ភ្នំពេញៈ ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​មហាចក្រី ស៊ិរិនថន បាន​បន្ត​ផ្ដល់​ជំនួយ​ ៥ ​ឆ្នាំ​ទៀត សម្រាប់​អភិវឌ្ឍ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​នៅ​ខេត្ត​កំពង់ធំ​ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។

កិច្ចព្រមព្រៀង​ជួយ​វិស័យ​អប់រំ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២ កញ្ញា នៅ​ទីក្រុង​បាងកក​រវាង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​លោក អ៊ូក សោភ័ណ តំណាង​ឲ្យ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ និង​លោក ដន ប្រាម៉ាត់វីណៃ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​។ ជំនួយ​នេះ​មាន​រយៈពេល ៥ ​ឆ្នាំ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​ ២០២០ ដល់​ខែកញ្ញា ឆ្នាំ​ ២០២៥​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បញ្ជាក់ថា «​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​អប់រំ​បាន​កើត​ចេញ​ពី​ការព្រះរាជតម្រិះ​ផ្ដួចផ្ដើម​ដ៏ថ្លៃថ្លា​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ប្រកប​ដោយ​គុណភាព សម្រាប់​យុវជន​កម្ពុជា​ប្រៀប​ដូចជា​អំណោយ​ប្រកប​ដោយ​ចីរភាព​ដល់​ប្រជាជន​កម្ពុជា​ជា​មិត្ត​នឹង​គ្នា​ជា​យូរអង្វែង​មកហើយ​»​។

ស្ថានទូត​បញ្ជាក់ថា​៖ «​ការអនុវត្ត​គម្រោង​ព្រះរាជឧបត្ថម្ភ​កន្លងមក​បាន​ជំរុញ​ទំនាក់ទំនង​​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​ឲ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​បង្កើត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ ទាំង​ផ្នែក​រដ្ឋ ឯកជន និង​ប្រជាជន ព្រមទាំង​បង្កើត​ឲ្យ​មាន​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាន់​ថ្មី តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ចំនួន ២ ១២៤ ​កន្លែង​ចាប់ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ​ ២០២០ ​ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក​ ប៉ិច សៀង នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​​នៅ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជំនួយ​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍​មហាចក្រី ស៊ិរិនថន បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​ ២០០០ ​ដោយ​ការសាងសង់​​វិទ្យាល័យ​កំពង់​ឈើទាល​។ ពេលនោះ​ភាគី​កម្ពុជា​បាន​ផ្ដល់​ទីតាំង រីឯ​ភាគី​ថៃ​រ៉ាប់រង​សង់​អគារ និង​សម្ភារ​សិក្សា រោង​ជាង និង​បណ្ដុះបណ្ដាល​គ្រូ​បច្ចេកទេស​កសិកម្ម​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៥ ​វិទ្យាល័យ​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​វិទ្យាស្ថាន​។

លោក​ថា វិទ្យាស្ថាន​នេះ​ចាប់ផ្ដើម​ទទួល​និស្សិត​នៅ​ឆ្នាំ​ ២០១៦ ដែល​មកទល់​ពេល​នេះ​មាន​និស្សិត​ជាង​ ១០០ ​នាក់​បាន​បញ្ចប់​ការសិក្សា និង​បណ្ដុះ​គ្រូបច្ចេកទេស​កសិកម្ម​ប្រមាណ ៤០ ​នាក់​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា គោលបំណង​នៃ​កិច្ចព្រមព្រៀង​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​នេះ​គឺ​ដើម្បី​ឲ្យ​ភាគី​ទាំង​ ២ ​ធ្វើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​ឲ្យ​ប្រកប​ដោយ​ចីរភាព​។

ពាក់ព័ន្ធ​នឹង​ការឧបត្ថម្ភ​នេះ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​​ថ្លែងប្រាប់​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​៖ «​យុវជន​គឺជា​អនាគត​ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្ពុជា​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​មាន​សារៈសំខាន់​សម្រាប់​ការកសាង និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាស្ថាន​ទាំង​ ២ ​នេះ​។ លើសពី​​នេះ​ទៀត វា​ផ្ដល់​ឱកាស​ជាច្រើន​ដល់​សិស្ស​និស្សិត​តាមរយៈ​ការហាត់ការ និង​អាហារូបករណ៍​កម្រិត​ឧត្តមសិក្សា​»៕