ស្ទឹងត្រែង៖ ក្រុមអាជ្ញាធរនៅខេត្តស្ទឹងត្រែងបានឲ្យដឹងថា ខ្លួនបានរឹបអូសឈើជាច្រើនរយដុំ ដោយក្នុងចំណោមនោះមានមួយចំនួនរឹបអូសបានពីយានយន្តដែលមានស្លាកសម្គាល់កងកម្លាំងយោធា កាលពីចុងសប្តាហ៍មុន ខណៈ ៩ នាក់ត្រូវបានឃាត់ខ្លួននៅខេត្តព្រះវិហារ ដែលជាប់នឹងខេត្តស្ទឹងត្រែង បន្ទាប់ពីការយាមល្បាតព្រៃឈើនៅពេលយប់។
ក្នុងការរកឃើញមួយនៅខេត្ត ស្ទឹងត្រែង តាមការឲ្យដឹងរបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តថា ក្រុមអាជ្ញាធរបានរកឃើញឈើដែលត្រូវបានគេកាប់ដោយខុសច្បាប់ និងលាក់ទុក ក៏ប៉ុន្តែពុំបានឃាត់ខ្លួននរណាម្នាក់ពីបទកាប់ ឬដឹកជញ្ជូនឈើខុសច្បាប់ឡើយ។
លោកថ្លែងថា៖ «យើងបានរកឃើញឈើមួយចំនួននៅក្នុងបឹង និងមួយចំនួនបន្ថែមទៀតត្រូវបានកប់ក្នុងដីជិតនោះ។ ឥឡូវនេះ រដ្ឋបាលព្រៃឈើកំពុងតែដឹកជញ្ជូនឈើទាំងនោះយកទៅវាស់វែង»។
លោកបន្ថែមទៀតថា ឈើទាំងនេះត្រូវបានរកឃើញ បន្ទាប់ពីរថយន្តយោធាមួយគ្រឿង ផ្ទុកទៅដោយឈើ ត្រូវបានអាជ្ញាធរឃាត់ឲ្យឈប់កាលពីថ្ងៃសុក្រ សប្តាហ៍មុន។
រាជអាជ្ញារូបនេះបន្តថា៖ «នៅម៉ោង ៩ យប់ ក្រុមមន្រ្តីនគរបាលរាជអាវុធហត្ថបានរឹបអូសរថយន្តម៉ាក Vigo មួយគ្រឿងដែលមានផ្ទុកឈើមួយចំនួន ក៏ប៉ុន្តែយើងមិនទាន់បានស៊ើបអង្កេតលើករណីនេះនៅឡើយទេ»។
លោកបន្ថែមថា ក៏មិនមានការឃាត់ខ្លួនត្រូវបានធ្វើឡើងនៅពេលរឹបអូសនេះដែរ។
យោងតាមព័ត៌មានដែលត្រូវបានបង្ហោះនៅលើទំព័រ Facebook របស់រដ្ឋបាលព្រៃឈើ អាជ្ញាធរព្រៃឈើ នគរបាលក្នុងតំបន់ និងកងរាជអាវុធហត្ថបានដកហូតបានរថយន្តមួយគ្រឿង មានពាក់ស្លាកសញ្ញាកងវរសេនាតូចទី ៧០ រួមជាមួយឈើ ៣៦ ដុំនៅក្នុងនោះ។ ព័ត៌មានបានឲ្យដឹងទៀតថា ក្នុងចំណោមឈើទាំងនោះ ២៤ ដុំគឺជាប្រភេទឈើប្រណីត។
លោក សួន សុវណ្ណ មន្រ្តីនាំពាក្យរបស់រដ្ឋបាលព្រៃឈើ បានឲ្យដឹងថា អាជ្ញាធររបស់លោកកំពុងតែធ្វើការជាមួយមន្រ្តីកងរាជអាវុធហត្ថ ដើម្បីព្យាយាមការពារការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធរបស់ជាតិនៅក្នុងការកាប់ព្រៃឈើខុសច្បាប់ ក៏ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះឡើយ នៅពេលដែលការកាប់ព្រៃឈើមានលក្ខណៈ ទ្រង់ទ្រាយបែបនេះ។
លោកនិយាយថា៖ «ខ្ញុំមិនច្បាស់ថា មានយោធាប៉ុន្មានអ្នកដែលជាប់ពាក់ព័ន្ធក្នុងការកាប់ឈើខុសច្បាប់ទេ ក៏ប៉ុន្តែបុគ្គលគ្រប់ផ្នែកទាំងអស់នៃសង្គម និងឋានៈសង្គមទាំងអស់ សុទ្ធតែមានជាប់ពាក់ព័ន្ធ»។
ទន្ទឹមនឹងនេះដែរ នៅខេត្តព្រះវិហារ លោក អៀ សុខា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងម្សិលមិញថា ការយាមល្បាតនៅពេលយប់ ដោយក្រុមអាជ្ញាធរ និងសកម្មជនមានទំនាក់ទំនងជាមួយបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងរយៈពេលបួនថ្ងៃ បានឈានទៅដល់ការឃាត់ខ្លួនមនុស្ស ៩ នាក់ និងរឹបអូសបាន រណាយន្តអារឈើ បួនគ្រឿង ព្រមទាំងយានយន្តបីគ្រឿងទៀត។

លោកថ្លែងថា៖ «ប្រសិនជាយើងចាប់ជនល្មើសបានពេលកំពុងតែធ្វើសកម្មភាព យើងចាត់វិធានការតាមផ្លូវច្បាប់។ ក៏ប៉ុន្តែ ប្រសិនជាយើងរកឃើញប្រជាពលរដ្ឋធម្មតាកាប់ឈើយកមកធ្វើផ្ទះ យើងអប់រំពួកគាត់»។
លោកបន្ថែមថា មនុស្ស ៨៥ នាក់ រួមមាន ស្រ្តី ២៣ នាក់ និងព្រះសង្ឃ ៣៥ អង្គ បានចូលរួមនៅក្នុងការយាមល្បាតនៅពេលយប់ ដែលជួនកាលអាចនឹងមានគ្រោះថ្នាក់នៅក្នុងខេត្តនេះ។
លោកនិយាយថា៖ «ជួនកាល យើងប្រឈមនឹងបញ្ហាជាច្រើនព្រោះជនល្មើសមានអាវុធ ក៏ប៉ុន្តែនៅលើកនេះ ពួកគេមិនបានធ្វើឲ្យអ្នកយាមល្បាតណាម្នាក់រងរបួសឡើយ»៕ TN