
បន្ទាយមានជ័យៈ ចម្លាក់បុរាណរូបស្វាចំនួនពីរ ត្រូវកសិករម្នាក់ប្រទះឃើញក្នុងវាលស្រែក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃអាទិត្យនៅពេលគាត់ទៅរកសត្វកណ្តុរធ្វើម្ហូបនិងលក់នៅចម្ងាយប្រមាណពីរគីឡូម៉ែត្រពីផ្ទះគាត់។
លោក អ៊ុំ សុផៃ មេប៉ុស្តិ៍នគរបាលឃុំភ្នំតូច បានប្រាប់ថា រូបចម្លាក់ពីរនេះរក្សាទុកនៅផ្ទះកសិករនោះនិងមានអ្នកស្រុកជា ច្រើនផ្អើលមកបួងសួងសុំសេចក្តីសុខ។
លោកបន្តថា៖ «ម្ចាស់រូបចម្លាក់បានសហការល្អជាមួយមន្រ្តី តែមិនទាន់បានយកមករក្សាទុកនៅសារមន្ទីរខេត្តនៅឡើយទេព្រោះអ្នកភូមិចង់គោរពបួងសួង»ហើយថា មិនកំណត់ថា ពេលណាត្រូវនាំយកទៅទុកនៅសារមន្ទីរទេ។
លោកថា ៖ «ខ្ញុំនិងលោក អភិបាលស្រុក ម្ចាស់រូបចម្លាក់ និងមន្រ្តីមូលដ្ឋានខ្លះនឹងទៅពិនិត្យមើលកន្លែងរកឃើញចម្លាក់ថា ទីនោះពីមុនវាជាប្រាសាទឬជាអ្វី»។ លោកបន្តថា ៖ «មិនមានន័យថា យើងចង់ស្វែងរកវត្ថុបុរាណទៀតទេ ប៉ុន្តែ គឺដើម្បីពិនិត្យឲ្យច្បាស់ថា តើរូបចម្លាក់នោះពិតជាត្រូវគេរកឃើញនៅទីនោះមែន ដើម្បីចៀសវាងគេបោកមន្រ្តីយើង»។
លោក ប៉ាត់ លីន អាយុ ៣៨ឆ្នាំបានរើសវត្ថុបុរាណនោះកាលពីយប់ថ្ងៃអាទិត្យបានប្រាប់កាសែតក្នុងស្រុកថា លោកតែងចេញពីផ្ទះរាល់ថ្ងៃដើម្បីចាប់សត្វកណ្តុរដើម្បីធ្វើម្ហូបនិង យកវាទៅលក់នៅផ្សារខ្លះដែរ។ លោកថា៖«កាលពីយប់ថ្ងៃអាទិត្យ ខ្ញុំយល់សប្តិឃើញគេមកប្រាប់ឲ្យទៅយកវត្ថុបុរាណពីរដែលគេកប់ជាច្រើនឆ្នាំមកហើយនៅវាលស្រែ»។
លោកថា ព្រឹកឡើងក៏បើកម៉ូតូទៅកន្លែងយល់សប្តិក៏បានឃើញរូបចម្លាក់ផុសលេចលើដី គាត់ក៏ព្យាយាមជីកទើបបានរកឃើញរូបចម្លាក់មួយទៀត។
លោក ស៊ី សាវី អធិការប៉ូលិសស្រុកមង្គលបុរី ថា លោកទៅមើលរូបចម្លាក់នោះដែរប៉ុន្តែគេមិនឲ្យគាត់ប៉ះវាទេ។ រូបនោះ គេរក្សាទុកក្នុងបន្ទប់មួយ ឲ្យមនុស្សម្នាមើលតាមទ្វារនិងបង្អួចនិងមិនឲ្យស្ទាបវាទេ។ វាជារូបចម្លាក់សត្វស្វា ប៉ុន្តែលោកមិនដឹងថា វាមានអាយុកាលប៉ុន្មានដែរទេ។
លោក ចាន់ សារួន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ក្រុមមន្រ្តីរបស់លោក បានចុះទៅមើលរូបចម្លាក់ទាំងនោះ ហើយនឹងធ្វើរបាយការណ៍ជាផ្លូវការមួយដើម្បីយករូបចម្លាក់ទាំងនេះមករក្សាទុកនៅសារមន្ទីរ។
លោកបញ្ជាក់ថា៖ «យើងនឹងយកវាមករក្សាទុកនៅសារមន្ទីរ ប៉ុន្តែខ្ញុំ មិនដឹងថា នៅពេលណាយើងនឹងនាំយកមកទេ»។
លោក សារួន ថ្លែងបន្តថា អ្នកភូមិប្រមាណថា រូបចម្លាក់នេះធ្វើនៅសតវត្សរ៍ទី១២ ប៉ុន្តែពុំមាននរណាដឹងពិតទេទាល់តែអ្នកជំនាញក្រសួងទើបដឹង៕ NR