ភ្នំពេញៈ អាជ្ញាធរខេត្ត​នៅតាម​ព្រំដែន​កម្ពុជា-ថៃ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បង្កើន​ការរឹតបន្តឹង​ថែមទៀត​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​តាម​ច្រករបៀង​ និង​ច្រក​ខុសច្បាប់​ ដើម្បី​ចៀសវាង​កុំឱ្យ​ពលករ​ណា​ម្នាក់​ចូលមក​ដោយ​មិនបាន​ពិនិត្យ និង​ធ្វើ​ចត្តាឡីស័ក ខណៈ​មាន​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ថៃ​ចំនួន​ ១៦ ​នាក់ ​ត្រូវ​បាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ​ ១៩​។

ទន្ទឹម​នឹងនេះ​អាជ្ញាធរ​ថៃ​ក៏​បាននិង​កំពុង​ដាក់​បម្រាម​ហាម​ប្រជាពលរដ្ឋ​ថៃ និង​ជនបរទេស​មិនឱ្យ​ចល័ត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​កំពុង​ដាក់​វិធានការ​គ្រប់គ្រង និង​បង្ការ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ដែល​កំពុង​កើតឡើង​នៅ​បណ្តា​ខេត្ត​មួយចំនួន​នៃ​ប្រទេស​ថៃ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​យប់​ថ្ងៃទី​ ៣១ ខែធ្នូ បាន​អំពាវនាវ​ដល់​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ​ និង​ធ្វើការ​នៅ​ថៃ​មិនត្រូវ​ចល័ត​ ឬ​វិល​ត្រឡប់មក​ស្រុក​កំណើត​វិញ​ក្នុង​ដំណាក់កាល​នេះ​ទេ គឺ​ពួកគេ​អាច​មាន​ហានិភ័យ​ខ្ពស់​ទាំង​ផ្នែក​សន្តិសុខ​ និង​សុខភាព​។​

ក្រសួង​បញ្ជាក់​​ថា​៖ «​បងប្អូន​អាច​ប្រឈម​នឹង​ការឃាត់ខ្លួន និង​រង​ការពិន័យ​របស់​អាជ្ញាធរ​ថៃ​ក្នុង​ពេល​ធ្វើដំណើរ​ខុស​នឹង​បម្រាម​របស់​អាជ្ញាធរ​ថៃ​។ ​ទន្ទឹមនឹង​នេះដែរ​​ ដើម្បី​ការពារ​សុខភាព​របស់​បងប្អូន និង​ក្រុមគ្រួសារ​ក៏ដូចជា​សុខភាព​សាធារណៈ បងប្អូន​នឹង​​ត្រូវ​ក្រុមការងារ​ចត្តាឡីស័ក​កម្ពុជា​នៅតាម​ច្រកព្រំដែន​កម្ពុជា-ថៃ​ យក​សំណាក​ទៅពិនិត្យ​ជំងឺ​កូវីដ ១៩ ​និង​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ចំនួន​ ១៤ ​ថ្ងៃ​ បើទោះបី​ជា​បងប្អូន​ឆ្លង​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​ណាមួយ​ក៏ដោយ​»​។

បើតាម​ក្រសួង​ការងារ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​ធ្វើការ​ជាប្រចាំ​ជាមួយ​នឹង​ថៃ​ហើយ​​ក្នុងពេល​ខាងមុខនេះ ក្រសួង​មហាផ្ទៃ​ថៃ និង​ក្រសួង​ការងារ​ថៃ​នឹង​រួមគ្នា​ស្រង់​ឈ្មោះ​ពលករ​បរទេស​ និង​ចេញ​បណ្ណ​ពណ៌​ស៊ី​ជម្ពូ​ដល់​ពលករ​បរទេស​ក្នុង​នោះ​ក៏មាន​ពលករ​កម្ពុជា​ផងដែរ បើ​​ទោះបីជា​បងប្អូន​មាន​ ឬ​គ្មាន​ឯកសារ​ក៏ដោយ​។

