តាកែវ៖ អាជ្ញាធរ​ខេត្ត​តាកែវ​សម្រេច​បិទ​រោងចក្រ​ផលិត​កាបូប PEEVI INDUSTRY (CAMBODIA) បន្ទាប់​ពី​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ៣ នាក់​នៅ​ក្នុង​រោងចក្រ​នេះ។

លោក ម៉ឹង វីរិយ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​តាកែវ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នេះ​ថា រោងចក្រ​ផលិត​កាបូប​មួយ​នេះ ស្ថិត​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ អ្នក​វិជ្ជមាន​កូវីដ ១៩ នោះ គឺ​ជនជាតិ​ចិន​ចំនួន ២ នាក់ និង​ជនជាតិ​ខ្មែរ ១ នាក់។ បន្ទាប់​ពី​បិទ​នេះ​ភ្លាម ក្រុម​ការងារ​បាន​ឱ្យ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​បាន​ចំនួន ៦១ នាក់ ដោយ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃទី ២៨ ខែ​មេសា មិន​ទាន់​ចេញ​លទ្ធផល​នោះ​ទេ។

លោក ម៉ឹង វីរិយ៉ា ថ្លែង​ថា៖ «យើង​ទើប​រក​ឃើញ​វិជ្ជមាន​លើ​មនុស្ស​បី​នាក់​កាល​ពី​ម្សិលមិញ (២៧ មេសា) ក្រុម​អាជ្ញាធរ​បាន​ចុះ​ទៅ​ណែនាំ​ក្រុមហ៊ុន​ក៏​សម្រេច​បិទ​បណ្តោះអាសន្ន ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​បាច់​ថ្នាំ​សម្លាប់​មេរោគ រហូត​ដល់​ថ្ងៃ​ចន្ទ ទី ៣ ឧសភា ទើប​ឱ្យ​ចូល​វិញ»។

លោក ម៉ឹង វីរិយ៉ា ថ្លែង​ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រីក​រាលដាល​បន្ត​ទៅ​កម្មករ-កម្មការិនី​ផ្សេង​ទៀត និង​អាច​ចម្លង​ទៅ​កាន់​ភូមិ​ស្រុក​ដែល​ពួក​គេ​រស់នៅ ប៉ុន្តែ​ក្រុមហ៊ុន​បាន​សម្រេច​បិទ​មុន​ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ដល់។

លោក​ថា ក្រុម​ការងារ​កំពុង​ស្រាវជ្រាវ​រក​កន្លែង​ស្នាក់នៅ និង​ឈ្មោះ​កម្មករ-កម្មការិនី​ដែល​បម្រើ​ការ​នៅ​ក្នុង​រោចក្រ​ចំនួន ៧៦៤ នាក់ ដើម្បី​រាយការណ៍​ជូន​ទៅ​អភិបាល​ខេត្ត​នឹង​មាន​វិធានការ​ទាន់​ពេល​វេលា។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ស្រុក​បាទី​ កាល​ពី​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩ ទាំង ៣ នាក់​នោះ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់​និង​រួសរាន់​ទៅ​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី ព្រម​ទាំង​ត្រូវ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ១៤ ថ្ងៃ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ថា អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ ទាំង ៣ នាក់ គឺ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ទី១-ឈ្មោះ វុធ សុខេន ភេទ​ស្រី អាយុ ៣០ ឆ្នាំ ទីលំនៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ ជា​កម្មការិនី ទី២-ឈ្មោះ Huang Hu ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៤៨ ឆ្នាំ ស្នាក់​នៅ​ក្នុង​រោងចក្រ និងទី៣-ឈ្មោះ Wang Guo_Qin ភេទ​ស្រី ជនជាតិ​ចិន អាយុ ៤៦ ឆ្នាំ ស្នាក់នៅ​រោងចក្រ។

លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​អ្នក​ជំនាញ​នៅ​ថ្ងៃទី ២៨ ខែ​មេសា ដោយ​បាន​បញ្ជា​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​តែ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ទាំង​អស់ ដើម្បី​យក​សំណាក​ធ្វើ​តេស្ដ និង​យក​ពួក​គាត់​មក​ធ្វើ​ចត្តាឡីស័ក​ឱ្យ​ត្រឹមត្រូវ។

លោក អ៊ូច ភា ថ្លែង​ថា ប្រសិន​បើ​ករណី​ឆ្លង​កូវីដ ១៩ នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ត្រូវ​ត្រៀម​កន្លែង​សម្រាប់​ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក ដោយ​ក្នុង​នោះ​ត្រូវ​ត្រៀម​សាលារៀន​នៅ​តាម​មូលដ្ឋាន ឬ​មណ្ឌល​ចត្តាឡីស័ក​នៅ​សាលា​គរុកោសល​ខេត្ត​ដែល​មាន​ស្រាប់ ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង។ ម្យ៉ាង​ទៀត​អាជ្ញាធរ​ស្រុក ត្រូវ​សហការ​ដើម្បី​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​អគារ​រោងចក្រ​នេះ៕