ឧត្តរមានជ័យៈ ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង គណៈគ្រប់គ្រងខេត្តឧត្តរមានជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍អន្លង់វែងលើកទី ២ ក្រោមប្រធានបទ “ថ្មើរជើងប្រវត្តិសាស្ត្រ” ដែលបានចាប់ផ្តើមពីថ្ងៃទី ៧-៩ ខែកុម្ភៈនៅទីរួមស្រុកអន្លង់វែង។
បើយោងតាមលោក លី សុខឃាង ប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានឲ្យដឹងថា កម្មវិធី “ថ្មើរជើងប្រវត្តិសាស្ត្រ” ដែលមានរយៈពេល ២ ថ្ងៃកន្លះ គឺមានបំណងចម្បងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីតំបន់អន្លង់វែង។ នៅក្នុងពិធីនេះក៏មានការតាំងពិព័រណ៍រូបថតចំនួន ១០០ ផ្ទាំង ចំបាប់ខ្មែរ ការប្រណាំងទូក ការប្រកួតបាល់ទាត់ និងបាល់ទះមិត្តភាពកម្ពុជា-ថៃ ពិព័រណ៍ម្ហូបអាហារកម្ពុជា-ថៃ ការប្រណាំងកង់យឺត ការសម្តែង ប្រដាល់គុនខ្មែរ និងថៃ ព្រមទាំង តន្ត្រី និងការរាំលេងកម្សាន្ត។
លោកបានបន្តថាកាលពីថ្ងៃទី ៨ ខែកុម្ភៈ កម្មវិធី “ថ្មើរជើងប្រវត្តិសាស្ត្រលើកទី២” បានប្រព្រឹត្តទៅដោយមានមនុស្សចូលរួមចំនួនប្រមាណ ១ ៥០០ នាក់ ដែលមកពីស្ថាប័នផ្សេងៗមានដូចជា សិស្សានុសិស្ស ប្រជាជនស៊ីវិល ទាហាន និងមន្ត្រីរាជការ។ កម្មវិធីក៏បានថ្លែងនូវអំណរគុណ ចំពោះការគាំទ្រពីសំណាក់អាជ្ញាធរខេត្តឧត្តរមានជ័យ និងគណៈកម្មការរៀបចំកម្មវិធីដល់ការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងក្នុងការអភិរក្ស និងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
លោក លី សុខឃាង បានប្រាប់ ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញ ថា៖ «រយៈពេល ២ ថ្ងៃកន្លះនេះ ប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ច្រើនក្នុងមូលដ្ឋាន ក្នុងស្រុកអន្លង់វែង គឺទាំងពលរដ្ឋខ្មែរនៅក្នុងអន្លង់វែង និងជនជាតិថៃផង។ ជាពិសេសការរត់ថ្មើរជើង ប្រវត្តិសាស្ត្រលើភ្នំដងរែកដែលយើងឃើញភាគីថៃមកចូលរួម ៧៥០ នាក់។ យើងធ្វើព្រឹត្តិការណ៍កីឡានេះ ដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខក៏ដូចជានាំមកនូវភាពរុងរឿងសម្រាប់ស្រុកអន្លង់វែងផងដែរ»។
លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យលើកឡើងក្នុងសុន្ទរកថារបស់ខ្លួនថា កម្មវិធីថ្មើរជើងប្រវត្តិសាស្ត្រនេះនឹង “ពង្រឹងមិត្តភាពរវាងកម្ពុជា-ថៃ” ជាពិសេសនៅតាមតំបន់ព្រំដែនដូចជាខេត្តឧត្តរមានជ័យនេះផ្ទាល់។ លោកថា៖ «[គណៈកម្មការ] គ្រោងនឹងរៀបចំកម្មវិធីរៀងរាល់ឆ្នាំ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះតំបន់អន្លង់វែង និងធ្វើឲ្យតំបន់នេះក្លាយជាទិសដៅ ទេសចរណ៍ដ៏មានសក្តានុពល»។
លោកយល់ឃើញថា ព្រឹត្តិការណ៍ប្រភេទនេះក៏គួរតែរៀបចំឡើងនៅក្នុងតំបន់ផ្សេងៗទៀតនៅតាមបណ្តោយព្រំប្រទល់ថៃ។
បើតាមលោក លី សុខឃាង ដែលស្រង់សម្តីពីភាគីថៃគឺលោក សំរួយ កេធិគុណ អភិបាលរងខេត្តស៊ីសាកេត សម្តែងការជឿជាក់ថាសកម្មភាពនេះនឹងជួយរឹតបន្តឹងដល់ចំណងមិត្តភាពរបស់កម្ពុជា-ថៃ ព្រមទាំងជាកាយវិការដ៏ប្រសើរសម្រាប់ប្រជាជនទាំង ២ ក្នុងការប្រាស្រ័យទាក់ទងគ្នា។
លោកបញ្ជាក់ថា៖ «ភាគីថៃរីករាយ និងប្រាកដជាសហការគាំទ្រព្រមទាំងចូលរួមរាល់សកម្មភាពមិត្តភាព ដែលភាគីកម្ពុជាផ្តួចផ្តើមដើម្បីពង្រឹងវិស័យទេសចរណ៍សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំង ២»។
