ភ្នំពេញៈ រោងចក្រ​ចំនួន​ ៧៩ ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ និង​ខេត្តកណ្តាល​បាន​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​នោះ​រោងចក្រ​ប្រមាណ​ ៤០ ​បាន​ផ្អាក​ចង្វាក់​ផលិតកម្ម​បណ្តោះអាសន្ន​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា រោងចក្រ​ទាំង​ ៧៩ ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ និង​ជះឥទ្ធិពល​ដល់​កម្មករ​និយោជិត​ប្រមាណ​ជាង ៤ ​ម៉ឺន​នាក់​។ លោក​ថ្លែងថា​៖ «​រោងចក្រ​ដែល​ប៉ះពាល់​ទាំងនេះ​នឹង​វិវឌ្ឍ​ទៅ​ជា​ល្អប្រសើរ​វិញ ហើយ​នឹង​មាន​ចំនួន​រោងចក្រ​កាន់តែ​តិច​ទៅៗ​ (​លែង​លិច​ទឹក​) ​នៅ​ថ្ងៃ​ចន្ទ​»​។

គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែតុលា រោងចក្រ​ចំនួន​ ៦២ ​នៅ​ភ្នំពេញ ១៣ ​នៅ​ខេត្តកណ្តាល និង​ ៤ ​ទីតាំង​នៅ​ខេត្តកំពង់ស្ពឺ​បាន​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ លោក សួរ បញ្ជាក់ថា​៖ «​រោងចក្រ​ប្រមាណ​ជា​ ៤០ ​ទីតាំង​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យ​មាន​ការផ្អាក​ដំណើរការ​ផលិត​បណ្ដោះអាសន្ន ប៉ុន្តែ​ជាង​ ៣០ ​កន្លែង​ផ្សេងទៀត​នៅ​បន្តដំណើរ​ការធម្មតា​»​។

លោក ចឹក បូរិន្ទ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា រោងចក្រ​ចំនួន​ ៤ ​ទីតាំង​ដែលមាន​ទឹកជំនន់​ឡើងដល់​បរិវេណ​រោងចក្រ ប៉ុន្តែ​មិនបាន​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​ទេ ហើយ​កម្មករ​នៅតែ​បន្ត​ធ្វើការ​ជាធម្មតា​។

លោក​ប្រាប់ថា​៖ «​មន្ទីរ​នៅ​បន្តធ្វើ​ការតាមដាន​ជាប់​ជាប្រចាំ​ទាំង​រោងចក្រ និង​កម្មករ​ដោយ​កន្លែង​ណា​ដែល​កម្មករ​ជួប​បញ្ហា យើង​ជួយ​សម្របសម្រួល​ដល់​ពួកគាត់​ដូចជា​កម្មករ​ធ្វើដំណើរ​ជួប​នឹង​ការដាច់​ផ្លូវ ឬ​យឺតយ៉ាវ​ក្នុង​ម៉ោង​ការងារ យើង​សម្របសម្រួល​ជូន​ពួកគាត់​ទាំងអស់​គ្នា​ជាមួយ​នឹង​ម្ចាស់​រោងចក្រ​»​។

បើតាម​លោក បូរិន្ទ មន្ទីរ​ការងារ​បាន​សហការ​ជាមួយ​នឹង​សហជីព និង​រោងចក្រ​ដើម្បី​ធ្វើការ​សម្របសម្រួល​ទៅដល់​រោងចក្រ​ក្នុង​ការផ្តល់​ភាពងាយស្រួល​សម្រាប់​កម្មករ​ក្នុងករណី​ពួកគាត់​មាន​បញ្ហា​ក្នុង​ការធ្វើ​ដំណើរ​។ ក្នុង​ខេត្ត​កំពង់ស្ពឺ​មាន​រោងចក្រ​ចំនួន​ ១៤៥ ​រោងចក្រ​ដែល​នៅមាន​ដំណើរការ​ហើយ​មាន​រោងចក្រ​តែ​ ៩ ​ប៉ុណ្ណោះ​ដែល​បាន​ព្យួរការងារ​កម្មករ​ដោយសារ​ការប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ និង​មាន​កម្មករ​ប្រមាណ​ ២០០០ ​នាក់​បាន​ប៉ះពាល់​ពី​ការព្យួរ​នេះ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា វា​ជា​រឿង​អកុសល​មែនទែន​ដែល​ទឹកជំនន់​កើត​មាន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ផ្នែក​ខ្លះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​រោងចក្រ​ដែល​ជា​សមាជិក​របស់ GMAC ដែល​ភាគច្រើន​បាន​រង​នូវ​ផលប៉ះពាល់​ពី​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ការធ្លាក់ចុះ​ ឬ​ការបាត់បង់​នៃ​ការបញ្ជាទិញ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ជា​ការពិត​ទឹកជំនន់​នេះ​បានធ្វើឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​រោងចក្រ ហើយ​វា​ក៏បាន​បង្អាក់​ដល់​ដំណើរការ​ផលិតកម្ម​របស់​រោងចក្រ​ដែរ​។ យើង​ដឹង​ហើយ​ថា នៅពេល​ដែល​មាន​ការអាក់ខាន​ក្នុង​ការផលិត​ធ្វើឱ្យ​ការផ្គត់ផ្គង់​ទំនិញ​ទៅដល់​អ្នកបញ្ជា​ទិញ​នឹង​មាន​ការយឺតយ៉ាវ ហើយ​លក្ខខណ្ឌ​នៃ​ការផ្គត់ផ្គង់​ទំនិញ​នឹង​មាន​ការពិន័យ​បើសិន​ជា​មាន​ការយឺតយ៉ាវ​ក្នុង​ការផ្គត់ផ្គង់​ទំនិញ​មិនបាន​ទាន់​ពេលវេលា​តាម​ការសន្យា​»​។

