
ពិធីប្រគល់រូបព្រះពុទ្ធបដិមានៅខេត្តតាកែវកាលពីថ្មីៗនេះ។ សហការី
តាកែវៈ គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ មានវត្ថុបុរាណ និងរូបបដិមាចំនួន ៤ ត្រូវបានអាជ្ញាធរខេត្ដតាកែវ រកឃើញ និងទទួលបានពីពលរដ្ឋ ខណៈខេត្តដ៏ចំណាស់នេះត្រូវបានចាត់ទុកថាជា «ដើមកំណើតនៃអរិយធម៌ខ្មែរ» ដែលមានប្រាសាទបុរាណប្រមាណ ៣៤ កសាងឡើងតាំងពីមុនសម័យអង្គរ។
លោក ឈន ប៊ុនហាក់ អនុប្រធានការិយាល័យនៃសារមន្ទីរខេត្ដតាកែវ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ខេត្ដតាកែវ ជាទឹកដីចាស់បុរាណដែលកកើតវប្បធម៌ អរិយធម៌ដំបូងគេបំផុតនៅកម្ពុជា។ ដូច្នេះខេត្ដនេះមានសារមន្ទីរ ២ គឺសារមន្ទីរខេត្ត និងសារមន្ទីរស្ថិតក្នុងស្រុកអង្គរបុរីសម្រាប់តម្កល់ទុកវត្ថុបុរាណដែលរកឃើញ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរសិក្សាស្រាវជ្រាវ និងទស្សនា។
លោកថា៖ «ខ្ញុំទើបមកកាន់តំណែងនៅទីនេះដែរទេ។ សម្រាប់ពេលដែលខ្ញុំកាន់តំណែងនេះ ខ្ញុំទើបតែទទួលបានវត្ថុបុរាណ ១ ទេ ប៉ុន្ដែមុនពេលខ្ញុំឡើងកាន់តំណែងក្នុងឆ្នាំនេះខ្ញុំឃើញថាទទួលបានវត្ថុបុរាណ ៣ ដែរ»។
បើតាមលោក ប៊ុនហាក់ វត្ថុបុរាណ និងរូបបដិមាដែលសារមន្ទីរទទួលបានភាគច្រើនគឺពលរដ្ឋជាអ្នកប្រទះឃើញរួចបានយកមកប្រគល់ជូនសារមន្ទីរ។ លោកថា វត្ថុបុរាណដែលរកឃើញភាគច្រើនជាព្រះពុទ្ធបដិមាជាថ្មដែលគេហៅថា «ផ្ដែរ» និងវត្ថុបុរាណជាប្រភេទសិវលិង្គផងដែរ។
លោកបញ្ជាក់ថា៖ «ក្នុងខេត្ដតាកែវតែងតែមានសិស្សនិស្សិត ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើន ទៅស្រាវជ្រាវ និងទេសចរណ៍ពីប្រវត្តិសាស្ដ្រនៅសារមន្ទីរទាំង ២។ យើងដឹងហើយថា តាកែវក៏ជាទឹកដីចាស់បុរាណមួយដែរ ដែលបានកកើតវប្បធម៌ អរិយធម៌ដំបូងបំផុតនៅទីនេះ»។
លោកស្រី ព្រុំ សុគន្ធា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ដតាកែវបានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា កាលពីសប្ដាហ៍មុននេះនគរបាលការពារបេតិកភណ្ឌខេត្តតាកែវ អាជ្ញាធរដែនដី និងពលរដ្ឋ ២០ នាក់បានធ្វើពិធី
ប្រគល់ទទួលរូបព្រះពុទ្ធបដិមា (អង្គទ្រង់ឈរ) ១ អង្គមានកម្ពស់ ១,៤០ ម៉ែត្រ និងទទឹង ០,៣២ ម៉ែត្រធ្វើពីថ្មភក់ តាំងពីមុនសម័យអង្គរ។
លោកស្រីបានឱ្យដឹងថា ព្រះពុទ្ធបដិមានេះត្រូវបានពលរដ្ឋឈ្មោះ ងួន ចន ភេទប្រុស អាយុ ៧២ ឆ្នាំ រស់នៅឃុំអង្កាញ់ ស្រុកទ្រាំង ប្រទះឃើញពេលជីកដីដាក់កន្លែងដូនតារួចក៏យកមកប្រគល់ជូនសារមន្ទីរដើម្បីរក្សាទុក។
លោកស្រីបន្ដថា៖ «វត្ថុបុរាណយើងមិនទៀងទេ ពេលណាពលរដ្ឋប្រទះឃើញ ពួកគាត់ក៏យកមកប្រគល់ជូន។ ពេលខ្លះក្នុង ១ ឆ្នាំ យើងរកឃើញតែ ១ ពេលខ្លះ ៣-៤ ក៏មានដែរ។ ដោយឡែកព្រះពុទ្ធបដិមាទ្រង់ឈរហ្នឹង យើងអាចសន្និដ្ឋានបានថាធ្វើឡើងមុនសម័យអង្គរ ដែលស្ថិតក្នុងសម័យកាលនៃរចនាប័ទ្មភ្នំដា»។
ទាក់ទងនឹងការរកឃើញវត្ថុបុរាណថ្មីបន្ថែមនេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដតាកែវ កំពុងធ្វើរបាយការណ៍ដើម្បីដាក់មកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យបានដឹង៕