កំពង់ឆ្នាំងៈ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កីឡា​របស់​ជនជាតិ​ចិន​ឈ្មោះ ជីន យី ហ្គាមេន ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង​បាន​ជំពាក់​មិន​បើក​ប្រាក់ខែ​កាលពី​ខែកញ្ញា​ឱ្យ​កម្មករ​ជាង​ ៣ ​ពាន់​នាក់ បន្ទាប់ពី​រោងចក្រ​នេះ​បាន​បាត់បង់​អ្នកបញ្ជា​ទិញ​ដ៏ធំ​របស់ខ្លួន​ដែល​ធ្វើឱ្យ​កម្មករ​ប្រមាណ​ជាង​ ៣ ០០០ ​នាក់ ​ធ្វើ​កូដកម្ម​តវ៉ា​បិទផ្លូវ​កាលពី​ថ្ងៃទី​ ២២ តុលា​។ អ្នកតំណាង​រោងចក្រ​អះអាង​ថា រោងចក្រ​កំពុង​ប្រឈម​នឹង​ការបិទ​ទ្វារ ប៉ុន្តែ​ថៅកែ​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​កម្មករ​។

លោក អេង ចាន់ដារ៉ា ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ ជីន យី ហ្គាមេន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៣ ​តុលា ​ថា កម្មករ​ជាង​ ៣ ៧០០ ​នាក់​ កាលពី​ថ្ងៃទី​ ២២ ​តុលា​ បាន​នាំគ្នា​ធ្វើ​កូដកម្ម​តវ៉ា​បិទផ្លូវ ដោយសារ​ខឹងសម្បា​នឹង​ថៅកែ​រោងចក្រ​ដែល​មិន​បាន​បើក​ប្រាក់ខែ​ឱ្យ​ពួកគាត់​ក្នុង​ខែ​ ៩ ​មិន​គ្រប់​ចំនួន និង​ប្រាក់​សម្រាប់​សម្រាលកូន​។

លោក​បន្តថា ចំណែក​កម្មករ​ខ្លះ​ទៀត​ដែល​ដាក់ពាក្យ​លាឈប់​ពី​ការងារ និង​ខ្លះ​ត្រូវ​រោងចក្រ​មិន​បន្ត​កិច្ចសន្យា​ការងារ​កាលពី​ខែ​កុម្ភៈ និង​មីនា​ក៏ត្រូវ​បាន​ថៅកែ​មិនបាន​បើក​ខែ​ចុងក្រោយ​ឱ្យ​ដែរ និង​ថែមទាំង​ជំពាក់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដូចជា​ប្រាក់​ដំណាច់ឆ្នាំ​ជាដើម​។

ប៉ុន្តែ​លោក​ថា​ ក្រុមកម្មករ​បាន​សម្រេច​បញ្ឈប់​ការតវ៉ា​វិញ​នៅ​ថ្ងៃ​ដដែល​នោះ បន្ទាប់ពី​ភាគី​ថៅកែ​រោងចក្រ​បាន​ជួប​សម្របសម្រួល​ជាមួយ​កម្មករ និង​សន្យា​បើកប្រាក់​ដែល​ជំពាក់​ទាំងនោះ​ឱ្យអស់​ត្រឹម​ថ្ងៃទី​ ២ ខែ​ ១២ ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​សះ​ជា​គ្នា​ហ្នឹង ដោយសារ​ភាគី​ថៅកែ​បាន​សន្យាថា ប្រាក់ខែ​ក្នុង​ខែ​ ៩ ​ដែល​សេសសល់​ហ្នឹង​នឹង​ត្រូវ​បើក​នៅ​ថ្ងៃទី​ ២៦ ខែ​តុលា​។ នៅ​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា នឹង​បើក​ប្រាក់ខែ​ក្នុង​ខែ​តុលា និង​នៅ​ថ្ងៃទី​ ២ ខែ​ធ្នូ ថៅកែ​នឹង​បើក​ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ដែល​បាន​ដាក់​ពាក្យ​លាឈប់ និង​កម្មករ​មិន​បាន​បន្ត​កិច្ចសន្យាការងារ​កាលពី​ខែ​​ ២ ​និង​ខែ​ ៣ និង​រួមទាំង​ប្រាក់​សម្រាប់​សម្រាលកូន​»​។

រោងចក្រ​កាត់ដេរ ជីន យី ហ្គាមេន ស្ថិតនៅ​ភូមិ​ស្ពានពោធិ៍ ឃុំ​សេដ្ឋកិច្ច ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។