លោក សុខឃាង ក៏បានស្រង់សម្តីលោកប្រយោជន៍ដែលជាគ្រូបង្រៀនមកពីខេត្តស៊ីសាកេតដែលបានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តចំពោះកម្មវិធីនេះដោយលើកឡើងថា កម្មវិធីថ្មើរជើងប្រវត្តិសាស្ត្រនេះ “ពិតជាល្អ”។ លោកបានបញ្ជាក់ថា៖ «ដោយសារតែយើងបានបង្កើតជា “វប្បធម៌ដ៏ប្រសើរ” រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ពីព្រោះថ្ងៃនេះយើងបានដើរដើម្បីផ្លាស់ប្តូរវប្បធម៌ ដើរដើម្បីការសិក្សា ដើរដើម្បីព្រះពុទ្ធសាសនា និងដើរដើម្បីកីឡាហើយនេះគឺជាសកម្មភាពជាទីប្រសើរសម្រាប់ប្រជាជនទាំង ២ ប្រទេស»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ថា៖ «ផ្លូវទៅកាន់សន្តិភាពមួយគឺពិតជាឆ្ងាយ ថ្មើរជើងទៅកាន់ប្រវត្តិសាស្ត្រមួយគឺពិតជាលន្លង់លន្លោច ប្រសិនបើយើងមិនដើរជាមួយគ្នា»។
បើតាមការរៀបរាប់របស់លោក លី សុខឃាង ដដែលតាមហ្វេសប៊ុកការដាក់តាំងបង្ហាញ «ពិព័រណ៍រូបថត ១០០ សន្លឹក ដើម្បីជាការចងចាំ និងអប់រំ» នៅក្នុងបរិវេណនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងគឺជាផ្នែកមួយនៃការចងចាំប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលចាប់ផ្តើមកាលពីប្រមាណ ៦០ ឆ្នាំមុន ព្រមទាំងបង្ហាញពីបរិបទសង្គមនយោបាយនៃការធ្វើសមាហរណកម្មចុងក្រោយនៃអតីតចលនាតស៊ូខ្មែរក្រហមនៅឆ្នាំ ១៩៩៨។
លោក ឌី ថារ៉េន ម្ចាស់បទ «អន្លង់វែងស្នេហា» ដែលជាស្នាដៃនិពន្ធរបស់ លោក ស៊ុំ សារឿន ក៏នឹងបង្ហាញវត្តមាននៅក្នុងឱកាសនោះដែរដើម្បីបន្លឺសូរសៀងផ្ទាល់ជូនដល់ក្រុមកីឡាករ-កីឡាការិនីទាំងឡាយ។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ ១៩៧៩ ចលនាតស៊ូរបស់មេដឹកនាំខ្មែរក្រហមមិនបានបញ្ចប់ទៅភ្លាមៗទេ។ មេដឹកនាំទាំងនោះបានភៀសខ្លួនទៅទីតាំងនៅតាមតំបន់ភាគខាងជើងនៃប្រទេសកម្ពុជាជាប់នឹងព្រំដែនប្រទល់ថៃដោយបានប្រមូលកៀរគរយកសមាជិក និងប្រជាជនសាមញ្ញទៅជាមួយផង។ មេដឹកនាំខ្មែរក្រហមបានបន្តចលនារបស់ខ្លួនតាមតំបន់ទាំងនេះដោយបង្កជាភាពវឹកវរ និង សង្គ្រាមស៊ីវិល នៅក្នុងប្រទេស រហូតដល់សមាហរណកម្មរបស់ខ្លួននៅក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីមរណភាពរបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហម។ ភាគច្រើននៃប្រជាជនរស់នៅក្នុងស្រុកនេះ បច្ចុប្បន្នគឺជាអតីតសមាជិកនៃរបបខ្មែរក្រហម។
អន្លង់វែង គឺជាទីតាំងដំបូងដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតការិយាល័យស្រាវជ្រាវដំបូងបំផុតនោះគឺ «មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង»។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ ២០១៤ ក្នុងគោលបំណងបន្តការស្រាវជ្រាវអំពីរបបខ្មែរក្រហម។ ជាពិសេសប្រវត្តិសាស្ត្រនៃតំបន់អន្លង់វែងផ្ទាល់ ជំរុញឲ្យមានការផ្សះផ្សារវាងអតីតសមាជិក និងអ្នករស់រានមានជីវិតនៃរបបខ្មែរក្រហមតាមរយៈវប្បធម៌សន្ទនារវាងក្រុមទាំង ២ ក៏ដូចជាការដឹកនាំទស្សនកិច្ចសិក្សាទៅកាន់តំបន់នេះ។
តាមលោក លី សុខឃាង ក៏បានឲ្យដឹងទៀតថាមជ្ឈមណ្ឌល សន្តិភាពអន្លង់វែងបានធ្វើការយ៉ាងស្វិតស្វាញជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំង ១៤ ទីតាំងដែលរួមមាន ទីតាំងដុតសព ប៉ុល ពត ទីតាំងកប់សពរបស់ ប៉ុល ពត ផ្ទះតាម៉ុក និងទីស្នាក់ការរបស់តាម៉ុកជាដើមក្នុងគោលបំណងអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនជំនាន់ក្រោយ និងធានាថារបបឃោរឃៅនេះនឹងមិនកើតឡើងវិញជារៀងរហូត៕