ពោធិ៍សាត់៖ យ៉ាង​ហោច​ណាស់​មាន​ក្មេង​ជំទង់​ ៣ នា​ក់ និង​យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន​់ និង​ស្រាល​ ដោយ​សារ​ផ្ទុះ​មីន​ ១​ គ្រាប់​ កា​ល​ពី​ថ្ងៃទី​ ១២​ ខែ​សីហា​ នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង ​ខេត្ត​ពោ​ធិ៍សាត់​ ខណៈ​​ពួក​គេ​បាន​រើ​ស​យក​មក​គប់​លេង​បណ្ដាល​ឲ្យ​ផ្ទុះ។ នេះ​បើ​តាម​លោក​សា​លី​មេសា នាយ​ផ្នែក​សេនា​ធិការ​នៃ​អធិកា​រដ្ឋាន​នគរ​បាល​ស្រុ​ក​​វាល​វែង។

លោក​​ សា​លី​ មេសា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅថ្ងៃទី ១៣ សីហា នេះថា ក្មេ​ង​ជំទង់ ​៣ ​នាក់​ និង​យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ជូ​ន​ទៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍​សាត់​ភ្លាមៗ​ បន្ទាប់​ពី​របួស​ដោយ​សារ​ផ្ទុះ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ១ គ្រា​ប់ (មិន​ស្គាល់​ម៉ា​ក​)​ នៅ​ទីតាំង​ខាង​លើ។ ​ពួក​គេ​ជា​អ្នក​ឃ្វាល​គោ​ក្របី​ ប៉ុន្ដែ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​មាន​ក្មេង​ម្នាក់​អាយុ ​១០ ​ឆ្នាំ​ បាន​រើ​ស​គ្រាប់​មីន​ ១ ​គ្រាប់​មក​បង្ហាញ​គ្នី​គ្នា​លេង​។

លោក​បញ្ជាក់​ថា៖ «ក្មេង​ម្នាក់​គាត់​រើស​គ្រាប់​មិន​ស្គាល់​ឈ្មោះ​ហ្នឹង​ពី​ស្រែ​មក ហើយ​យក​បង្ហាញ​គ្នីគ្នា​គាត់ស្រាប់តែ​ពួក​គេ​នាំគ្នា​យកទៅ​គប់​លេង​ជា​ច្រើន​លើក​ច្រើន​សា​ក៏​ផ្ទុះ​ឡើង​ត្រូវ​របួស​ទាំង​ ៤​ នាក់​តែ​ម្ដង។​ ថ្មីៗនេះ​​ក៏​មានកា​រផ្ទុះ​គ្រាប់​ដែល​មិន​ស្គាល់​ឈ្មោះ​បណ្ដាល​ឲ្យ​បុរស​ ២​ នាក់​ស្លាប់​ នៅ​នឹង​កន្លែង​ដែរ​ព្រោះ​តំបន់​យើង​នេះ​សម្បូរ​គ្រាប់​ណាស់ព្រោះ​ជា​អតីត​ទីតាំង​សម​រភូមិ​កាល​ពី​សម័យ​សង្គ្រាម»​។

លោក​ សាលី​ មេសា ​បន្ថែម​ថា ​ក្នុង​នាម​អាជ្ញា​ធរ​សូម​អំពាវ​នាវ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដា​កន្លែង​ផ្សេងៗ​នៅ​ស្រុ​ក​វាល​វែង​មេត្តា​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចេញ​ទៅ​ធ្វើការ​ឬ​ធ្វើស្រែ​ចម្ការ។ ប្រសិន​បើ​ជួប​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ សូម​រូត​រះ​​រាយ​ការណ៍​មក​សមត្ថ​កិច្ច​ដែល​នៅ​ជិត​ផ្ទះ​ហើយ​កុំទៅ​ប៉ះ​ពាល់ ​ឬ​យក​មក​គប់ ឬ​ដំ និង​ដុត​លេង ដើម្បី​មន្ត្រី​ជំនាញ​ចុះ​មក​រំដោះ​ឬ​កម្ទេច​ចោល​។

លោក​ ពេជ្រ​ សោ​ភ័​ណ្ឌ​ នាយ​ប៉ុស្ដិ៍​នគ​របាលរ​ដ្ឋ​បាល​ឃុំ​ថ្មដា​បាន​ប្រាប់ថ្ងៃទី ១៣ សីហា ​ថា ​ជន​រងគ្រោះ​ទាំង​ ៤ ​នាក់​នេះ​ កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍​សាត់​។ ពួក​គាត់​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ដោយ​ត្រូវ​របួស​​ស្ទើ​រពេញ​រាង​កាយ​។