លោក ម៉ូនីកា បន្ថែម​ថា នេះ​គឺជា​វិបត្តិ​ជាន់​លើ​វិបត្តិ​សម្រាប់​រោងចក្រ​នៅ​កម្ពុជា ហើយ​ចំពោះ​រោងចក្រ​ដែល​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ ទោះបី​ជា​ទឹក​ស្រក​វិញ​ហើយក៏​ដោយ តែ​រោងចក្រ​មិនទាន់​អាច​ចាប់ផ្តើម​ដំណើរ​វិញ​ភា្លមៗ​បានទេ​ពីព្រោះ​ត្រូវការ​សម្អាត​ពិនិត្យមើល​ទៅ​លើ​ម៉ាស៊ីន និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​បាន​ប៉ះពាល់​។

លោក​ប្រាប់ថា​៖ «​ក្នុងករណី​ដែល​យើង​មិនអាច​បន្តដំណើរ​ការផលិតកម្ម​បាន​ដោយ​កត្តា​ខាងក្នុង និង​ខាងក្រៅ​រោងចក្រ​ផង ដូចនេះ​សំណើ​ពី​ខាង​សមាគម​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ​គឺ​ស្នើសុំ​ការអនុញ្ញាត​ជាពិសេស​នូវ​ការព្យួរ​ការងារ​គួរតែ​ផ្តល់​ការអនុញ្ញាត​ឱ្យបាន​លឿន​។ ការអនុញ្ញាត​ជាពិសេស​នោះ​គឺថា អាច​មិន​ចាំបាច់​ដើរ​តាម​នីតិវិធី​គ្រប់​ជ្រុងជ្រោយ​ដូច​ច្បាប់​តម្រូវ​ព្រោះ​វា​នឹង​ចំណាយពេល​យូរ​»​។

លោក ម៉ាន់ សេងហាក់ អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​បាន​ថ្លែងថា សម្រាប់​កម្មករ និង​សហជីព​របស់​លោក​នៅតាម​មូលដ្ឋាន​មិន​មាន​ការប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ទេ ប៉ុន្តែ​លោក​បានស្នើ​សុំឱ្យ​ម្ចាស់​រោងចក្រ និង​អាជ្ញាធរ​ដែនដី​ជួយ​ចាត់វិធានការ​ឱ្យ​ទាន់​ពេលវេលា​ទៅ​ដល់​កម្មករ​ដែល​រង​នូវ​ការប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​។

លោក​ថ្លែងថា​៖ «​សហជីព​របស់​ខ្ញុំ​នៅតែ​បន្ត​ទាក់ទង​តាមដាន​ព័ត៌មាន​នៅ​គ្រប់​សហជីព​មូលដ្ឋាន និង​ឱ្យ​ពួកគាត់​ប្រុងប្រយ័ត្ន​ខ្ពស់​ចៀសវាង​កើតមាន​នូវ​ហានិភ័យ​ខ្ពស់​ដល់​ពួកគាត់​»​។

កាលពី​សប្តាហ៍​មុន​ក្រសួង​ការងារ​បាន​ធ្វើការ​ណែនាំ​ទៅដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត ដែល​ស្ថិតនៅ​តំបន់​អាច​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ត្រូវ​តាមដាន​ជាប្រចាំ​នូវ​ការព្យាករ​ឧតុនិយម និង​ត្រៀម​គោលការណ៍​ណែនាំ​អំពី​សុវត្ថិភាព និង​វិធីសាស្ត្រ​ជម្លៀស​ខ្លួន នៅពេល​មាន​ទឹក​លិច​។ ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ទីកន្លែង ដែលមាន​ស្តុក​ទុក​សារ​ធាតុគីមី និង​ត្រូវ​បិទ​ធុង​រក្សា​សារធាតុ​គីមី​ឱ្យ​បាន​ជិត​ល្អ ដើម្បី​ចៀសវាង​ការលេច​ធ្លាយ​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ និង​ប្រជាពលរដ្ឋ​។

ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ណែនាំ​ទៅដល់​កម្មករ​ត្រូវគោរព​តាម​ការណែនាំ សហការ​ជាមួយ​និយោជក​ក្នុង​ការបង្ការ​ទប់ស្កាត់​ការហូរចូល​នៃ​ជំនន់​ទឹកភ្លៀង និង​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ ឬ​ខ្សែភ្លើង​ដែល​ចម្លង​ចរន្តអគ្គិសនី​៕