ព្រះសីហនុ: អភិបាលខេត្ត​ព្រះសីហនុ​លោក ​យន្ត មីន កាល​ពី​ថ្ងៃទី ១៧​ ខែ មិថុនា​ បាន​ព្រ​មាន​បិទ​រោង​ចក្រ​បំប្លែង​កាក​សំ​ណ​​ល់​ផេះ​ធ្យូង​ថ្ម​មួយ​ឈ្មោះ «ស៊ី​ម៉ា​វ» ដែលស្ថិតនៅ​ក្រុមទី​៤ ភូមិ ២ ឃុំ​អូរ​ត្រះ ស្រុក​ស្ទឹងហាវ បន្ទាប់​ពី​មានពលរដ្ឋ​​ជាង ៤០ ​គ្រួសារបាន​ប្ដឹង ដោយសារ​បារម្ភ​ពី​បញ្ហា​សុខភាព​បង្ក​ដោយ​ធូលី​ចេញពី​រោងចក្រ​នោះ​ ប៉ុន្តែ​​តំណាង​រោងចក្រ​សន្យា​កែ​លម្អ​ឡើង​វិញ។

លោក យន្ត មីន ដែល​បាន​ដឹក​នាំ​មន្ត្រី​ពីស្ថា​ប័ន​ជំនា​ញ​ចុះ​ពិនិត្យ​ទីតាំ​ង​រោង​ចក្រ​បំប្លែង​កាក​សំណល់​នោះ​បាន​​លើកឡើង​ថា រោង​ចក្រ​នេះ​មាន​ច្បាប់​អនុ​ញ្ញាត​ត្រឹមត្រូវពី​ក្រសួង​ឧស្សា​ហកម្ម និង​សិប្ប​កម្ម ​ប៉ុន្តែ​បច្ចុប្បន្ន​មាន​ផល​ប៉ះ​ពាល់​ដល់​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំវិញ​នោះ ព្រម​ទាំង​ប៉ះ​ពាល់​ដល់​បរិស្ថាន​ផងដែរ។

លោក​បានបន្តថា ជា​ដំណោះ​ស្រាយ​ក្រុម​ការងា​របាន​ឯក​ភាព​ឲ្យ​តំណាង​រោងចក្រ​នេះកែ​លម្អ​លក្ខណ​:បច្ចេកទេសដើម្បី​​កុំ​ឲ្យ​​ហុយ​ផេះ​មក​លើ​ផ្ទះ​របស់ពលរដ្ឋ​បន្ត​ទៀត កាត់​បន្ថយ​ផល​ប៉ះ​ពាល់ និង​ការពារ​បរិស្ថាន​ឲ្យ​បាន​ល្អ។

លោក​ យន្ត​ មីន បាន​បញ្ជាក់​ថា៖​ «ការ​ងារ​នេះ រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហនុ​បាន​ទុក​រយ:​ពេល ​២ ឬ​ ៣ ខែ​បន្ត​ទៀត​ដើម្បី​ឲ្យ​ម្ចាស់​កែ​លម្អ​រោង​ចក្រ​របស់​ខ្លួន ​ប៉ុន្ដែ​ប្រសិន​បើ​មិន​បាន​អនុវត្ត​តាម​ការ​ណែ​នាំរ​បស់​ក្រុម​ការ​ងារ​ទេយើ​ង​នឹង​បញ្ឈប់​ដំណើ​រកា​រឬ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​រក​ទី​តាំង​ថ្មី​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពលរដ្ឋ​កំពុង​រស់​នៅ»។

លោក​បន្ថែម​ថា៖ ​«ប្រសិន​បើ​ម្ចាស់​រោង​ចក្រ​បំប្លែង​ធ្យូងថ្ម​នេះ គាត់​កែលម្អ​រោង​ចក្រ​ឲ្យមាន​បរិស្ថាន​បានល្អ រដ្ឋបាលខេត្ត នឹង​​ឲ្យ​គាត់​បន្ត​អាជីវកម្ម​ព្រោះ​ដំណោះ​ស្រាយ​គឺ​យើង​ធ្វើ​ដើម្បី​ឈ្នះ​ ឈ្នះ ​ទាំង​អស់​គ្នា។ មាន​ន័យ​ថា អ្នក​វិនិ​យោគ​ក៏​ទទួល​បាន​ផលប្រយោ​ជន៍ ប្រជា​ពលរដ្ឋ​ក៏​ទទួល​បាន​ការងារ​ពី​ការធ្វើ​វិនិយោគ ព្រោះ​ក្រុម​ហ៊ុន​ក៏បាន​បង់​ពន្ធ​ចូល​ថវិកា រដ្ឋ ហើយ​ប្រជា​ពលរដ្ឋ​ក៏​មាន​ការ​ងារ​ធ្វើ​ទទួលបាន​ផលប្រ​យោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដែរ»។

