កំពង់ចាមៈ សម្រាប់​លោក ប៉េង ផល្លា ដែល​ជា​អ្នក​ជួស​ជុល​ម៉ាស៊ីន​នៅ​ក្នុង​​រោងចក្រ​មួយ ​នៅ​ខេត្ត​ កំពង់ចាម ​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​ ៨ ខែ​ធ្នូ​ គឺជា​ថ្ងៃ​ដែល​លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង​ស្នើសុំ​បង្កើត​សហជីព។

លោក​ ផល្លា​ បាន​ចំណាយ​ពេល​ ២ ឆ្នាំ ធ្វើ​ការ​ក្នុង​រោងចក្រ​នេះ ​ដែល​ផលិត​សម្លៀក​បំពាក់​​កុមារ​ម៉ាក Children''s Place and ​Carter''s នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ ហើយ​ឥឡូវ​នេះ​ លោក​​ចង់​ឲ្យ​មាន​លក្ខ​ខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​រូប​លោក និងមិត្ត​រួម​ការងារ​ជាមួយ​​លោក។ ផ្ទុយ​ទៅ​វិញ​លោក​រៀបរាប់​ថា៖ «ក្រោយ​មក​ប្រធាន​គ្រប់គ្រង​រោងចក្រ​ បាន​ចាប់​ផ្តើម​សង្កេត​រាល់​សកម្មភាព​របស់​ខ្ញុំ នៅ​ក្នុង​រោង​ចក្រ»។

យោង​តាម​លោក​ផល្លា ​បាន​ឲ្យ​ដឹង​ថា៖ «ពី​ដំបូង​រោងចក្រ​បាន​ចោទ​ប្រកាន់​ខ្ញុំ​ អំពី​ករណី​បៀតបៀន​ផ្លូវ​ភេទ​កម្មករ ប៉ុន្តែ កម្មករ​បាន​គាំទ្រ​ខ្ញុំ»។ បន្ទាប់ មក​ទៀត លោក​បាន​បញ្ជាក់​ថា​ រដ្ឋបាល​រោងចក្រ​ បាន​ដើរ​ទៅ​កាន់​កន្លែង​ភរិយា​របស់​លោក​លក់​ម្ហូប​អាហារ​នៅ​ជិត​រោង​ចក្រ​ហើយ​បាន​សួរ​ភរិយា​របស់​លោក​ថា តើ​មាន​បាន​ដឹង​អំពី​សកម្មភាព​របស់​ស្វាមី​ខ្លួន​ដែរ​ឬទេ?។ ២-៣​ថ្ងៃ​ក្រោយ ​មេប៉ុស្តិ៍បាន​ទៅ​ដល់​ផ្ទះ​របស់​ឪពុក​ម្តាយ​លោក​ផល្លា ហើយ​បាន​ប្រាប់​ពួកគាត់​ថា ​កូន​ប្រុស​របស់​គាត់​ អាច​នឹង​បាត់​បង់​ការ​ងារ​ប្រសិន​បើ​គាត់​មិន​ព្រម​បញ្ឈប់​ការងារ​សហជីព​របស់​គាត់​ទេ​នោះ។

នៅ​ថ្ងៃទី ២៨​ ខែធ្នូ​ គឺ​ជិត​ ៣ ​សប្តាហ៍​ក្រោយ​ពី​បាន​ដាក់​លិខិត​ស្នើ​សុំ​បង្កើត​សហជីព​រួច​មក លោក​ផល្លា​ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ទៅ​ក្នុង​ការិយា​ល័យ ​និង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

ប៉ុន្តែ​ មិន​មែន​មាន​តែ​លោក​ម្នាក់​ឯង​ទេ។ លោក​ផល្លា ​គឺជា​កម្មករ​ម្នាក់​ ក្នុង​ចំណោម​កម្មករ​យ៉ាង​តិច​ ៤ នាក់​ផ្សេង​ទៀត​នៅ​រោង​ចក្រ Sun Hsu ​ដែល​បាន​ចោទ​ប្រកាន់​ដោយ​ប្រធាន​គ្រប់​គ្រង​រោងចក្រ Sun Hsu Garment Co, Ltd របស់​ជនជាតិ​ចិន​នេះ​ថា​ បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួក​គេ​ទាំង​នៅ​ក្នុង និង​ខាងក្រៅ​ក្រុមហ៊ុន ដើម្បី​យាយី បង្ខិតបង្ខំ​ និង​រារាំង​កម្មករ​​មិន​ឱ្យ​បង្កើត​សហជីព។

អ្នក​តំណាង​រោងចក្រ Sun Hsu ម្នាក់​ដែល​បាន​ឆ្លើយ​តាម​រយៈ​ទូរស័ព្ទ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ បាន​និយាយ​ថា​ គាត់​កំពុង​ជាប់​រវល់​ប្រជុំ​ ហើយ​ក្រោយ​មក​​មិន​បាន​លើក​ទូរស័ព្ទ​ទៀត​ទេ​ ទោះបី​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ជា​ច្រើនដង​ក្តី។

