ភ្នំពេញ៖ ក្រសួង​យុត្ដិធម៌​ប្រកាស​ថា ​រយៈពេល ​១ ​ខែ​ ក្រោយ​ ​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​យុទ្ធនាការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​-ខេត្ត​ សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​កក​ស្ទះ​ចំនួន ​៣ ៤៥៤ ​ស្មើ​នឹង ​២៧​% នៃ​សំណុំ​រឿង​កក​ស្ទះ​សរុប​ជិត ​៤ ម៉ឺន​សំណុំ​រឿង ​ត្រូវ​​បាន​ជំនុំ​ជម្រះ​រួច​ហើយ។ ក្រសួង​រំពឹង​ថា ​ករណី​ដែល​នៅ​សេសសល់​នឹង​អាច​ដោះ​បាន​ក្នុង​ដំណាច់​ឆ្នាំ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ​ម៉ាលីន​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ​ក្នុង​ពេល​អនុវត្ត​យុទ្ធនាការ​រយៈពេល ​១ ​ខែ​កន្លង​ទៅ​ មិន​មាន​បញ្ហា​ប្រឈម​ណា​មួយ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ដល់​ក្រុម​ការងារ​អនុវត្ដ​យុទ្ធនាការ​ឡើយ។​ ព្រោះ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​យល់​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ដ​យុទ្ធនាការ​នេះ និង​គោរព​តាម​អភិក្រម​ ​ដែល​បាន​ដាក់​ចេញ​ទៅ។

លោក​ថ្លែង​ថា​៖ «ទៅ​មុខ​ទៀត​ គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​អនុវត្ដ​តាម​ផែនការ ​យន្តការ​ ក៏​ដូច​ជា​វិធានការ​ដែល​បាន​ដាក់​ចេញ​ក្នុង​ការ​អនុវត្ដ​យុទ្ធនាការ​នេះ​។ ​យើង​សង្ឃឹម​ថា ​បើ​សម្ទុះ​នេះ​នៅ​តែ​ខ្លាំងក្លា ​វិជ្ជមាន​ដូច​រយៈពេល ១ ​ខែ​កន្លង​ទៅ​នេះ គឺ​យើង​រំពឹង​ទុក​ថា​សំណុំ​រឿង​នៅ​សេសសល់​នឹង​អាច​ដោះ​បាន​នូវ​ដំណាច់​ឆ្នាំ ​២០២០ ​នេះ»។

កាល​ពី​ថ្ងៃ​ទី ២​ ខែ​កក្កដា នេះ ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ ខេត្ត​ (គ.យ.ក.ស) ​របស់​ក្រសួង​យុត្ដិធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី ​វឌ្ឍនភាព​នៃ​យុទ្ធនាការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​ នៅ​តាម​សាលា​ដំបូង​រាជធានី​-ខេត្ត ​ក្រោយ​ការ​ប្រកាស​ដាក់​ចេញ​ឱ្យ​អនុវត្ត​ កាល​ពី​ថ្ងៃ​ទី ១៨​ ខែ​ ឧសភា​ ឆ្នាំ ​២០២០។ ​

គ.យ.ក.ស.​ អះអាង​ថា​៖ «ជា​លទ្ធផល​សំណុំ​រឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលា​ដំបូង​រាជធានី​-ខេត្ត​ ដែល​កក​ស្ទះ​ចំនួន ៣ ៤៥៤ ​សំណុំ​រឿង ​ស្មើ​នឹង​ ២៧% ​នៃ​សំណុំ​រឿង​កក​ស្ទះ​សរុប​ ជិត ​៤ ម៉ឺន​សំណុំ​រឿង​ ត្រូវ​បាន​ជំនុំ​ជម្រះ​រួច»។

គ.យ.ក.ស. ​រំពឹង​ថា ​សាលា​ដំបូង​រាជធានី​-ខេត្ត​ ទូទាំង​ប្រទេស​ នឹង​បន្ត​ការ​ខិតខំ​ដោះស្រាយ​សំណុំ​រឿង​កក​ស្ទះ​ទាំង​នេះ​ ឱ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ​២០២០ ​នេះ​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ ​គឺ​ លឿន​ ត្រឹមត្រូវ ​យុត្តិធម៌ ​និង​មិន​ពុក​រលួយ។

លោក ​កើត រិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ឱ្យ​ដឹង​ក្នុង​ពេល​ប្រកាស​បើក​យុទ្ធនាការ​នេះ​ថា​ តាម​ការ​ផ្ទៀងផ្ទាត់​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​-ខេត្ត ​គឺ​សំណុំ​រឿង​ដែល​កំពុង​ចាត់​ការ​មាន​ជិត ​៤ ម៉ឺន​សំណុំ​រឿង ​(៣៩ ១៥២ សំណុំ​រឿង)។ ​មាន​អ្នក​ជាប់​ឃុំ​សរុប​ចំនួន ​១២ ៦៥១ នាក់ ​(អ្នក​ជាប់​ឃុំ​នៅ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​មាន​ចំនួន​ ៦ ៩០០ ​នាក់)។ ចំនួន​នេះ​ធ្វើ​ឱ្យ​មាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន។