លោក​ ហឹម ហឿម ជំនួយការ​ និង​ជា​អ្នកបកប្រែ​ឱ្យ​ថៅកែ​ចិន​នៅ​រោងចក្រ​ ជីន យី បាន​លើកឡើង​ថា ក្រុមកម្មករ​បាន​ទទួល​ប្រាក់ខែ​ក្នុង​ខែ​ ៩ ​មួយ​ចំនួន​ហើយ និង​នៅសល់​ប្រហែល​ម្នាក់​ពី​ ៣០ ​ទៅ​ ៤០ ​ដុល្លារ​ទៀត​ប៉ុណ្ណោះ​។ លោក​ថា​មូលហេតុ​ដែល​ខាង​រោងចក្រ​ជំពាក់​ប្រាក់ខែ​កម្មករ​នេះ គឺ​ដោយសារ​អ្នកបញ្ជា​ទិញ​ដ៏ធំ​បំផុត​របស់ខ្លួន​ប្រចាំ​នៅ​ប្រទេស​បារាំង​ឈប់​បញ្ជា​ទិញ​ខោអាវ​ពី​រោងចក្រ​តាំងពី​ខែ​មីនា​មក​។ ថ្វីដ្បិត​ពេលនេះ​មិនទាន់​មាន​ប្រាក់​បើក​ឱ្យ​កម្មករ ប៉ុន្តែ​ថៅកែ​បាន​ប្រកាន់​ជំហរ​ថា​នឹង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែងរក​ប្រាក់​បើក​ឱ្យ​កម្មករ​ដោយ​មិន​ត្រូវ​ខ្វះ​ ១ ​រៀល​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង គោលជំហរ​គាត់​គឺ​នឹង​ឱ្យ​ទាំងអស់​។ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ច្បាស់​ថា គាត់​នឹង​ត្រូវ​លក់​អីវ៉ាន់​ (​ក្នុង​រោងចក្រ​) ​ចេញ​ឬ​យ៉ាងណា​ទេ ដើម្បី​រកប្រាក់​ឱ្យទាន់​ថ្ងៃ​កំណត់​។ ប៉ុន្តែ​គាត់​ថា​គាត់​នឹង​ព្យាយាម​ឱ្យអស់​លទ្ធភាព​ដូច​ថា​ទៅ​ខ្ចី​មិត្តភក្ដិ ដើម្បី​ឱ្យ​ទាន់​តាម​ការសន្យា​ជាមួយ​កម្មករ​»​។

លោក​ ហឹម ហឿម បន្ថែម​ថា​រោងចក្រ​ ជីន យី ហ្គាមេន បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​ ២០១២​។ លោក​បន្តថា ក្រុមកម្មករ​បាន​នាំគ្នា​ឈប់​ធ្វើការ​តាំងពី​ថ្ងៃ​កូដកម្ម​បិទផ្លូវ និង​មាន​កម្មករ​ប្រហែល​ ៣០ ​ភាគ​បាន​ទៅ​ធ្វើ​តេស្ដ​ការងារ​នៅ​រោងចក្រ​ផ្សេង​។

លោក​អះអាង​ថា​នៅ​ថ្ងៃទី​ ២ ខែធ្នូ​ខាងមុខ​បន្ទាប់ពី​ត្រូវ​ទូទាត់​ប្រាក់​ដែល​ជំពាក់​កម្មករ​រួចរាល់ ថៅកែ​នឹង​ជួបប្រជុំ​ជាមួយ​តំណាង​កម្មករ​ដើម្បី​សម្រេច​ថា​តើ​រោងចក្រ​ត្រូវ​ដំណើរ​ការបន្ត​ ឬ​ត្រូវ​បិទទ្វារ​។

លោក​ ស៊ឹម សុវឌ្ឍនៈ អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង​ដែល​ចូលរួម​សម្របសម្រួល​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​មិន​អាច​សុំ​បញ្ជាក់​អំពី​រឿងនេះ​ទេ​ពី​ម្សិលមិញ​ដោយ​លោក​និយាយថា ជា​ថ្ងៃ​ឈប់សម្រាក​។

យោងតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​អះអាង​ថា​នៅពេល​កម្មករ​ធ្វើ​កូដកម្ម​បិទផ្លូវ​ជាតិ​លេខ​ ៥ លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ ខូវ លី ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​កើតឡើង​៕