
កម្មករពេលចេញពីរោងចក្រនៅភ្នំពេញពីខែកញ្ញា ឆ្នាំនេះ។ ហុង មិនា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា មានរោងចក្រជាង ១០០ ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរបានបិទលែងដំណើរការក្នុងរយៈពេល ៩ ខែឆ្នាំនេះ ដែលតួលេខនេះគឺប្រហែលគ្នានឹងឆ្នាំមុនដែរដោយសារមានការទប់ស្កាត់ពីរដ្ឋាភិបាល ក៏ប៉ុន្តែចំនួនកម្មករដែលបាត់បង់ការងារបានកើនឡើងបន្តិចបន្តួច។
លោក ង៉ុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងកាលពីចុងសហ្ដហ៍មុនថា គិតត្រឹម ៩ ខែដើមឆ្នាំ ២០២០ កន្លងមកនេះគឺមានរោងចក្រចំនួន ១១១ ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរបានបិទលែងដំណើរ តែចំនួននេះគឺប្រហែលនឹងចំនួនរោងចក្រដែលបានបិទក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានចំនួន ១១០ ក្នុងវិស័យដូចគ្នា។
លោកបានឱ្យដឹងថា៖ «ការបិទនេះបានធ្វើឱ្យកម្មករនិយោជិតប្រមាណជា ៥៥ ១៧៤ នាក់ បាត់បង់ការងារដែលចំនួនកម្មករបាត់បង់ការងារនេះមានការកើនឡើងបន្តិច ដែលក្នុងរយៈពេលដូចគ្នានៅឆ្នាំមុនមានកម្មករនិយោជិតចំនួន ៥៣ ២២៦ នាក់បានបាត់បង់ការងារ»។
លោក ង៉ុយ រិទ្ធ បានបញ្ជាក់ថា ករណីនេះបានបង្ហាញអំពីប្រសិទ្ធភាពនៃវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឱ្យរោងចក្របិទទ្វារក្នុងចំនួនយ៉ាងគំហុក ខណៈទីផ្សារផលិតផលកាត់ដេរក្នុងពិភពលោកសឹងតែបិទទាំងស្រុង។
ទន្ទឹមនឹងនេះ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបានធូរស្រាលជាបណ្តើរៗដោយចំនួនរោងចក្រដែលកំពុងព្យួរបានថមចុះមកត្រឹមចំនួន ៥២ រោងចក្រ ដែលនៅប៉ះពាល់ដល់ការងារកម្មករនិយោជិតតែប្រមាណ ១៤ ០០០ នាក់ប៉ុណ្ណោះនៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។
ទោះជាយ៉ាងណាលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ចំនួននេះអាចនឹងមានច្រើនជាងតួលេខដែលក្រសួងបានបញ្ចេញ ហើយកម្មករនិយោជិតកាន់តែច្រើនក៏កំពុងតែបាត់បង់ការងារ និងប្រាក់ចំណូល។
លោកបានថ្លែងថា៖ «វាជារឿងពិបាកក្នុងការវាយតម្លៃលើការបាត់បង់នេះឱ្យពិតប្រាកដ។ កម្មករនៅតែជួបការលំបាកក្នុងជីវភាព ហើយមានកម្មករខ្លះបានធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ប៉ុន្តែកម្មករដែលមិនមានការងារធ្វើនៅតែមានចំនួនច្រើននៅឡើយ ដែលនេះជាការព្រួយបារម្ភ»។
លោក ហ្វាសាលី បានបន្តថា ទោះបីជាកម្ពុជាទទួលបាននូវការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារចក្រភពអង់គ្លេស (UK) ចាប់ពីខែមករា ឆ្នាំ ២០២១ ក៏ដោយក៏លោកមិនទាន់សប្បាយចិត្តដែរ។ លោកស្នើដល់រាជរដ្ឋាភិបាលកម្ពុជាត្រូវគិតគូរឱ្យបានហ្មត់ចត់ទៅលើបញ្ហាទាំងអស់នេះ ដើម្បីធានាថាកម្មករមានលក្ខខណ្ឌការងារល្អ និងមានការងារធ្វើកាន់តែច្រើន នោះទើបជាហេតុផលល្អ សម្រាប់កម្មករនិយោជិតក្នុងវិស័យទាំងនេះ។
កាលពីចុងខែកញ្ញាកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ ជុំទី ៦ ចាប់ពីខែតុលារហូតដល់ខែធ្នូ ឆ្នាំ ២០២០។
ដោយពិនិត្យ និងថ្លឹងថ្លែងលើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមទាំងក្នុងក្របខ័ណ្ឌសកលលោកតំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែមជុំទី ៦ ក្នុងគោលបំណងទី១ គឺបន្តទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ក្រោយវិបត្តិកូវីដ ១៩។
រីឯគោលបំណងទី២ គឺបន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណជាង ១ ០០០ លានដុល្លារអាមេរិក សម្រាប់ជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ ១៩ ចាប់ពីជុំទី ១ រហូតដល់ជុំទី ៦៕
វីដេអូ៖