ភ្នំពេញៈ រោងចក្រ និង​អាជីវកម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​អាច​នឹង​ត្រូវ​តម្រូវ​ឲ្យ​ដាក់​តម្កល់​ប្រាក់​បំណាច់​ជា​មុន​ជា​រៀងរាល់​ខែ​ទៅ​រដ្ឋាភិបាល ដើម្បី​ទុក​បើក​ឲ្យ​កម្មករ​និយោជិត​នៅពេល​ដែល​ថៅកែ​រត់ចោល​រោងចក្រ​ ឬ​អាជីវកម្ម​ទាំង​នោះ​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

គំនិត​នេះ ​ត្រូវ​បាន​ស្វាគមន៍​ដោយ​សកម្មជន​សិទ្ធិ​ការងារ​ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ថៅកែ​រោងចក្រ​បិទទ្វារ​រោងចក្រ ហើយ​រត់គេច​ខ្លួន​ដោយ​មិន​បើក​ប្រាក់​ឈ្នួល​ ឬ​ផ្តល់​ប្រាក់​សំណង​ដល់​កម្មករ​។

នៅក្នុង​ពិធី​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​កាលពី​ម្សិលមិញ លោក អ៊ិត សំហេង បាន​ថ្លែង​ថា មន្ត្រី​ក្រសួង​កំពុង​ព្រាង​ប្រកាស​មួយ​ដែល​នឹង​តម្រូវ​ឲ្យ​រោងចក្រ​តម្កល់​ប្រាក់​បំណាច់​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ បើ​តាម​លោក សំហេង ក្រសួង​ «​មាន​ក្តីបារម្ភ​ជាច្រើន​» ​ចំពោះ​បញ្ហា​ថៅកែ​រត់​ចោល​រោងចក្រ​ដែល​ជា​បញ្ហា​កើត​មាន​ជាយូរ​មក​ហើយ​។

លោក​ សំហេង ថ្លែង​ថា​ប្រសិន​បើ​រោងចក្រ​បិទ​ភ្លាមៗ​ជាយ​ថាហេតុ បសស នឹង​សង​ប្រាក់​បំណាច់​ទៅ​កម្មករ​ជំនួស​រោងចក្រ​។​ លោក សំហេង ថ្លែង​ថា​៖ «​យើង​មិន​ចង់​យក​តែ​លុយ​រដ្ឋាភិបាល​ទៅ​សង​នោះ​ទេ​»​។ «​រឿង​ដែល​សំខាន់​គឺ​ត្រូវ​បង្កើត​ប្រព័ន្ធ​មួយ​នៃ​ការបង់​ជា​ទៀងទាត់​»​។

កាលពី​ខែ​មុន ​រដ្ឋាភិបាល​បាន​ប្រកាស​ថា រដ្ឋាភិបាល​បាន​កំណត់​ប្រាក់​ចំនួន ៤,៦ លាន​ដុល្លារ​ដើម្បី​សង​ប្រាក់​បំណាច់​ទៅ​កម្មករ​នៅ​រោងចក្រ​ចំនួន ៩ ដែល​ថៅកែ​បាន​បិទ​រោងចក្រ​ភ្លាមៗ និង​រត់គេច​ខ្លួន​។ ការប្រកាស​នេះ​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​ថៅកែ​រោងចក្រ​កាត់ដេរ​ឈ្មោះ Yu Fa ជនជាតិ​ចិន​តៃវ៉ាន់​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​បិទទ្វារ​រោងចក្រ ហើយ​រត់គេច​ខ្លួន ខណៈ​កម្មករ​ទៅ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

កាលពី​ថ្ងៃ​អង្គារ​លោក អ៊ិតសំហេង បាន​ទទួល​ស្គាល់​ថា​រោងចក្រ​កាត់ដេរ​រហូត​ដល់ ២០ រោងចក្រ​ប្រឈមមុខ​នឹង​បញ្ហា​ដូចគ្នា​នេះ​ចាប់​តាំងពី​ឆ្នាំ ២០១៦ ប៉ុន្តែ​បាន​អះអាង​ថា​រោងចក្រ​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​នៅ​សល់​តែ​រោងចក្រ​ចំនួន ៩ ​។ លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​មាន​រោងចក្រ​ច្រើន​ជាង​នេះ​បិទ​ទ្វារ រដ្ឋាភិបាល​នឹង​ពិនិត្យ ហើយ​ដោះស្រាយ​បញ្ហា​នេះ​»​។

