
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះណែនាំនិងផ្តល់អំណោយដល់ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ២ ០២១។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ/ព្រះសីហនុៈ រោងចក្រសហគ្រាស ១៤ ទីតាំង នៅក្នុងតំបន់មួយចំនួននៃខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ ១៩ និងអ្នកពាក់ព័ន្ធនៅក្នុងរោងចក្រ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១ នេះថា ក្នុងខេត្តកំពង់ស្ពឺរហូតមកដល់ពេលនេះ មានរោងចក្រចំនួន ៣ កន្លែង ត្រូវបានប្រកាសបិទបណ្តោះអាសន្ន និងរោងចក្រខ្លះទៀត ត្រូវបានបិទដោយផ្នែក បណ្ដាលឱ្យកម្មករ-កម្មរិនី ជាង ១ ០០០ នាក់ បាត់បង់ការងារ។
លោក វ៉ី សំណាង ថ្លែងថា៖ «ការប្រកាសផ្អាកដំណើរការរោងចក្រណាមួយ គឺរោងចក្រនោះមានការជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ និងមានការឆ្លងនៅក្នុងរោងចក្រសហគ្រាសនោះ ប៉ុន្តែបើរោងចក្រណាដែលមិនជាប់ពាក់ព័ន្ធ គឺមិនមានការបិទនោះទេ»។
លោក វ៉ី សំណាង បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ស្ពឺ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ ១៩ រហូតមកដល់ពាក់កណ្ដាលខែឧសភាព អាជ្ញាធរបានរកឃើញ អ្នកវិជ្ជមានកូវីដ ១៩ ប្រមាណ ២៦៨ នាក់។
ទោះយ៉ាងណា លោក សំណាង ថ្លែងថា រដ្ឋបាលខេត្តក៏បានប្រកាសបិទជាបណ្ដោះអាសន្ន និងបើកឡើងវិញផងដែរ នូវមន្ទីរសម្រាកព្យាបាល ផ្សារនិងភូមិនានា ដែលរកឃើញមានការឆ្លងនូវមេរោគកូវីដ ១៩។
ដោយឡែកនៅខេត្តព្រះសីហនុ មានរោងចក្រ ១១ ទីតាំង ត្រូវបានបិទជាបណ្ដោះអាសន្ននិង ១៧ ទីតាំង កំពុងជាប់ពាក់ព័ន្ធ។ នេះបើយោងតាម លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ ថ្លែងថា៖ «មានរោងចក្រខ្លះទៀត មានការជាប់ពាក់ព័ន្ធដោយផ្នែក ប៉ុន្តែមិនមានការបិទរោងចក្រទាំងមូលនោះទេ ដើម្បីកុំឱ្យមានការរាំងស្ទះដល់ចង្វាក់ខ្សែផលិតកម្មរបស់រោងចក្រ»។
លោក ឃាង ភារម្យ បានឱ្យដឹងថា មន្ត្រីជំនាញនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីរោងចក្រនិងកម្មករ-កម្មការិនី ដែលបានរងផលប៉ះពាល់។
ចំពោះវិធានការក្នុងការទប់ការរីករាលដាលនៃជំងឺកូវីដ ១៩ រដ្ឋបាលខេត្តបានលុបតំបន់ក្រហម ដោយបង្រួមមកនៅជាចំណុចក្រហមនៅតាមផ្ទះ ឬទីសំណាក់របស់អ្នកដែលមានវិជ្ជមានកូវីដ ១៩ និងតំបន់លឿងទុំក៏បានបង្រួមមកនៅតូច តាមកម្រិតនៃការឆ្លង។
រីឯ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១ នេះ បានសម្រេចបិទបញ្ចប់ និងដាក់ឱ្យដំណើរការឡើងវិញ ចំពោះក្រុមហ៊ុនរោងចក្រ ចំនួន ៤ នៅក្នុងស្រុកបាទី៕