ព្រះវិហារៈ រូបសំណាក​ព្រះគោ​ដែល​អ្នកភូមិ​បាន​ប្រទះឃើញ​នៅលើ​ទីទួល​បុរាណ​មួយ​ស្ថិត​ក្នុង​ភូមិ​កោងយ៉ោង ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​ ៣០ ខែ ឧសភា ឆ្នាំ​ ២០២០ ​ត្រូវ​បាន​នាំយក​ទៅ​រក្សាទុក​នៅក្នុង​សារមន្ទីរ​ខេត្ត​ព្រះវិហារ​ហើយ បន្ទាប់ពី​ពិធី​ប្រគល់​ និង​ទទួល​រូបសំណាក​នេះ​ត្រូវបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ មួង ច័ន្ទសី មន្ត្រី​បច្ចេកទេស​បុរាណវិទ្យា​ទទួល​បន្ទុក​ការងារ​សារមន្ទីរ​ខេត្តព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ថ្វីដ្បិតតែ​បដិមា​ព្រះគោ​នៅ​មិនទាន់​ត្រូវ​បាន​គេ​ឆ្លាក់​រួចរាល់​ជា​ស្ថាពរ ដែល​មិនអាច​កំណត់​អំពី​រចនាប័ទ្ម​នៃ​ក្បាច់ចម្លាក់​ក្ដី ប៉ុន្តែ​តាមរយៈ​ថ្ម​ដែល​ត្រូវបាន​គេ​យក​មក​ឆ្លាក់​ជា​រូប​ព្រះ​គោ​នេះ​គេ​ជឿថា បដិមា​នេះ​ត្រូវ​បាន​គេ​សាង​ឡើង​នៅក្នុង​យុគសម័យ​មហានគរ​។

លោក​ ច័ន្ទសី បញ្ជាក់​ថា​៖ «​បដិមា​ព្រះគោ​មួយ​អង្គ​នេះ​ធ្វើ​ពី​ថ្ម​រំលីង និង​ទំនង​ជា​ត្រូវបាន​គេ​សាង​ឡើង​នៅក្នុង​សម័យអង្គរ​។ ទោះយ៉ាងណា​យើង​នៅ​មិនទាន់​ធ្វើ​ពិសោធន៍​រក​អាយុកាល​នៃ​បដិមា​ព្រះគោ​មួយ​នេះ​នៅឡើយ​ទេ​។ យើង​បាន​ទទួល​យក​បដិមា​ព្រះគោ​នេះ មក​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ក្នុង​សារមន្ទីរ​ខេត្ត​ព្រះវិហារ ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​វត្ថុ​បុរាណ​ថ្នាក់ជាតិ​នាំយក​ទៅ​ពិសោធ​នៅ​រាជធានី​ភ្នំពេញ​»​។

បើ​តាម​លោក ច័ន្ទសី ការធ្វើ​ពិសោធន៍​រក​អាយុកាល​នៃ​ចម្លាក់​ព្រះគោ​មួយ​នេះ គេ​ត្រូវ​ប្រើ​សារធាតុ​គីមី​ផ្សំ​មួយ​ចំនួន​ដែល​ក្នុងនោះ​កាបូន C14 ជា​សារធាតុ​ផ្សំ ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការពិសោធ​នេះ​។

បើតាម​លោក ប្រាក់ វណ្ណារី ប្រធាន​ការិយាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត​ព្រះវិហារ រូបសំណាក​ព្រះគោ​ដែល​កំពុង​ត្រូវបាន​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​នៃ​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​នាពេល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ លាក់ ជាតិ អាយុ​ ៣២ ​ឆ្នាំ ​មាន​ទីលំនៅ ភូមិ​កោងយ៉ោង ឃុំ​យាង ស្រុក​ជាំក្សាន្ត ប្រទះឃើញ​ និង​នាំយក​មក​ប្រគល់​ឲ្យ​នគរបាល​ជំនាញ​បេតិកភណ្ឌ​ខេត្ត​ព្រះវិហារ តាមរយៈ​នគរបាល​មូលដ្ឋាន​ស្រុក​ជាំក្សាន្ត​កាលពី​ព្រឹក​ថ្ងៃទី ៣១ ខែ​ ឧសភា ​ឆ្នាំ​ ២០២០ ដើម្បី​នាំ​យក​ទៅ​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន​។

លោក​ វណ្ណារី ថ្លែងថា​៖ «​មាន​អ្នកភូមិ​ខ្លះ មិនដឹង​រឿង​បាន​ចោទ​លោក លាក់ ជាតិ ថា​បាន​លួច​យក​រូប​បដិមា​ព្រះគោ​នោះ​ពី​​ទីទួល​បុរាណ ដើម្បី​យក​ទៅ​រក្សា​ទុក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ​ដោយសារ​ខ្លាច​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ និង​ចោទប្រកាន់​ថា លួច​សម្បត្តិ​វប្បធម៌​ជាតិ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​វិញ​នោះ គឺជា​រឿង​មិន​ពិត​ទេ​»​។

លោក​បាន​បន្តថា​៖ «​ការពិត​យើង​គួរតែ​សរសើរ​ និង​លើក​ទឹកចិត្ត​ដល់​គាត់ ដែល​បាន​នាំយក បដិមា​ព្រះគោ​នោះ​ពី​ក្នុងព្រៃ​ដែល​គ្មាន​អ្នកថែរក្សា​មក​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​យើង​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​» ។

ជាមួយ​គ្នា​នេះ​លោក វណ្ណារី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​មិនត្រូវ​លួច ឬ​ជួញដូរ​ខុសច្បាប់​នូវ​រាល់​បដិមា រូបសំណាក រូបចម្លាក់​ថ្ម​ក្ដី ឈើ​ក្ដី​ ឬ​វត្ថុ​បុរាណ​នានា​ផ្សេងៗ​ទៀត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​នោះ​ឡើយ ព្រោះ​ជា​ទង្វើ​ល្មើស​ច្បាប់​ដែល​អាច​មាន​ទោសទណ្ឌ​ដល់​ខ្លួនឯង ហើយ​ក៏​ជា​ទង្វើ​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ផងដែរ​៕