ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញបានជំនុំជម្រះរឿងក្តីរបស់ភ្នាក់ងារអ្នកយកព័ត៌មានកាសែតរស្មីកម្ពុជាម្នាក់ប្រចាំខេត្តរតនគិរីដែលសរសេរពីអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកលំផាត់កាប់រានដីព្រៃកាលពីឆ្នាំ ២០១៣ ហើយត្រូវបានប្តឹងពីបទផ្សាយព័ត៌មានមិនពិតដែលរឿងក្តីនេះត្រូវបានតុលាការទាំង ២ ថ្នាក់បង្គាប់ឲ្យសងជំងឺចិត្ត ១០ លានរៀលទៅដើមបណ្តឹងរដ្ឋប្បវេណី។
តាមកំណត់ហេតុរបស់តុលាការបង្ហាញថា លោក ប្រាក់ សុវណ្ណ អាយុ ៤៥ ឆ្នាំ ជាភ្នាក់ងារយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជាបានសរសេរចុះផ្សាយក្នុងទំព័រកាសែតរបស់ខ្លួនពាក់ព័ន្ធឈ្មោះ ផុន ជ័យ ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកលំផាត់ ខេត្តរតនគិរីថាបានកាប់រានដីព្រៃរបស់រដ្ឋ ដែលមានចំនួន ៨០ ហិកតា នៅស្រុកលំផាត់កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៣។
បន្ទាប់ពីមានការចុះផ្សាយលោក ផុន ជ័យ បានទាមទារឲ្យលោក ប្រាក់ សុវណ្ណ ធ្វើការចុះផ្សាយកែតម្រូវក្នុងទំព័រកាសែតរបស់ខ្លួនវិញ។ ប៉ុន្តែពេលនោះលោក ប្រាក់ សុវណ្ណ ទាមទារឲ្យលោក ផុន ជ័យ រកភ័ស្តុតាងបញ្ជាក់ឲ្យបានច្បាស់លាស់ទើបលោកចុះផ្សាយកែតម្រូវឲ្យបាន។ ប៉ុន្តែកាលនោះលោក ផុន ជ័យ មិនបានផ្តល់ភ័ស្តុតាងឲ្យលោក ប្រាក់ សុវណ្ណ ទេហើយលោកក៏មិនចុះផ្សាយកែតម្រូវឲ្យដែរ។
កំណត់ហេតុបន្តថា ដោយសារតែគ្មានការចុះផ្សាយកែតម្រូវបែបនេះហើយ ទើបលោក ផុន ជ័យ ធ្វើពាក្យបណ្តឹងប្តឹងលោក ប្រាក់ សុវណ្ណ និងទាមទារសំណង ២០ លានរៀល។
សំណុំរឿងនេះត្រូវបានសាលាដំបូងខេត្តរតនគិរីប្រកាសសាលក្រមនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៤ សម្រេចឲ្យលោក ប្រាក់ សុវណ្ណ សងទៅលោក ផុន ជ័យ ១០ លានរៀល និងពិន័យប្រាក់ ១ លានរៀលចូលថវិការដ្ឋ ដោយចោទពីបទផ្សាយព័ត៌មានមិនពិតតាមមាត្រាច្បាប់ស្តីពីរបបសារព័ត៌មាន។ ដោយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តរតនគិរីទើបលោក សុវណ្ណ ប្តឹងទាស់ទៅសាលាឧទ្ធរណ៍ហើយត្រូវឧទ្ធរណ៍ប្រកាសសាលដីកាថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០១៥ ដោយតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោមនៅដដែល។
ពីម្សិលមិញទាំងលោក ប្រាក់ សុវណ្ណ និងលោក ផុន ជ័យ មិនបានចូលរួមជំនុំជម្រះទេ ប៉ុន្តែបើតាមសារណារបស់លោក ប្រាក់ សុវណ្ណ ដាក់ចូលក្នុងសំណុំរឿងនៅតុលាការកំពូលដែលភ្នំពេញប៉ុស្តិ៍ទទួលបានម្សិលមិញសរសេរថា ពលរដ្ឋរាយការណ៍ថា ឈ្មោះ ផុន ជ័យ បានកាប់រានដីព្រៃរបស់រដ្ឋជាច្រើនហិកតានៅភូមិប៉ាទាត់ និងតាមផ្លូវជាតិលេខ ៧៦ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ ក្រោយពីទទួលបានព័ត៌មាននោះលោកបានចុះទៅទីតាំងដីក្នុងភូមិប៉ាទាត់ ក្នុងឃុំសេដានោះហើយបានជួបពលរដ្ឋ ១ គ្រួសារដែលស៊ីឈ្នួលចាំចម្ការឲ្យឈ្មោះ ជ័យ។
លោក សុវណ្ណ បន្តក្នុងសារណាថា ក្នុងនាមជាអ្នកកាសែតវិជ្ជាជីវៈលោកបានទាក់ទងប្រភពដែលពាក់ព័ន្ធហើយបានទាក់ទងទៅលោក ផុន ជ័យ គាត់ឆ្លើយថាមានតែដី ២០ ហិកតាទេ។ បន្ទាប់មកលោកសរសេរផ្ញើទៅកាសែតរស្មីកម្ពុជា ហើយក៏បានចេញផ្សាយ។
លោកបញ្ជាក់ក្នុងសារណាថា៖ «ដើម្បីអនុវត្តច្បាប់ឲ្យមានយុត្តិធម៌ដល់ខ្ញុំបាទ ខ្ញុំសុំតុលាការឲ្យខ្ញុំរួចផុតពីបទចោទប្រកាន់នេះ»។
លោក ជុំ សំបាន តំណាងមហាអយ្យការសន្និដ្ឋានថា ក្រោយពិនិត្យតាមអង្គហេតុ លោកយល់ថា ការដែលឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងខេត្តរតនគិរីគឺមានសំអាងហេតុត្រឹមត្រូវ។ លោកថ្លែងថា៖ «ជនជាប់ចោទជាអ្នកសារព័ត៌មាន ហើយជនរងគ្រោះមិនដែលស្គាល់គ្នាទេ។ ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់»។
លោក ផុន សុភ័ស្ត មេធាវី លោក ប្រាក់ សុវណ្ណ ថ្លែងថាកូនក្តីលោកមុនចុះផ្សាយបានទាក់ទងសួរគ្រប់ប្រភពពាក់ព័ន្ធ និងទាមទារឲ្យលោក ផុន ជ័យ បង្ហាញភ័ស្តុតាងដើម្បីចុះផ្សាយកែតម្រូវ តែលោក ផុន ជ័យ មិនបានផ្តល់ឲ្យកូនក្តីរបស់លោកទេ។
លោកថ្លែងថា៖ «ហេតុដូច្នេះសូមតុលាការកំពូលពិចារណាឲ្យកូនក្តីខ្ញុំរួចផុតពីបទចោទផង»។
លោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះថាសាលដីកានឹងប្រកាសថ្ងៃទី ២៦ កុម្ភៈ៕