ភ្នំពេញៈ រោងចក្រផលិតក្រដាស ហារតា ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ បានសម្រេចផ្អាកផលិតកម្មរបស់ខ្លួនមួយរយៈដោយគ្មានការកំណត់ ដោយសារកម្មករជាង ២០០ នាក់ដែលបានធ្វើការតវ៉ាជាច្រើនខែមកហើយបានបិទច្រកចេញចូលរបស់រោងចក្រមិនឲ្យមានការដឹកអីវ៉ាន់ចេញចូល។
លោក សូ ភក្តី ប្រធានរដ្ឋបាលនៃរោងចក្រ ហារតា ថ្លែងថា រោងចក្របានផ្អាកដំណើរការផលិតរបស់ខ្លួនតាំងពីថ្ងៃ ទី២១ ខែមិថុនា រហូតមកដោយមិនទាន់បានកំណត់ថ្ងៃដំណើរការពេលណាឡើងវិញឡើយ។
លោកថ្លែងថា៖ «កម្មករបានធ្វើការបិទផ្លូវមុខរោងចក្រមិនឲ្យមានការដឹកអីវ៉ាន់ចេញរហូតមកដល់ពេលនេះ ដែលជាហេតុនាំឲ្យរោងចក្រសម្រេចផ្អាកដំណើរការផលិតមួយរយៈសិន ដែលធ្វើឲ្យអតិថិជនបង្វែរការបញ្ជាទិញទៅក្រុមហ៊ុនផ្សេង»។
លោកឲ្យដឹងថា ក្រុមហ៊ុនមិនអាចធ្វើតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទេដោយសារអ្វីដែលខាងក្រុមប្រឹក្សាអាជ្ញាកណ្តាលបញ្ជាគឺវាអយុត្តិធម៌ធ្ងន់ធ្ងរណាស់សម្រាប់ក្រុមហ៊ុនដែលឲ្យផ្តល់ប្រាក់សំណងទៅកម្មករករណីខាងក្រុមហ៊ុនមានធ្វើអីខុសនោះ។ លោកថា៖ «ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងប្តឹងទាស់ទៅនឹងការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមហ៊ុនមិនបានប្តូរឈ្មោះដូចដែលកម្មករចោទនោះទេ។ តាមច្បាប់ការងារមាត្រា ទី៨៧ ការដែលក្រុមហ៊ុនប្តូរតែថៅកែ ឬបន្ថែមភាគហ៊ុនប៉ុណ្ណោះគឺមិនពាក់ព័ន្ធនឹងប្រាក់អតីតភាពការងារ ឬកិច្ចសន្យាការងារនោះទេ លើកលែងតែក្រុមហ៊ុនប្តូរឈ្មោះ»។
លោកថា កម្មករមានការយល់ច្រឡំថា ក្រុមហ៊ុនដូរឈ្មោះ ពី ហារតា ទៅជា អូជីអាយ តែនេះគ្រាន់តែជាឈ្មោះនិមិត្តសញ្ញា មិនមែនជាស្លាកយីហោរបស់ក្រុមហ៊ុនទេ។
លោក ស៊ន បូរ៉ា ប្រធានផ្នែកផលិត និងជាប្រធានសហជីពមិត្តកម្មករនៃរោងចក្រ ហារតា ថ្លែងថា កម្មករនៅតែបន្តធ្វើការតវ៉ារហូតទាល់តែរោងចក្រព្រមផ្តល់ប្រាក់ជំងឺចិត្ត។ លោកថា៖ «កម្មករបានធ្វើការបិទច្រកចេញចូលនៅរោងចក្រដើម្បីឲ្យមានការដោះស្រាយជូនពួកយើង។ កម្មករធ្វើការតវ៉ាជាច្រើនខែមកហើយ ដែលកម្មករខ្លះគ្មានលុយ គ្មានកន្លែងស្នាក់នៅខ្លះដេកនៅតាមដងផ្លូវ»។
លោកថា ដោយសារតែខ្លាចបាត់បង់ប្រាក់អត្ថប្រយោជន៍នៅពេលដែលក្រុមហ៊ុនបានប្តូរថៅកែ ទើបកម្មករនាំគ្នាធ្វើការតវ៉ាដើម្បីដោះស្រាយនូវប្រាក់អតីតភាពការងារ។
លោកថា៖ «ក្រុមហ៊ុនមិនបានធ្វើតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបានបង្គាប់ឲ្យបង់លុយសងជំងឺចិត្ត ហើយបានទាំងប្តឹងកម្មករទៅតុលាការទៀត»។
យោងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលចេញកាលពីថ្ងៃ ទី៣០ ខែឧសភា បានសម្រេចបដិសេធការទាមទាររបស់ភាគីកម្មករនិយោជិតឲ្យនិយោជកទទួលកម្មករនិយោជិតមានកិច្ចសន្យាការងារដែលមានកំណត់ថិរវេលា និងមានថិរវេលាមិនកំណត់ឲ្យចូលធ្វើការវិញ និងបង្គាប់ឲ្យនិយោជកទូទាត់ប្រាក់ជំងឺចិត្ត និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាជូនកម្មករ និងបង្គាប់ឲ្យនិយោជកទូទាត់ប្រាក់បំណាច់បណ្តេញចេញ និងប្រាក់ទូទាត់ជួសការជូនដំណឹងមុនពេលជូនពួកគាត់៕