ភ្នំពេញៈ សាលា​​ដំបូង​រាជធានី​​នឹង​ប្រកាស​សាលក្រម​ លើ​បណ្តឹងទាស់​របស់លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ នៅ​ថ្ងៃ​ព្រហស្បតិ៍​​ខាន​ស្អែក​ ក្រោ​យ​ ពី​​បញ្ចប់​សវនាការ​កាល​ពី​ម្សិលមិញ បន្ទាប់ពី​រូបលោក បាន​ប្តឹង​ទាស់​ទៅនឹង​ការ​កា​ត់​សេចក្តី​កំបាំងមុខ​ឲ្យ​រូបលោក និង​សមាជិក ៦ រូប​ទៀត មាន​ទោស​ក្នុងម្នាក់ៗ ៨ ខែ ពីបទ ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា លើ​រោងចក្រ​អូ​សេ​អង់​ហ្គា​មីន ខូ​អិ​ល​ធី​ឌី កាលពី​ខែ​សីហា ឆ្នាំ ២០១២។

កាលពី​ឆ្នាំ ២០១៨ ​សាលា​ដំបូង​​រាជធានី​ បាន​សម្រេច​ផ្តន្ទាទោសលោក​ ប៉ាវ ស៊ីណា អាយុ ៣៧ ឆ្នាំ, ឆេង ឈាន់ អាយុ ៣៣ ឆ្នាំ, ឆេង ស៊ីណា អាយុ ៣៤ ឆ្នាំ, ប៉ែន ស៊ី​ថូ អាយុ ៣២ ឆ្នាំ, ហ៊ួ​ន ប៊ុន​ណ្ណា អាយុ ៣២ ឆ្នាំ, ​ទុយ ស៊ួ​ត អាយុ ៣៨ ឆ្នាំ និង​ អ៊ុន វ៉ាន់​ឌុយ អាយុ ៣២ ឆំ្នា ដោយម្នាក់ៗ ជាប់​ពន្ធនាគារ ៨ ខែ ពីបទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា តាម​​មាត្រា ៣០៧ នៃ​ក្រម​ព្រហ្មទណ្ឌ តែ​ទោស​នេះ ត្រូវ​ព្យួរ​ទាំង​ស្រុង។

លោកចៅក្រម​ អុឹម វណ្ណៈ បានប្រកាស​នៅក្នុង​សវនាការ​ក្រោយ​ពី​បញ្ចប់​ការសួរ​ដេញ​​ដោល​ជាង ៣០ នាទី ដោយ​ពុំ​មាន​តំណាង​រោង​ចក្រ​ចូល​រួម​ កាលពី​ម្សិលមិញ​ថា «ក្រោយ​ស្តាប់​ចម្លើយ​របស់​គូភាគី សេច​ក្តី​សម្រេច​នឹង​ប្រកាស​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ២ និង ៣០ នាទី​រសៀល»។

លោក ប៉ាវ ស៊ីណា បាន​ថ្លែង​ម្សិលមិញ​ ក្រោយ​​ពី​ដើរ​ចេញពី​តុលាការ​ថា ក្រោយ​ទទួលបាន​ការកាត់ទោស​ទាំង​កំបាំង​មុខ ហើយ​ខ្លួន​លោក ពុំដែល​ទទួល​បាន​ដីកា​ណាមួយ ​ទាក់ទង​នឹង​សំណុំ​រឿងនេះលោក​​ក៏បា​ន​​ប្តឹង​ទាស់ ​លើ​សេចក្តីសម្រេច​នេះនិង​ស្នើ​ឲ្យ​តុលាការ​លើក​លែង​​ការចោទប្រកាន់​ទាំង​ស្រុ​ង ​លើ​ពួកលោក​ទាំង ៧ នាក់។

លោក ស៊ីណា អះអាងថា ការ​ចោទប្រកាន់​នេះ ពុំ​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ក្នុង​បាតុកម្ម​របស់​កម្មករ​ពេលនោះ លោក​​គ្មាន​វត្តមាន​ទេ ហើយក៏​មិន​ដែល​ញុះញង់​ឲ្យ​កម្មករ​ធ្វើបាតុកម្ម​នោះ​ដែរ។ «កា​ល​​ហ្នឹង​គឺ​កម្មករ​បាន​ផ្ទុះ​ការតវ៉ា​រួចទៅហើយ ដោយ​ខឹង​នឹង​តំណាង​រោងចក្រ បាន​រំលោភ​បំពាន​លើ​ពួកគាត់ ជា​កម្មករ​ស្រី​។ ដល់​មាន​ការ​ទាមទារ​ឲ្យ​ដក​តំណាង​រូបនោះ ខាង​រោងចក្រ​មិន​ព្រម​ដោះ​ស្រាយ បាតុកម្ម ក៏បាន​អូស​បន្លាយ។ ខ្ញុំ​ពុំ​ដឹង​ថា​ រោងចក្រ​ប្តឹង​ខ្ញុំ​ផង ហើយ​រហូតដល់​ប្រកាស​សាល​ក្រម​កំបាំង​មុខ ទើប​ខ្ញុំ​ដឹង»។

កាលពី​ឆ្នាំ ២០១២ បន្ទាប់ពី​កម្មករ​ប្រមាណ ២០០០ នាក់ បាន​ផ្ទុះ​បាតុ​កម្ម ភាគី​ក្រុមហ៊ុន អូ​សេ​អង់ ដែលមាន​ទីតាំងនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្តឹង​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា និង​មន្ត្រី​សហជីព​មូលដ្ឋាន ៦ រូប។

ភ្នំពេញ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង​ភាគី​រោងចក្រ​អូ​សេ​អង់​ ​បានទេ ខណៈ​រោងចក្រ​នេះបាន​បិទទ្វារ​តាំងពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។

លោក ហេង ផេង ព្រះរាជ​អាជ្ញានៃ​អយ្យការ​អម​សាលា​ដំបូ​ង​រាជធានី​​លើកឡើង​ក្នុង​សវនា​​កា​​រ​ថា សំណុំ​រឿងនេះ ពី​ដំបូង ត្រូវបាន​ចោទប្រកាន់​ចំនួន ២ ​ករណីគឺ​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោ​យ​​ចេតនា និង​បទ​ជេ​រប្រមាថ​ជា​សាធារណៈ តែ​តុលាការបាន​ទម្លាក់​បទ​ចោទ​មួយ​ករណី​វិញ ដោយ​ចោទ​លើ​ពួកគេ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា។ «បើ​ក្នុង​ករណីមាន​ការ​ប្តឹង​ទាស់​ត្រូ​វ​​មាន​ភ័ស្តុ​​តាង​​ផ្ទុយ​ដែល​អាច​ឲ្យ​ចៅក្រម​ជឿ​ទុក​ចិត្ត​បាន»៕