លោ​ក​ថា៖​ «រហូត​មក​ទល់​ពេល​នេះខ្ញុំ​​អត់​ទាន់​បាន​ទទួល​ដំណឹង​ពី​ស្ថាន​ភាព​របួស​ពួក​គាត់​ទេ ប៉ុន្ដែ​ឪពុក​ម្ដាយ​គាត់​នៅ​​មើលថែ។​ ខ្ញុំ​បាន​សួរនាំ​​ពី​ប្រភេទ​គ្រាប់​ដែល​ផ្ទុះ​ហ្នឹង​ដែរ ​ប៉ុន្ដែ​ពួក​គាត់​មិន​ស្គាល់​ទេ គឺ​គាត់​យក​ទៅ​គប់​លេង​ ៣​ ឬ​ ៤ ដង​ទើប​ផ្ទុះ »។

លោក ​សោ​ភ័​ណ្ឌ ​បន្ថែម​ថា​ជន​រងគ្រោះ​​ទាំង​ ៤​ នាក់​នេះ​ ជា​កូន​គ្រួ​សារ​កង​ទ័ព​នៅ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ​ ដែល​រស់នៅ​ជា​មួយ​ឪពុក​ម្ដាយ​នៅ​ទីតាំង​កើត​ហេតុ​ខាង​លើ​នេះ។​ ពួក​គេ​មាន​ឈ្មោះ​ទី១- សយ​ តុលា ​អាយុ ១​៥​ ឆ្នាំ (របួ​សធ្ងន់) ទី២- សយ ​កុម្ភៈ អាយុ​ ១៣ ​ឆ្នាំ (របួស​ធ្ងន់) ទី៣- សយ ស៊ី​ណាត​ ភេទ​ប្រុស​ ១០​ ឆ្នាំ ​(រ​បួស​​ស្រា​ល​) និង​ទី៤- កួយ តាំង​យូរ​ ភេទ​ប្រុស អាយុ ​២២​ឆ្នាំ (របួស​ធ្ងន់)។

លោក​ ហេង​ រតនា​ អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (CMAC) នៅថ្ងៃទី ១៣ សីហា នេះ ​បាន​បដិសេ​ធ​ធ្វើ​អ​ត្ថាធិ​ប្បា​យ​ជុំវិញ​ករណី​នេះ ​ដោយ​ថា កំពុង​រវល់​ប្រជុំ​។

ប៉ុន្ដែ​លោក​បានសរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា នៅ​ល្ងាច​ថ្ងៃទី​ ១២​ ខែ សីហា ឆ្នាំ​ ២០២០​ នៅ​​ភូមិ​សង្គម​ថ្មី ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ​មាន​ករណី​ផ្ទុះ​សំណល់​ជាតិ​ផ្ទុះពី​សង្គ្រាម​ របួស​មនុស្ស​ ៤ ​នាក់ក្នុ​ង​នោះ​មាន​កុមារា ៣​ នាក់​ និង​យុវ​ជន​ម្នាក់​។

លោក​ថា៖​ «ពិតជា​សោ​កស្តាយ​ចំពោះ​គ្រោះ​ថ្នាក់​ សូម​អំពាវ​នាវ​ហើយ​អំពាវ​នាវ​ទៀត សូ​មកុំ​វាយ​ដំ និ​ង​លេង​គ្រាប់​ ព្រោះ​​គ្មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ស្អុយ​នោះ​ទេ ​ឬ​មិន​ផ្ទុះ​នោះ​ទេ​ មាន​តែ​អ្នក​ជំនា​ញ​អាច​វាយ​តម្លៃ​គុណ​ភាព​គ្រាប់​ទាំ​ង​ឡា​យ​នោះ​បាន។ ​ដូចនេះ​នៅ​ពេល​ឃើញ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ សុំ​ប្រញាប់​ប្រញាល់​ទាក់​ទង​កម្លាំង​ប៉ូលិស​ អា​ជ្ញា​ធរ​​មូល​ដ្ឋាន កម្លាំង​ដោះ​មីន​ជា​ពិសេស​កម្លាំង​​អង្គ​ភាព​ស៊ី​ម៉ាក់​ ដើម្បី​ជួយ​បោស​សម្អាត​ជូន»​៕