ភ្នំពេញ៖ លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា រោងចក្រ​ជាង ២០០ កន្លែង បាន​បិទ​ទ្វារ​ជា​បណ្តោះអាសន្ន រហូត​មក​ដល់​ថ្ងៃទី ២៨ ខែ​មេសា​នេះ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ចូល​ទៅ​ក្នុង​តំបន់​រោងចក្រ ហើយ​មាន​កម្មករ ១ ៦៧៣ នាក់ មាន​ផ្ទុក​ជំងឺ និង​កម្មករ​ជាង ១ ម៉ឺន​នាក់ កំពុង​ធ្វើ​ចត្តាឡីស័ក។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នា​ថ្ងៃទី ២៨ ខែ​មេសា​នេះ លោក ហេង សួរ បាន​ថ្លែង​ទៀត​ថា រោងចក្រ​កាត់​ដេរ​ទាំង​ជាង ២០០​ នេះ គឺ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៣៤ រោងចក្រ ដែល​មាន​កម្មករ​ជិត ១ ៦០០ នាក់ មាន​វិជ្ជមាន​កូវីដ ១៩ ក្នុង​ចំណោម​រោងចក្រ​ដែល​មាន​នៅ​ខេត្ត​កណ្តាល ២៣ រោងចក្រ ខេត្ត​តាកែវ ២៦​រោងចក្រ ខេត្ត​ព្រះសីហនុ ១៦ រោងចក្រ ខេត្ត​ស្វាយរៀង ៤ រោងចក្រ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ចាម មាន​តែ​រោងចក្រ​មួយ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «ចំនួន​ទាំង​នេះ នឹង​អាច​មាន​ការ​កើន​ឡើង ឬ​ប្រែប្រួល ព្រោះ​បច្ចុប្បន្ន​នេះ រោងច្រក​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​នេះ យើង​កំពុង​បន្ត​ធ្វើ​តេស្ត និង​រក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​បន្ថែម​ទៀត។ កិច្ច​ការងារ​ចំពោះ​មុខ​បន្ត​ទៅ​ទៀត គឺ​ព្យាយាម​ឲ្យ​សភាពការណ៍​វិល​ទៅ​រក​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​ឲ្យ​បាន​លឿន»។

ជាមួយ​នឹង​ផល​ប៉ះពាល់​នេះ លោក ហេង សួរ បាន​អះអាង​ថា នៅ​ក្នុង​ខែ​មេសា​នេះ កម្មករ​កាត់​ដេរ​នៅ​តំបន់​បិទ​ខ្ទប់ ពោល គឺ​នៅ​ភ្នំពេញ និង​នៅ​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ដែល​រោងចក្រ​កាត់​ដេរ ផ្អាក​ដំណើរការ នឹង​ទទួល​បាន​ប្រាក់​ខែ ៥០ ភាគរយ។

លោក​បន្ថែម​ថា ក្រសួង​កំពុង​តែ​ធ្វើ​ការ​ជាមួយ​ម្ចាស់​រោងចក្រ ឬ​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​លឿង ដើម្បី​កំណត់​នូវ​វិធានការ​យ៉ាង​ណា បន្ថយ​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ ឬ​រោងចក្រ ឬ​ក្រុមហ៊ុន។

លោក​បញ្ជាក់​ថា៖ «ក្នុង​កាលៈទេសៈ​នេះ គឺ​លំបាក​ទាំង​អស់​គ្នា។ ដូច្នេះ​ហើយ ទាំង​ខាង​និយោជក និង​ទាំង​និយោជិត ជា​កម្មករ​ទាំង​អស់ ត្រូវ​មាន​ការ​យោគយល់​គ្នា​ក្នុង​គ្រា​ដ៏​លំបាក​នេះ។ នៅ​ពេល​ដែល​មាន​ការ​កំណត់​តំបន់​នេះ ក្រសួង​ព្យាយាម​សម្រប​សម្រួល​ការងារ​ការ​ចល័ត​កម្មករ​ក្នុង​តំបន់​មួយ​ចំនួន ដើម្បី​ចេញ​បណ្ណ​អនុញ្ញាត​ទៅ​កាន់​កម្មករ​និយោជិត​ឲ្យ​ពួក​គាត់​អាច​ទៅ​បន្ត​ការងារ​បាន»។

