តាកែវៈ កម្មករ កម្មការិនី ជាង ១ ០០០ នាក់ បានទទួលសំណងអត្ថប្រយោជន៍ការងារដោយរោងចក្រកាត់ដេរសម្លៀកបំពាក់ ហុងសេនថេកស្តាយ ស្ថិតនៅភូមិព្រហូត ក្រុងដូនកែវ ខេត្តតាកែវ បានសម្រេចលក់សម្ភាររោងចក្រឡាយឡុងទៅឱ្យក្រុមហ៊ុន T.K បន្ទាប់ពីថៅកែបិទទ្វាររត់ចោលមិនព្រមបើកប្រាក់ថ្លៃឈ្នួលឱ្យ។
កម្មករកម្មការិនីបានចាប់ផ្តើមផ្ទុះការតវ៉ាតាំងពីថ្ងៃទី ៩ កញ្ញា មក ដោយសារតែគ្មានអ្នកទទួលខុសត្រូវពីថៅកែរោងចក្រ ហើយក៏ឈានដល់នាំគ្នាបិទផ្លូវ នៅមុខរោងចក្រកាលពីថ្ងៃទី ២៥ កញ្ញា ផងដែរ។ តាមរយៈការតវ៉ានេះ ក្រសួងការងារក៏បានចុះទៅអន្តរាគមន៍ ដោយផ្ដល់ជម្រើសចំនួន ២ ដល់កម្មករ គឺការប្ដឹងតាមផ្លូវតុលាការ ឬជម្រើសយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយដាក់ពាក្យស្នើសុំលក់ឡាយឡុងសម្ភារក្នុងរោងចក្រ។
លោក មឹង វីរិយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា តាមជម្រើសនេះ កម្មករទាំងអស់ព្រមទាំងសហជីពនៅក្នុងរោងចក្រក៏បានសម្រេចរួមគ្នា ដោយការប្រកាសលក់ឡាយឡុង ដើម្បីយកថវិកាទៅបែងចែកដល់កម្មករ។
លោកថ្លែងថា៖ «យើងជាមន្ត្រីគឺចូលរួមឃ្លាំមើលការដេញថ្លៃថាប្រព្រឹត្តទៅត្រឹមត្រូវស្របច្បាប់ឬអត់? ជាពិសេស គឺការពារអត្ថប្រយោជន៍កម្មករឱ្យបានស្មើគ្នា បើមិនត្រឹមត្រូវទេ គឺនឹងនៅមានកម្មករបន្តការតវ៉ា។ តែឃើញថា ការដោះស្រាយបញ្ហានេះ គឺប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវ»។
កម្មករម្នាក់ៗទទួលបានប្រាក់ទៅតាមលក្ខខណ្ឌការងាររបស់គេរៀងខ្លួនចន្លោះពីជាង ១០០ ទៅ ២០០ ដុល្លារ។
លោក សៀ សន ប្រធានសហព័ន្ធសហជីពការងារដើម្បីកម្ពុជាដែលចូលខ្លួនក្នុងការសម្របសម្រួលវិវាទនេះបានឱ្យដឹងថា កម្មករទាំងអស់គឺពួកគាត់បានទទួលអស់ហើយ ដោយគ្មានការជំទាស់នោះទេ៕