កំពង់ឆ្នាំងៈ ត្រាក់ទ័រចំនួន ១៣ គ្រឿង និងកាណូតបាឡាស្មាច់ ២ គ្រឿង រួមទាំងមនុស្ស ៧ នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការជាមួយប្រជាសហគមន៍នេសាទនិងអាជ្ញាធរមូលដ្ឋានបង្ក្រាបនិងចាប់បានជាបន្តបន្ទាប់ក្នុងយុទ្ធនាការនារដូវប្រាំងកន្លងមកនេះ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាត្រាក់ទ័រទាំង ១៣ គ្រឿងនោះ ត្រូវបានបង្ក្រាបក្នុងភូមិសាស្ត្រ ឃុំច្រណូក, ឃុំដារ, ឃុំស្វាយរំពារ និងឃុំសំរោងសែន នៃស្រុកកំពង់លែង ខណៈម្ចាស់យកមកលាក់ទុកក្នុងតំបន់ព្រៃលិចទឹកដែលត្រូវបានហាមឃាត់ក្នុងបំណងឈូសឆាយវាតយកដីជាកម្មសិទ្ធិដោយខុសច្បាប់។
លោកបានបន្តថា បច្ចុប្បន្នត្រាក់ទ័រទាំងនោះត្រូវបានរក្សាទុកនៅសាលាស្រុកនិងអធិការដ្ឋាននគរបាលស្រុកកំពង់លែងខណៈសំណុំរឿងនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តរួចហើយដើម្បីចាត់ការបន្ត។
លោកថា៖ «ចំពោះករណីត្រាក់ទ័រទាំង ១៣ គ្រឿង នោះយើងបានសម្រេចកសាងសំណុំរឿងបញ្ជូនទៅ តុលាការរួចរាល់ហើយ បន្ទាប់ពីគ្មាននរណាម្នាក់មកអះអាងថា ជាម្ចាស់ដើម្បីដោះស្រាយតាមច្បាប់»។
លោកបានបន្ថែមថា៖ «យោងតាមភ័ស្ដុតាងដែលយើងរកឃើញដីព្រៃលិចទឹកជាង២ហិកតាត្រូវបានគេកាប់រាននិងឈូសឆាយក្នុងគោលបំណងរឹបអូសមកធ្វើជាដីកសិកម្មឯកជនដោយខុសច្បាប់។ បទល្មើសកាប់រាននិងឈូសឆាយដីព្រៃលិចទឹក ជាបទល្មើសថ្នាក់ទី ១ ដែលត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ឆ្នាំទៅ ៥ ឆ្នាំ»។
ក្រៅពីត្រាក់ទ័រ ១៣ គ្រឿងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ៧ នាក់ បញ្ជូនទៅសាលាដំបូងផងដែរ ពាក់ព័ន្ធករណីប្រើឧបករណ៍នេសាទខុសច្បាប់ និងរឹបអូសវត្ថុតាងកាណូតបាឡាស្មាច់ ២ គ្រឿង ម៉ូតូ ១ គ្រឿង និងឧបករណ៍នេសាទខុសច្បាប់ ១ ចំនួនទៀត។ នេះបើតាមរបាយការណ៍បង្ក្រាបបទល្មើសធនធានជលផលចាប់ពីចុងខែវិច្ឆិកាឆ្នាំ ២០១៨ ដល់ចុងខែឧសភាឆ្នាំ ២០១៩ នេះរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។
របាយការណ៍ដដែលបញ្ជាក់ថា កូនត្រីចម្រុះចំនួន ២,១៥៧ គីឡូក្រាម ត្រូវបានលែងទៅក្នុងបឹងធម្មជាតិវិញ ក្រោយពេលបង្ក្រាបបទល្មើសនិងបានដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងសាច់អួន ស្បៃមុង សរុប ១៤,៦៨០ ម៉ែត្រ និងបង្គោលសម្រាស់ ១៣,៤០៧ ដើម។
យ៉ាងណាក៏ដោយ លោក លី ឡា បានអះអាងថា បទល្មើសជលផលនិងករណីកាប់ព្រៃលិចទឹកនៅតែបន្តមានស្ទើរគ្រប់ទីកន្លែងដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីការការពារ និងបង្ក្រាបខណៈពេលនេះរដូវហាមឃាត់នេសាទបានមកដល់៕