លោក ហេង សួរ ថ្លែង​ថា ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល​នេះ គឺ​មាន​រោងចក្រ​ប្រមាណ ៦៩០ បាន​រង​ផល​ប៉ះពាល់ ខណៈ​សរុប​ទាំង​ក្រុមហ៊ុន សហគ្រាស​ទូទៅ ចាប់​ពី​តូច​ដល់​ធំ​ជាង ៧ ០០០ ស្ថាប័ន​បាន​ប៉ះពាល់​ ហើយ​កម្មករ​ជាង ១ លាន ២ សែន​នាក់ បាន​រង​ផល​ប៉ះពាល់។

លោក ហេង សួរ អះអាង​ថា ក្នុង​អំឡុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​បែងចែក​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ជា ៣ តំបន់​យ៉ាង​ដូច្នេះ គឺ​នឹង​នាំ​ឲ្យ​រោងចក្រ​ប្រមាណ​ជា ៦០ (កម្មករ​ជិត ២០​ម៉ឺន​នាក់) និង​ក្រុមហ៊ុន​តូចៗ​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ទាប (តំបន់​លឿង) អាច​នឹង​ដំណើរការ​ឡើង​វិញ​ផង​ដែរ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្នុង​ពេល​នេះ កម្មករ គួរ​តែ​ទទួល​បាន​ប្រាក់​ខែ​ពេញ ១០០ ភាគរយ ស្រប​ច្បាប់​ការងារ តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ការ​ទទួល​បាន​នេះ ក៏​គួរ​តែ​បើក​ជូន​កម្មករ​ក្នុង​ពេល​ភ្លាមៗ ដើម្បី​ឲ្យ​ពួក​គេ​អាច​យក​លុយ​ទាំង​នេះ ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ មិន​គួរ​ណា​ផ្តល់​ឲ្យ​ក្រោយ​ចប់​ការ​បិទ​ខ្ទប់​នោះ​ទេ ព្រោះ​ថា ស្ថានភាព​ក្នុង​ពេល​នេះ គឺ​មាន​ការ​ប្រែប្រួល​រហូត ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កម្មករ​ដែល​កំពុង​ជាប់​គាំង​ក្នុង​ផ្ទះ ប្រឈម​នឹង​ការ​លំបាក។

លោក​បញ្ជាក់​ថា៖ «ជារួម រដ្ឋ​ត្រូវ​ចេញ​គោលការណ៍ ប៉ុន្តែ​ទន្ទឹម​នឹង​ចេញ​គោលការណ៍​បិទ​ខ្ទប់​នេះ រដ្ឋ​ត្រូវ​គិត ទី១ គឺ​អំពី​អាហារ​ហូប​ចុក​គ្រប់​ប្រភេទ ត្រូវ​ផ្តល់​ឲ្យ​បាន​គ្រប់គ្រាន់ ទី២ ជួយ​សម្រួល​ការ​ខ្វះខាត​សម្ភារ​ផ្សេងៗ ទី៣ គឺ​សម្រួល​ការ​ព្យាបាល និង​ការ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ល្អ ហើយ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង រួម​ទាំង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មាន​វិធានការ​អនាម័យ​ឲ្យ​បាន​កាន់​តែ​ខ្លាំង»។

ជាមួយ​នឹង​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ លោក អាត់ ធន់ បាន​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​តាមរយៈ​វិធានការ​នានា និង​គ្រឿង​បរិភោគ​ផ្សេងៗ​ក្នុង​ពេល​កម្មករ​ជួប​វិបត្តិ​នេះ។ ប៉ុន្តែ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គួរ​គិតគូរ​បន្ថែម​ទៀត ក្នុង​ការ​ជួយ​ដល់​កម្មករ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គេ​អាច​បន្ត​ជីវភាព​មួយ​ដែល​សមរម្យ និង​អាច​រស់បាន​ក្នុង​អំឡុង​ពេល​ជាប់​គាំង​ក្នុង​ផ្ទះ៕