ស្របពេល​ជាមួយ​នេះ​កាលពី​ព្រឹក​ថ្ងៃទី​ ២ ខែ​ មករា ឆ្នាំ​ ២០២១ ​មាន​បុរស​ជា​ពលករ​ខ្មែរ​អាយុ​ ៥២ ​ឆ្នាំ​ម្នាក់​ បាន​ស្លាប់​ក្នុង​មណ្ឌល​​ចត្តាឡីស័ក​កម្រិត​ ២ ​នៃ​ខេត្ត​ត្បូងឃ្មុំ​ (​វិទ្យាល័យ​ត្បូងឃ្មុំ​) ​ដោយសារ​ជំងឺ​គាំងបេះដូង និង​បាន​ដួល​បោក​ក្បាល​នឹង​ចាន​បង្គន់​បន្ទាប់ពី​លោក​បានធ្វើ​តេស្ត​រក​វីរុស​កូវីដ ​១៩​ លើក​ទី​១ ​តែ​ឃើញ​អវិជ្ជមាន​ពីថ្ងៃ​ទី​ ៣០ ខែធ្នូ​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បានឱ្យ​​ដឹង​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​រូបនេះ​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ឈុនប៊ុរី​នៃ​ប្រទេស​ថៃ ​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​អូរស្មាច់​នៃ​ខេត្ត​ឧត្តរមានជ័យ​ពីថ្ងៃ​ទី​ ២៨ ​ធ្នូ​ ឆ្នាំមុន​។ ​ក្រោយពី​ពិនិត្យ​សុខភាព​រួច​ក៏បាន​បញ្ជូន​គាត់​បន្ត​មក​ខេត្ត​ត្បូងឃ្មុំ​តាម​រថយន្ត​ដឹកជញ្ជូន​យោធា​មក​ដល់​មណ្ឌល​ចត្តាឡីស័ក​នៅ​ខេត្ត​ត្បួងឃ្មុំ​។ ​គ្រូពេទ្យ​តែង​ពិនិត្យ​សុខភាព​គាត់​រាល់ព្រឹក​ដោយ​មិនមាន​សញ្ញា​ថា គាត់​មាន​ភាពមិន​ប្រក្រតី​ឡើយ​។

លោកស្រី​ថ្លែង​ថា​៖ «​បន្ទាប់ពី​ជនរងគ្រោះ​បាន​វិល​ត្រឡប់មក​បន្ទប់​ក៏បាន​ចូលក្នុង​បន្ទប់ទឹក ប៉ុន្តែ​ដោយសារ​បាត់​យូរពេក​ក៏មាន​ការស្វែងរក​ដោយ​បានគាស់​ទ្វារ​បន្ទប់ ហើយ​ក៏​បានឃើញ​សាមី​សព​ដេក​ស្តូកស្តឹង​បាត់បង់​ជីវិត​ទៅ​ហើយ​នៅ​ម៉ោង​ ៩:១០ ​នាទី​ព្រឹក​ថ្ងៃ​សៅរ៍​»​។

លោកស្រី​បន្ថែមថា ក្រោយពី​ក្រុមការងារ​កោសល្យវិច័យ​ពិនិត្យ​លើ​ខ្លួន​សព​ឃើញ​ស្នាម​បែកក្បាល​ហូរឈាម​ក្នុង​ស្ថានភាព​របៀប​ជា​ដួល​បោក​ក្បាល​​នឹង​ចាន​បង្គន់​។ ​ការរាយការណ៍​ពី​ភរិយា​របស់​សព​គឺ​ប្តី​របស់គាត់​ធ្លាប់​មាន​ជំងឺ​បេះដូង និង​មាន​ការព្យាបាល​កន្លងមក​នៅ​ប្រទេស​ថៃ​ជាយូរ​មកហើយ​ដែរ​។

គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​ ២ ខែ​មករា ឆ្នាំនេះ​កម្ពុជា​បាន​​រកឃើញ​អ្នកមាន​វីរុស​កូវីដ​ ១៩ ​ចំនួន​ ៣៨១ ​នាក់​ក្នុង​នោះ​អ្នក​ជាសះស្បើយ​មាន​ ៣៦២ ​នាក់​។

ឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ ១៩ ​នាក់​ ក្នុង​នោះ​មាន​ពលករ​​មកពី​ថៃ​ឆ្លង​កូវីដ​ ១៦ ​នាក់​។ ​ពលករ​ ៦ ​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង និង​ ១០ ​នាក់ ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ៃលិន​។

កាលពី​ថ្ងៃទី​ ២ ខែ​មករា លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ក្រសួង​សុខាភិបាល​បានសម្រេច​ឧបត្ថម្ភ​ថវិកា​បន្ថែម​ទៅដល់​ខេត្ត​នៅជាប់​នឹង​ព្រំដែន​កម្ពុជា-ថៃ​ ចំនួន​ ៦៥០ ​លាន​រៀល​​ និង​សម្ភារ​មួយចំនួន​ទៀត​ដោយសារ​ខេត្ត​ទាំងនេះ​មាន​បន្ទុក​ទទួល​ពលករ​ត្រឡប់​មកពី​ថៃ​ដើម្បី​រៀបចំ​ធ្វើ​ចត្តាឡីស័ក​។ ​ក្នុងនោះ​មាន​ខេត្តបាត់ដំបង ខេត្ត​​បន្ទាយមានជ័យ ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន​។

បើតាម​លោកស្រី យក់ សម្បត្តិ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា សម្រាប់​ខេត្ត​ប៉ៃលិន​ដែល​រកឃើញ​មាន​​ពលករ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ ច្រើន​ពីថ្ងៃ​ទី​ ១ ខែ​មករា ត្រូវបាន​បន្ថែម​​នូវ​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ ២ ​គ្រឿង ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​អ្នកជំងឺ​ ៥ ​គ្រឿង និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ចំណុះ​ ២៥ លីត្រ​ ៥ ​ប៊ីដុង និង​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ពី​មន្ទីរ​ពេទ្យរុស្ស៊ី​ទៅ​ជួយ​ផ្នែក​បច្ចេកទេស​ដល់​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​ផងដែរ​។

កាលពី​យប់​ថ្ងៃទី​ ៣១ ខែធ្នូ​​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​ឱ្យកម្លាំង​តាម​ព្រំដែន​គ្រប់គ្រង​ឱ្យ​បាន​ហ្មត់ចត់​បំផុត​តាម​ច្រករបៀង​ដែល​ដាច់ខាត​​មិន​ឱ្យ​មាន​ការឆ្លង​ចូលមក​ផ្ទៃក្នុង​ប្រទេស​ដោយ​មិនបាន​ពិនិត្យ មិនបាន​យក​សំណាក និង​មិន​បាន​ធ្វើ​ចត្តាឡីស័ក​ឡើយ​។

ទន្ទឹមនឹង​នេះដែរ​លោក ហ៊ុន សែន អំពាវនាវ​ដល់​ពលករ​កម្ពុជា​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ សុំ​បន្ត​ស្នាក់នៅ​ទីនោះ និង​យោគយល់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។

ទាក់ទង​នឹង​បញ្ហា​កូវីដ​នេះដែរ​នៅ​ថ្ងៃ​ចន្ទ​ទី​ ៤ មករា​នេះ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​តំណាង​នាយករដ្ឋមន្ត្រី​កម្ពុជា​អម​ដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួមទាំង​មន្ត្រី​​មួយចំនួន​នឹង​ដឹក​ម៉ាស់​ ២ ​លាន​​ និង​សម្ភារ​បរិក្ខារ​ពេទ្យ​ជា​ជំនួយ​​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​នេប៉ាល់​។

គួរ​បញ្ជាក់ដែរថា កន្លងមក​​កម្ពុជា​ក៏​ធ្លាប់​ផ្តល់​ម៉ាស់ និង​សម្ភារ​បរិក្ខារ​ពេទ្យ​ទៅដល់​ប្រទេស​ជាមិត្ត​មួយ​ចំនួន​រួចមកហើយ​ដូចជា ឡាវ មីយ៉ាន់ម៉ា និង​ទីម័រ​ខាងកើត​ផងដែរ​៕

វីដេអូ៖