លោកបាន​ពន្យល់​ថា ផេះ​ដែល​យក​ចេញ​មក​ពី​រោង​ចក្រ​អគ្គិ​សនី​ធ្យូង​ថ្ម គឺ​យក​មក​បំប្លែង​នៅ​រោង​ចក្រ​នេះ​ដើម្បី​កែ​ច្នៃ​ជា​ប្រ​យោជ​ន៍​សម្រាប់​​ផ្គត់​ផ្គង់​ឲ្យ​រោងចក្រ​ក្រឡុក​បេតុង​ឬ​ក្រឡុក​ស៊ីម៉ងត៍។

លោក​បាន​សុំ​ការ​យោគយល់​ពី​ពលរដ្ឋបើ​មិន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទេ ព្រោះ​ពល​រដ្ឋ​ក៏​ទទួល​បាន​ផលប្រយោ​ជន៍​ពី​កា​រវិនិយោគ​នេះ​ដែរ។

លោក​ ខៀវ វុទ្ធី តំណា​ង​ពលរដ្ឋ​ទាំង​ ៤២ ​គ្រួសារ ​​បាន​ថ្លែង​​ពី​ម្សិល​មិញ​ថា រោង​ចក្រ​នេះបាន​បង្ក​ផល​ប៉ះ​ពាល់​តាំង​ពី​ឆ្នាំ ​២០១៣ មក​​ក្នុង​ពេល​បើក​ដំណើរ​ការ​ពីដំបូ​ង ប៉ុន្ដែ​ពលរដ្ឋ​បាន​នាំ​គ្នា​តស៊ូ​ទ្រាំ​រស់​នៅ​ក្នុង​ភូមិ​កំណើត​ខ្លួន​រហូត ហើយ​ក៏​បាន​សំណូម​ពរ​ទៅ​តំណាង​រោងចក្រ និង​ប្ដឹង​ទៅ​អាជ្ញាធ​រ​ឃុំ/ស្រុក​ជា​ច្រើន​លើក​ដែរ​ ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព។

លោក​បាន​បន្ត​ថា ​ដោយ​សារ​វេទនា​ពិបាក​ស្រូប​ធូលី​ផេះ​ដែល​ហុយ​​ពី​រោង​ចក្រ​នោះ ​មាន​អ្នក​ខ្លះ​បាន​ផ្លាស់​ប្ដូរ​លំនៅនិង​មួយចំនួន​ទៀតចាប់​ផ្ដើម​ឈឺ​បណ្ដើរៗ។

មួយ​រយៈ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ទ្រាំ​លែ​ង​បា​នក៏សម្រេចនាំគ្នាដាក់​ពាក្យបណ្ដឹង​ទៅ​សាលា​ខេត្ត​ព្រះសីហនុ​ដោយ​ស្នើ​សុំ​ឲ្យ​ចុះ​មក​ពិនិត្យ​ផ្ទាល់។

លោក វុទ្ធី បញ្ជាក់​ថា៖​ «និយាយ​រឿង​ហុយ​ហ្នឹង គឺ​លែង​និយាយ​ចេញ​ហើយ គឺ​ហុយ​ធូលី​ផេះ​ចេញ​ពី​រោង​ចក្រ​ស៊ី​ម៉ា​វ​ហ្នឹង រាល់​ថ្ងៃ​តែ​ម្ដង មនុស្ស​ក្មេងៗ​ចាស់ៗ​គឺ​ឈឺ​សឹង​តែ​គ្រប់​គ្នាហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ទៅ​ពិនិត្យ​សុខ​ភាព​ដែរ។​ ហុយ​លើ​ដំបូ​ល​​ផ្ទះ​ពាង​ទឹក​ហុយ​ចូល​ក្នុង​ផ្ទះ ពេល​ហូប​បាយ​ក៏​ពិបាក​ដែរ និយាយ​​រួម​គឺ​ហុយ​ខ្លាំង​តែម្ដង»។

លោក​ សុខ​ សុខុម​ ប្រ​ធាន​អង្គ​ការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ដែល​តែង​តា​មដា​នកា​រ​អភិវឌ្ឍ​នៅខេ​ត្ត​ជា​ប់​ស​មុទ្រ​បាន​ថ្លែ​ង​ថា លោកក៏​បាន​ចូលរួម​ចុះ​ពិនិត្យ​ទីតាំង​នោះ​ផ្ទាល់ដែរ​ហើយ​បា​នសង្កេ​តឃើញ​ថា ពិ​តជា​បង្ក​ការលំ​បាក​ដល់​ពលរ​ដ្ឋ​នៅ​ជុំវិញ​រោង​ចក្រ​នោះ​មែន ព្រោះ​សក​ម្ម​ភាព​ផលិត​កម្ម​ បាន​បង្ក​ឲ្យ​មាន​ធូលី​ហុយ​លើ​ផ្ទះ​របស់​ពលរដ្ឋ។