លោក​រដ្ឋមន្រ្ដី​ថ្លែង​ថា​ ផ្អែក​តាម​ផែនការ​ និង​ផ្អែក​តាម​ទិន្នន័យ​សំណុំ​រឿង​ដែល​ទទួល​បាន​ពី​សាលា​ជម្រះ​ក្ដី ​និង​ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ដោយ​សុឆន្ទៈ ​ពី​គ្រប់​តួអង្គ ​និង​ស្ថាប័ន​អនុវត្ដ​ច្បាប់​ទាំង​អស់​ដែល​មាន​ការ​ពាក់ព័ន្ធ​ ក្រសួង​យុត្ដិធម៌​រំពឹង​ទុក​ថា ​យុទ្ធនាការ​នេះ ​នឹង​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី-ខេត្ដ បាន​ប្រមាណ​ចាប់​ពី ​៥០-៧០ ​ភាគរយ ​នៅ​ក្នុង​រយៈពេល ​៦ ខែ​ ក្រោយ​ការ​អនុវត្ដ​យុទ្ធនាការ​នេះ។

លោក ​នុត សវនា ​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កំពុង​ធ្វើ​ការ​ស្ថាបនា​ជួសជុល​ និង​ពង្រីក​ពន្ធនាគារ​បន្ថែម​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ដ​មួយ​ចំនួន​។

លោក​ថា តាមរយៈ​ការ​អនុវត្ដ​យុទ្ធនាការ​របស់​ក្រសួង​យុត្ដិធម៌​នេះ​នឹង​ជួយ​ពន្លឿន​សំណុំ​រឿង​ដែល​ ​​កកស្ទះ​ឱ្យ​ទៅ​ជា​សំណុំ​រឿង​ដែល​មាន​សាល​ក្រម​ស្ថាពរ និង​អាច​ឱ្យ​ពន្ធនាគារ​ផ្ទេរ​អ្នក​ជាប់​ឃុំ​ពី​កន្លែង​កកស្ទះ​ទៅ​ពន្ធនាគារ​ដែល​ធំ​ទូលាយ​បាន។

លោក​ថ្លែង​ថា​៖ «នៅ​ពេល​ដែល​ចំនួន​អ្នក​កាត់​ទោស​ហើយ​មាន​ការ​កើន​ឡើង​ យើង​អាច​ធ្វើ​ការ​ផ្ទេរ​ពួក​គាត់​ទៅ​កន្លែង​ណា​ដែល​ទូលាយ​ជាង​មុន ​ជាជាង​ការ​ផ្ដុំ​គ្នា​ទៅ​ទីកន្លែង​ប្រជុំជន​ ​សំខាន់ៗ​ដូចជា​នៅ​ខេត្ដ​សៀមរាប​ និង​រាជធានី​ភ្នំពេញ​ជាដើម»។

លោក ​ស៊ឹង ​សែនករុណា ​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​(អាដហុក) ​លើក​ឡើង​ថា ​លទ្ធផល​នេះ​ជា​ការ​ប្រសើរ​ដែល​ក្រុម​ការងារ​អនុវត្ដ​យុទ្ធនាការ​របស់​ក្រសួង​យុត្ដិធម៌​ដោះស្រាយ​សំណុំ​រឿង​ក្នុង ​១ ​ខែ​នេះ​បាន​ច្រើន​ករណី​។ លោក​ថា ​កន្លង​មក​ សំណុំ​រឿង​កក​ស្ទះ​នៅ​តាម​តុលាការ​រាជធានី-​ខេត្ដ​ គឺ​ជា​បញ្ហា​មួយ​ដែល​តុលាការ​កម្ពុជា​មាន​ការ​ឆក​ល្វែង​ ក្នុង​ការ​អនុវត្ដ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​ថ្លែង​ថា​៖ «ជា​ការ​ទទូច​របស់​ខាង​ខ្ញុំ​ជា​សង្គម​ស៊ីវិល ខ្ញុំ​ចង់​ឃើញ​ការ​ដោះស្រាយ​សំណុំ​រឿង​ដែល​កំពុង​កកស្ទះ​ទាំង​នេះ​ឱ្យ​មាន​ភាព​ឆាប់​រហ័ស​ ហើយ​គួរ​មាន​ការ​ពិនិត្យ​មើល​ទៅ​លើ​ចំណាត់​ការ​នៃ​ការ​ដោះ​ស្រាយ​សំណុំ​រឿង​ទាំង​នេះ»។

លោក​បន្ត​ថា​៖ «ថ្វី​ដ្បិត​តែ​វា ​[សំណុំ​រឿង] ​មាន​ចំនួន​ច្រើន​ករណី​មែន​ ក៏​ប៉ុន្ដែ​គួរ​ពិនិត្យ​មើល​ភាព​ប្រក្រតី​ នៃ​ដំណោះ​ស្រាយ​ក្នុង​សំណុំ​រឿង​នេះ​ដែរ​ថា​ តើ​អ្នក​ដែល​កាន់​សំណុំ​រឿង​កន្លង​មក​​មាន​កំហុស​អ្វី​ខ្លះ​ទើប​នាំ​ឱ្យ​មាន ​[ភាព] យឺតយ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​ រហូត​ដល់​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មាន​យុត្ដិធម៌​របស់​ប្រជាពលរដ្ឋ។ ​ករណី​នេះ​ជា​កំណែ​ទម្រង់​ក្នុង​ប្រព័ន្ធ​យុត្ដិធម៌​ចាប់​ពី​ពេល​នេះ​ទៅ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ស្នើ​ឱ្យ​មាន​ការ​គិតគូរ​ចំពោះ​អ្នក​ទោស​មនសិការ​ផង​ដែរ​ ព្រោះ​សំណុំ​រឿង​អ្នក​ទាំង​​នេះ​ក៏​រង​នូវ​ភាព​អយុត្ដិធម៌​ដែរ ​ហើយ​ជា​សំណុំ​រឿង​មួយ​មិន​ត្រូវ​ទុក​ចោល​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នោះ​ទេ៕