រោង​ចក្រ​ដែល​មាន​កម្មករ​ប្រហែល​ ១ ៧០០ ​នាក់​នេះ​បាន​ផលិត​សម្លៀក​បំពាក់​កុមារ ​ដែល​ជា​ម៉ាក​យីហោ​របស់​អាមេរិក​ឈ្មោះ Children''s Place and Carter''s ។

អ្នក​ស្រី​ ម៉ម ឌី​ ដែល​ជា​កម្មករ និង​ជា​អ្នក​ចូល​រួម​បង្កើត​សហជីព​ ជាមួយ​លោក​ ផល្លា ​បាន​ឲ្យដឹង​ថា​ អ្នក​គ្រប់​គ្រង​រោង​ចក្រ​ ក៏​បាន​ព្យាយាម​ដាក់​សម្ពាធ​អ្នក​ស្រី​ឲ្យ​លា​លែង​ចេញ​ពី​សហជីព​នេះ​ដែរ​ ដោយ​គេ​បាន​ប្រាប់​អ្នក​ស្រី​ថា​ លោក​ផល្លា​ បាន​ព្រម​ទទួល​យក​ប្រាក់​នឹង​បាន​ឈប់​ពី​ការងារ​ហើយ។

ប៉ុន្តែ ​នៅពេល​ការ​ដាក់​សម្ពាធ​នេះ មិន​ទទួល​បាន​ផល អ្នក​ស្រី​ថ្លែង​ថា​ មេប៉ុស្តិ៍​បាន​ទៅ​កាន់​ផ្ទះ​ឪពុក​ម្តាយ​​អ្នក​ស្រី។

អ្នក​ស្រី​ឌី​រៀប​រាប់​ថា៖ «ឪពុក​របស់​ខ្ញុំ​ ភ័យ​ខ្លាច​ខ្លាំង​ណាស់ ​ចំពោះ​រឿង​នេះ ​ដូច្នេះ​ហើយ​គាត់​បាន​ស្នើ​ឱ្យ​ខ្ញុំ​ឈប់។ ​ខ្ញុំ​ក៏​បាន​យល់​ព្រម​តាម​គាត់។ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​រោងចក្រ​វិញ​ ហើយ​ប្រធាន​រដ្ឋបាល​បាន​ប្រគល់​លិខិត​ឱ្យ​ខ្ញុំ​​ស៊ី​ញ៉េ​លា​លែង​ពី​សហជីព»។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ នៅ​ចុង​ខែ​កុម្ភៈ ​ប្រធាន​រដ្ឋបាល​រោងចក្រ បាន​ហៅ​អ្នក​ស្រី​ ឌី​ ឲ្យ​ចូល​ទៅ​ការិយា​ល័យ​ហើយ​បា​ន​ប្រាប់​ថា ​កិច្ច​សន្យា​ការងារ​របស់​គាត់​ នឹង​មិន​ត្រូវបាន​ពន្យារ​ទេ​ ទោះ​បី​​អ្នក​ស្រី​ ឌី ​បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំក្តី​ ដែល​វា​គួរ​តែ​មាន​កិច្ច​សន្យា​រយៈពេល​វែង។

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់បាន​ការងារ​របស់​ខ្ញុំ​ត្រឡប់​មក​វិញ ​និង​បន្ត​សកម្មភាព​សហជីព​របស់​ខ្ញុំ។ សហជីព​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ...ពួក​យើង​គ្មាន​បំណង​បង្ក​បញ្ហា​ដល់​រោង​ចក្រ​ទេ។ ពួក​យើង​គ្រាន់​តែ​​ចង់​ជួយ​ឱ្យ​រោងចក្រ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​កម្មករ ​និង​គោរព​ច្បាប់​ប៉ុណ្ណោះ»។

លោក ឆេង​ ហ៊ាង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ កំពង់ចាម ​មាន​ប្រសាសន៍​ថា​ ក្រុម​មន្ត្រី​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

លោក​ ហ៊ាង ​បាន​អះ​អាង​ថា​ លោក«មិន​ច្បាស់» ទេ​ថា​ តើ​ប៉ូលីស​មាន​បាន​គំរាមកំហែង​កម្មករ​ដែរ​ឬ​អត់​នោះ។​ ប៉ុន្តែ​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​ទទូច​ថា​ ការ​អះ​អាង​ដែល​ថា​ រោងចក្រ​បាន​រើស​អើង​កម្មករ​ដោយសារ​តែ​ពួកគេ​ចូលរួម​សហជីព​នោះ​ គឺ​មិន​មែន​ជា​ការ​ពិត​ទេ។

លោក​ ហ៊ាង ​បញ្ជាក់​ថា៖ «វា​មិន​ពិត​ទេ ពី​ព្រោះ​យើង​គោរព​ច្បាប់​សហជីព​ខ្លាំង​ណាស់។ ​ប្រសិន​បើ​ពួកគេ​គោរព​ច្បាប់​​នោះ​វា​មិនគួរ​ជា​បញ្ហា​ទេ»។

ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​​ការងារ​បាន​ផ្តល់ឱ្យ​ពលរដ្ឋ​នូវ​សិទ្ធិ​បង្កើត​ និង​ក្លាយជា​សមាជិក​សហជីព។ ផ្អែក​លើ​ច្បាប់​និយោជក​ត្រូវ​បាន​ហាម​ឃាត់​កុំឲ្យ​ មាន​ការ​រើសអើង​កម្មករ​នៅ​ពេល​​គេ​ចូលរួម​នៅ​ក្នុង​សហជីព។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​មេដឹកនាំ​សហជីព​បាន​កត់​សម្គាល់​ឃើញ​ថា​ មាន​ការ​យាយី​ ការ​ចោទ​ប្រកាន់ ​និង​ការ​រើស​អើង​កើន​ឡើង​ចាប់​តាំង​ពី​មាន​ការ​អនុម័ត​ច្បាប់​សហជីព​ដែល​ត្រូវ​បាន​រង​ការរិះ​គន់​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​ ២០១៦ ​នោះ។

លោក​ មុំ​ សៀក ​ប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​បាន​ថ្លែង​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​អំពី​ស្ថាន​ភាព​នៅក្នុង​រោង​ចក្រ Sun Hsu នេះ​ប៉ុន្តែ​មាន​ «សង្ឃឹម​តិច​តួច» ប៉ុណ្ណោះ ដោយ​​លោក​បាន​កត់​សម្គាល់​ថា​ កម្មករ​ភ័យខ្លាច​មិន​ហ៊ាន​គាំទ្រ​ដល់​សហជីព​ទេ។

លោក​ សៀក ​បាន​ថ្លែង​ថា៖​ «នៅ​តាម​ខេត្ត​ ពួក​គេ​ធ្វើការ​នៅ​ជិតៗ​ផ្ទះ​របស់​ពួក​គេ។ ​ប្រសិន​បើ​ពួកគេ​បាត់​បង់​ការងារ ​នោះ​ពួកគេ​មិន​អាច​ធ្វើការ​នៅ​ជិត​ផ្ទះ​បាន​ទៀត​ទេ។ ដូច្នេះ​ហើយ​ពួកគេ​មិន​ចូល​រួម​ទេ គឺ​គ្រាន់​តែ​នៅ​ស្ងៀម​ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​សហជីព​ប៉ុណ្ណោះ»។

មន្ត្រី​ជាន់​ខ្ពស់​កម្ម​វិធី​របស់​មជ្ឈម​ណ្ឌល​សាម​គ្គី​ដែល​ជា​អង្គការ​សិទ្ធិ​ការងារ​(Solidarity Center) លោក​ ឃុន​ ថារ៉ូ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ដោយ​លោក​បាន​លើក​ឡើង​ថា វា​មិន​សមរម្យ​ទេ​ ដែល​ប្រធាន​គ្រប់គ្រង​រោងចក្រ​ និង​ប៉ូលិស​ទៅ​ទាក់​ទង​សាច់​ញាតិ​របស់​កម្មករ​​នោះ។

លោ​កថា រ៉ូ ថ្លែង​ថា៖​ «នេះ​​ពិត​ជា​ការ​គំរាម​កំហែង​មួយ​ដល់ក​ម្មករ​ និង​អ្នក​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យធ្វើ​ជា​មេដឹកនាំ​សហជីព។ កម្មករ​មាន​សិទ្ធិ​របស់​ពួកគេ។ ពួកគេ​គួរ​ដាក់​ពាក្យ​បណ្តឹង។ វា​ពិត​ជា​ការ​រើស​អើង​ប្រឆាំង​សហជីព»។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​​ថ្លែង​ថា ខណៈ​ដែល​មាន​បញ្ហា​បែប​នេះ​ រឿង​រ៉ាវ​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង ​ការ​បៀត​បៀន​កម្មករ​ហាក់​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​វិញ។

លោក​បាន​ព្រមាន​ថា​ អាជ្ញាធរ​ក្នុង​មូល​ដ្ឋាន​ តែង​តែ​ព្យាយាម​សម្រុះ​សម្រួល​រវាង​ក្រុមហ៊ុន​ និង ​កម្មករ​ដោយ​ឱ្យ​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​ឲ្យ​កម្មករ​ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្តឹង​របស់​ពួក​គេ។

លោក​ ​ធន់​ មា​នប្រសាសន៍​ថា​៖​ «ពួកគេ​ព្យាយាម​បញ្ចុះ​បញ្ចូល​កម្មករ ឬ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឱ្យ​សម្រប​សម្រួល​ជា​មួយ​ក្រុម​ហ៊ុន។ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្រៀន​ក្រុម​ហ៊ុន​ឱ្យ​គោរព​តាម​ច្បាប់​នោះ​ទេ»៕NS