​មេសា បាន​ឱ្យ​ដឹង​ថា សេចក្តី​សម្រេច​នេះ មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ និង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ​ពី​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១។

គ្រួសារ​ដែល​ទទួល​បាន​នូវ​ការ​គាំពារ​នេះ រួម​មាន​គ្រួសារ​មាន​ជីវភាព​លំបាក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​បាន​អនុវត្តន៍​វិធានការ​បិទ​ខ្ទប់ គ្រួសារ​ដែល​មាន​សមាជិក​ទទួល​រង​ជំងឺ​កូវីដ ១៩ តែ​មិន​មាន​អ្នក​ស្លាប់ និង​គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩ នៅ​ទូទាំង​ប្រទេស។

គ្រួសារ​មាន​ជីវភាព​លំបាក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​បាន​អនុវត្ត​វិធានការ​បិទខ្ទប់​សំដៅ​ដល់​គ្រួសារ​ដែល​មាន​បណ្ណ​សមធម៌ គ្រួសារ​ដែល​ជា​កម្មករ​និយោជិត និង​ដែល​ប្រកប​មុខ​របរ​មាន​ហានិភ័យ​ការងារ​ខ្ពស់ រួម​ទាំង​កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ អាជីវករ​លក់​ដូរ​តូច​តាច និង​គ្រួសារ​ដទៃ​ទៀត​ដែល​កំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​បាន​អនុវត្ត​វិធានការ​បិទ​ខ្ទប់។

អាជ្ញាធរខណ្ឌជ្រោយចង្វារ យកអំណោយជូនអ្នកដែលពាក់ព័ន្ធជាមួយអ្នកកើតជម្ងឺកូវីដ ១៩ ក្នុងសង្កាត់ព្រែកលៀប កាលពីថ្ងៃទី ៦ មេសា ២០២១ កន្លងមក។

សេចក្តី​សម្រេច​បាន​បន្ត​ថា គ្រួសារ​ទាំង ៣ ប្រភេទ​នេះ ត្រូវ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​ចំនួន​មួយ​លើក​គត់ តាម​កម្រិត​នៃ​គ្រួសារ ក្នុង​នោះ សម្រាប់​គ្រួសារ​មាន​សមាជិក​តែ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រស់នៅ​ទីប្រជុំជន​តាម​ខេត្ត និង​ជនបទ ទទួល​បាន​ថវិកា​ចំនួន ១៦ ម៉ឺនរៀល។ សម្រាប់​សមាជិក ២ ឬ ៣ នាក់ ទទួល​បាន​ ២០ ម៉ឺន​រៀល និង​សមាជិក​ចាប់​ពី ៤ នាក់​ឡើង​ទៅ​នឹង​ទទួល​បាន ២៤ ម៉ឺន​រៀល។

សម្រាប់​ការ​ទទួល​បាន​ការ​ឧបត្ថម្ភ​ស្បៀង​អាហារ ចំពោះ​គ្រួសារ​ទាំង​នេះ គឺ​បាន​ចំនួន ០១ លើក​គត់ ដែល​ក្នុង​នោះ​មាន​អង្ករ​ចំនួន ២៥ គីឡូក្រាម មី​ចំនួន ១ កេស​តូច ទឹកត្រី​ចំនួន ១ យួរ និង​ទឹក​ស៊ីអ៊ីវ​ចំនួន ១ យួរ។

តាម​សេចក្តី​សម្រេច​ ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​នេះ មិន​អនុវត្តន៍​ចំពោះ​គ្រួសារ​មាន​បណ្ណ​សមធម៌ ដែល​បាន​និង​កំពុង​ទទួល​បាន​ការ​ឧបត្ថម្ភ​ក្រោម​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ទេ៕