ភ្នំពេញៈ គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភាបានបកស្រាយថានៅក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាពុំមានមាត្រាណាមួយដែលអនុញ្ញាតឲ្យរដ្ឋសភាកោះហៅតំណាងរាស្ត្រមកបំភ្លឺពីរឿងអ្វីមួយនោះឡើយខណៈដែលក្រុមនិស្សិតដែលជាដើមចមនៃបញ្ហានេះបានប្រកាសថានៅថ្ងៃនេះពួកគេនឹងបន្តដង្ហែញត្តិទៅផ្ទះលោក កឹម សុខា ដើម្បីជំរុញឲ្យប្រធានស្តីទីគណកបក្សប្រឆាំងរូបនេះធ្វើការបំភ្លឺទៅនឹងរឿងអាស្រូវផ្លូវភេទផ្ទាល់ខ្លួនរបស់លោក។
ការបកស្រាយរបស់គណៈកម្មការរដ្ឋសភានេះបានធ្វើឡើងបន្ទាប់ពីលោក ស្រី ចំរើន ដែលអះអាងថាខ្លួនជាតំណាងឱ្យក្រុមនិស្សិតប៉ុន្តែមជ្ឈដ្ឋានជាច្រើនគិតថាក្រុមនេះមានអ្នកនយោបាយនៅពីក្រោយបានដាក់ញត្តិទៅរដ្ឋសភាឱ្យកោះហៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឱ្យបំភ្លឺរឿងអាស្រូវផ្លូវភេទដែលត្រូវបានបណ្តាញព័ត៌មានផ្សព្វផ្សាយជាខ្សែអាត់សំឡេងក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។ ប៉ុន្មានថ្ងៃក្រោយមកលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានចេញលិខិតមួយស្នើឲ្យលោក កឹម សុខា ធ្វើការបំភ្លឺពីបញ្ហានេះ។
ប៉ុន្តែនៅក្នុងលិខិតកាលពីម្សិលមិញចុះហត្ថលេខាដោយប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនៃរដ្ឋសភាលោក អេង ឆៃអ៊ាង បានបំភ្លឺជូនប្រធានរដ្ឋសភាលោក ហេង សំរិន ថាគណៈកម្មការបានទទួលពាក្យបណ្តឹងរបស់លោកស្រី ចំរើន កាលពីថ្ងៃទី ២៥ ខែមីនា វេលាម៉ោង ៩ និង ៣៥ នាទីព្រឹកដែលបានស្នើឱ្យប្រធានរដ្ឋសភាលោក ហេង សំរិន ពន្លឿន និងជំរុញកោះហៅលោក កឹម សុខា ចូលបំភ្លឺចំពោះខ្សែអាត់សំឡេងដែលត្រូវបានគេផ្សព្វផ្សាយតាមនីតិវិធីរបស់រដ្ឋសភា។ ក្នុងលិខិតបានបញ្ជាក់ថាទាក់ទងនឹងសំណើនេះសភាមិនមានសិទ្ធិកោះហៅតំណាងរាស្ត្រឱ្យបំភ្លឺរឿងអ្វីមួយឡើយ។
លិខិតបានបន្តថា៖ «សូមគោរពជូនសម្តេចប្រធានសភាមេត្តាជ្រាបថានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាពុំមានមាត្រា និងប្រការណាមួយអនុញ្ញាតឱ្យរដ្ឋសភាកោះអញ្ជើញតំណាងរាស្ត្រមកបំភ្លឺពីបញ្ហាអ្វីមួយឡើយ»។
នៅក្នុងទំព័រហ្វេសប៊ុករបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ក៏បានលើកឡើងថា៖ «សេចក្តីរាយការណ៍របស់ខ្ញុំមានខ្លឹមសារផ្ទុយពីលិខិតលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាដែលបង្ខំឲ្យអ្នកតំណាងរាស្ត្រ កឹម សុខា ឆ្លើយបំភ្លឺផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា»។
លោកស្រី ចំរើន ដែលបានដាក់ញត្តិស្នើសុំឱ្យរដ្ឋសភាកោះហៅលោក កឹម សុខា មកបំភ្លឺបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាការឆ្លើយតបរបស់គណៈកម្មការទទួលពាក្យបណ្តឹងនៃរដ្ឋសភាគ្រាន់តែជាការគេចវេះប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំមិនយល់ថាស្ថាប័នរដ្ឋសភាមានចំណាត់ការយ៉ាងណាទេតែខ្ញុំធ្វើទៅតាមមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញមានន័យថារាល់សេចក្តីស្នើសុំរបស់ប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយជូនពីអង្គការរដ្ឋ»។
លោកបានឲ្យដឹងទៀតថានៅថ្ងៃនេះលោកនឹងបន្តហែក្បួនដាក់ញត្តិទៅឧត្តមស្នងការអង្គការសហប្រជាជាតិទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងផ្ទះលោក កឹម សុខា ផងដែរ។
លោកបន្តថាកាលពីរសៀលថ្ងៃម្សិលមិញលោកបានជូនដំណឹងទៅសាលារាជធានីភ្នំពេញស្តីពីការហែក្បួនដាក់ញត្តិតាមមធ្យោបាយជិះរថយន្ត និងម៉ូតូដែលមានគ្នាប្រមាណ ២០០ នាក់។
លោក មេធាវី សុក សំអឿន បានសម្តែងការយល់ស្របចំពោះការបញ្ជាក់របស់គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាដោយលោកលើកឡើងថាប្រសិនរដ្ឋសភាចាំតែកោះហៅតំណាងរាស្ត្រមកសួររឿងផ្ទាល់ខ្លួន ឬរឿងតូចតាចនោះតំណាងរាស្ត្រមិនចាំបាច់មានអភ័យឯកសិទ្ធិការពារខ្លួននោះទេ។
លោកបញ្ជាក់ថា៖ «គ្រាន់តែរឿងផ្ទាល់ខ្លួនអ៊ីចឹងរដ្ឋសភាកោះហៅតំណាងរាស្ត្រមកសួររដ្ឋសភាដែលគេបោះឆ្នោតឱ្យ ៥ ឆ្នាំមិនបាច់រវល់អីទេរវល់តែតាមដានរឿងផ្ទាល់ខ្លួនរបស់តំណាងរាស្ត្រ»។
ម្យ៉ាងទៀតតំណាងរាស្ត្រដែលគេឱ្យអភ័យឯកសិទ្ធិគឺដើម្បីការពារកុំឱ្យយករឿងកំប៉ិកកំប៉ុករឿងការបញ្ចេញមតិតិចតួចមកហៅសួរវាធ្វើឱ្យរាំងស្ទះការងាររបស់តំណាងរាស្ត្រ»។
លោក សុក សំអឿន បានពន្យល់បន្ថែមថារាល់ចំណាត់ការលើតំណាងរាស្ត្រនីមួយៗទាល់តែតំណាងរាស្ត្ររូបនោះបានប្រព្រឹត្តបទល្មើសជាក់ស្តែង និងបទឧក្រិដ្ឋធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា៖ «រឿងតំណាងរាស្ត្រអត់មាននិយាយពីហៅសួរអ៊ីចឹងទេមានតែរឿងព្រហ្មទណ្ឌបើទោសធ្ងន់គេដកអភ័យឯកសិទ្ធិតែម្តងហើយតុលាការអ្នកចាត់ការ»៕