លោក​បានបញ្ជាក់​ថា៖ «ខ្ញុំ​សង្ឃឹម​លើ​មន្ត្រី​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ជំរុញ​ឲ្យ​គាត់​ដូរ​ទីតាំង​ថ្មី​ដែល​គ្មាន​មនុស្ស​រស់​នៅកុំ​ទុក​ពេ​ល​​ឲ្យ​គាត់​រៀបចំ​បច្ចេក​ទេស​ហ្នឹង​យូ​រខែ​ពេក បើ​មិន​អ៊ីចឹង​ទេ បញ្ហា​ប៉ះពាល់​ដល់​ពលរដ្ឋ គឺ​នៅ​តែ​បន្ត​ប៉ះពាល់​ដដែល»។

លោក សាមុត សុធា​រិ​ទ្ធិ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ព្រះសីហនុ ​បាន​ថ្លែងកាលពី​ម្សិលមិញថា រោងចក្រ​នេះ ត្រូវបាន​អាជ្ញា​ធ​រ​​តម្រូវ​ឲ្យ​កែប្រែ​បច្ចេក​ទេស​ឡើងវិញ ហើយ​តំណាង​រោងចក្រ​បាន​យល់ព្រម ដោ​យ​សា​រ​កន្លងមក​បាន​បង្ក​ផលប៉ះពាល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក​បានបញ្ជាក់ថា៖ «យើង​ឲ្យ​គាត់​រៀបចំ​បច្ចេក​ទេ​សម្ដ​ង​ទៀត គឺ​ធ្វើយ៉ាង​ណា កុំ​ឲ្យ​វា​ហុយធូលី​ផេះ​ទៅលើផ្ទះ​អ្នក​ភូមិ ​ព្រោះ​បង្ក​ឲ្យ​ខូច​សុខ​ភាព​គាត់ ហើយ​យើង​ក៏បាន​រៀបចំ​ឲ្យ​មាន​​វេទិកា​សាធា​រណៈ​ជា​មួយ​ពល​រដ្ឋ ដើម្បី​សុំ​មតិ​យោប​ល់ និង​សំណូមពរ​គាត់​ប​ន្ថែម​ទៀត​ដើម្បី​ព​ន្លឿន​ចាត់​វិធានការ​លើ​បញ្ហា​នេះ»។

តំណាង​រោង​ចក្រ​កែច្នៃ​កាក​សំណល់​ធ្យូង​ថ្ម ស៊ី​ម៉ា​វ មិន​អាច​ស្វែ​ងរក​ប្រភព​ទាក់​ទង​សុំ​ការប​ញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ កាលពី​ម្សិលមិញ។

ប៉ុន្ដែ​លោក ​Chen Song អ្នក​គ្រប់​គ្រង​រោង​ចក្រ​កែច្នៃ​កាក​សំណល់​ធ្យូងថ្ម​ ស៊ី​ម៉ា​វ ត្រូវបាន​គេហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​សា​លា​ខេត្ត​ព្រះ​សីហនុ​ដក​ស្រង់​សម្ដី​ថា ប​ច្ចុប្បន្ន​រោងចក្រ​លោក​បានស​ម្ងួ​ត​កាក​សំណល់​ពី​រោងច​ក្រ​ធ្យូង​ថ្ម​ដើម្បី​យក​ទៅ​ផ្គត់​ផ្គង់​ដល់​រោងចក្រ​ក្រឡុក​ស៊ី​ម៉ងត៍ ដោយ​ក្នុង​ ១ ​ថ្ងៃ​ៗ​មាន​ចំនួន​ ១០០​ តោន។

លោក​បាន​សន្យា​ថា​ នឹង​កែ​លម្អ​ប​រិស្ថាន​ក្នុង​រោង​ចក្រ​ដោយ​មិន​ឲ្យ​ហុយ​ធូលី​​ចេញ​មកក្រៅ​​ទៀត​ទេ​ នា​ថ្ងៃ​ខា​ងមុខ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។

លោក Chen Song បញ្ជាក់​បានថា៖​ «យើង​នឹង​រក​វិធាន​ការ​កាត់​បន្ថយ​ មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខុ​មា​ល​ភាព​របស់ប្រជាពលរ​ដ្ឋ​យើងដែល​មាន​ផ្ទះ​នៅ​ជុំវិញ​តំបន់​រោង​ចក្រ​របស់​ខ្ញុំ​ទៀត​ទេ នា​ថ្ងៃ​អនាគត»៕