ភ្នំពេញ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ផ្អាក​រោងចក្រ​ចំនួន ៣ ជា​បណ្តោះអាសន្ន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ១ ខែ​ឧសភា​នេះ។

លិខិត​របស់​អភិបាល​ខេត្ត លោក គួច ចំរើន បាន​ប្រាប់​ទៅ​លោក​នាយក​រោងចក្រ TGH Cambodia រោងចក្រ Nature Flooring និង​រោងចក្រ ជាំង សាង (ខេមបូឌា) ស្ព័ត & ស្តេសិនណឺរី ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ឲ្យ​ធ្វើ​ការ​ផ្អាក​ដំណើរការ​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​យក​វត្ថុ​សំណាក​កូវីដ ១៩ ពី​កម្មករ​និយោជិត។

បើ​តាម​លោក គួច ចំរើន ការ​ចេញ​លិខិត​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក​ពី​កម្មករ​នៅ​ផ្នែក​បច្ចេកទេស​ក្នុង​រោងចក្រ ហើយ​លទ្ធផល​បញ្ជាក់​ថា មាន​វិជ្ជមាន​វីរុស​កូវីដ ១៩។

លោក​ថ្លែង​ថា៖ «ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បន្ថែម​ទៀត​ដល់​កម្មករ​នៅ​ក្នុង​រោងចក្រ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​ដំណើរការ​អាជីវកម្ម​រោងចក្រ TGH Cambodia រោងចក្រ Nature Flooring និង​រោងចក្រ ជាំង សាង (ខេមបូឌា) ស្ព័ត & ស្តេសិនណឺរី រយៈពេល ២ ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​តទៅ» ។

បើ​តាម​លោក គួច ចំរើន ក្នុង​រយៈពេល ២ ថ្ងៃ​នេះ តម្រូវ​ឲ្យ​លោក​នាយក​រោងចក្រ​សហការ​ជាមួយ​ក្រុម​ការងារ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ ១៩ ដើម្បី​ផ្តល់​វត្ថុ​សំណាក​ដល់​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​វិភាគ​រក​មេរោគ​កូវីដ ១៩ តាម​ការ​កំណត់។

លិខិត​បញ្ជាក់​ថា៖ «ចំពោះ​បុគ្គលិក កម្មករ និង​យោជិត​ទាំង​អស់​របស់​រោងចក្រ​ត្រូវ​ផ្អាក​ការ​ចេញ​ចូល​រោងចក្រ ហើយ​នៅ​ក្រោយ​ពេល​បាន​ផ្តល់​វត្ថុ​សំណាក​រួចរាល់ ត្រូវ​សម្រាក​នៅ​ផ្ទះ​រង់ចាំ​រហូត​ដល់​ការ​ធ្វើ​វិភាគ​លើ​សំណាក​របស់​កម្មករ​នៅ​ក្នុង​រោងចក្រ ដែល​មាន​ការ​ពាក់ព័ន្ធ​គ្រប់ៗ​គ្នា និង​មាន​លទ្ធផល​ជា​ផ្លូវ​ការ ទើប​អាច​បន្ត​ការងារ​ជា​ថ្មី​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។ ក្នុង​ករណី​ម្ចាស់​រោងចក្រ​ទាំង​អស់​មិន​អនុវត្ត​តាម​ការ​ណែនាំ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​ចុះ​អនុត្ត​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន៕