ក្រសួង​មិន​ទាន់​បាន​បង្ហាញ​នៅឡើយ​ទេ​ថា តើ​រោងចក្រ​ចំនួន ៩ ណា​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​ក្រសួង​។

អ្នកស្រី ដឹក ឌឿន ដែល​ជា​កម្មការិនី​រោងចក្រ​អាយុ​ ៣៥ ឆ្នាំ​ដែល​ធ្វើការ​នៅ​រោងចក្រ Yu Fa ដែល​ឥឡូវ​នេះ​បាន​បិទទ្វារ​បាន​ថ្លែង​ថា កម្មករ​ពិត​ជា​ចង់ដឹង​ខ្លាំង​ណាស់​ថា តើ​ពួកគេ​ស្ថិត​នៅ​ក្នុង​បញ្ជី​នោះ​ឬ​អត់​?​។

បើ​តាម​អ្នកស្រី ឌឿន កម្មករ​រោងចក្រ Yu Fa បាន​យល់ព្រម​ទទួល​យក​ប្រាក់​ប្រមាណ ១៣០ ដុល្លារ​ម្នាក់ៗ​ក្នុង​មួយ​ខែ ដែល​ជា​ប្រាក់​បាន​មកពី​ការលក់​សម្ភារ​ដែល​នៅ​សេសសល់​របស់​រោងចក្រ​។ ទោះ​យ៉ាង​ណា​ក្តី​វា​គ្រាន់​តែ​ជា​ចំនួន​ ២ ​ភាគ​ ៣ ​នៃ​ប្រាក់ខែ​ដែល​រោងចក្រ​ជំពាក់​ពួកគេ​សម្រាប់​ការងារ​ខែ​ចុង​ក្រោយ ហើយ​គ្មាន​នរណា​ម្នាក់​ទទួល​បាន​ប្រាក់​បំណាច់​ទេ​។ អ្នកស្រី ឌឿន បន្ត​ថា​៖ «​ខ្ញុំ​បាន​រួម​ចំណែក​ជាច្រើន​នៅក្នុង​រោងចក្រ​នេះ​ក្នុង​រយៈកាល ៩ ឆ្នាំ​កន្លង​មក ប៉ុន្តែ​ម្ចាស់​រោងចក្រ​បាន​បិទទ្វារ ហើយ​ខ្ញុំ​បាត់បង់​ប្រាក់​អតីតភាព​ការងារ​»​។

លោក Will Conklin នៅ​មជ្ឈមណ្ឌល​សាមគ្គី​បាន​អបអរ​ចំពោះ​គំនិត​ដែល​តម្រូវ​ឲ្យ​មាន​ការ​តម្កល់​ប្រាក់​បំណាច់​។ លោក​បាន​ថ្លែង​ថា​៖ «​វា​ជា​ការ​អនុវត្ត​ស្តង់ដារ​មួយ​នៅក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​ពួកគេ​កំណត់ទុក​ប្រាក់​បំណាច់​ជា​ការ​កំណត់​សម្រាប់​ពេល​បិទទ្វារ​»​។ «​ប៉ុន្តែ​វា​មិនមែន​ជា​ការអនុវត្ត​នៅ​ក្នុង​វិស័យ​កាត់ដេរ​។ វា​ជា​រឿង​ល្អ​ដែល​ចាប់ផ្តើម​ការងារ​នេះ​»​។

នាយក​អង្គការ Central លោក មឿន តុលា ថ្លែង​ថា​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ រួមមាន​ដំណើរការ​សម្រាប់​កម្មករ​ទទួល​បាន​ប្រាក់​បំណាច់​របស់​ពួកគេ និង​របៀប​ដែល​ក្រសួង​នឹង​ធ្វើឲ្យ​ប្រាកដ​ថា​រោងចក្រ​នឹង​បង្កើន​ប្រាក់​តម្កល់ នៅពេល​កម្មករ​និយោជិត​ថ្មី​ត្រូវ​បាន​ជួល​។ ទោះ​យ៉ាង​ណា​ក្តី លោក តុលា បាន​ថ្លែង​បន្ត​ថា​សរុប​ទៅ «​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​កម្មករ​។ ខ្ញុំ​ស្វាគមន៍​ [​គំនិត​នេះ​]»៕ PS