ភ្នំពេញៈកម្មករ១០នាក់នៅរោងចក្រ Vantage River Textile ដែលមានថៅកែជាជនជាតិអាមេរិកាំង ត្រូវបានបញ្ឈប់ពីការងារ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាជាមួយនឹងមន្រ្តីសហជីព ដើម្បីរៀបចំគម្រោងបង្កើតសហជីពក្នុងរោងចក្រនេះ កាលពីថ្ងៃ ពុធកន្លងទៅ។
កញ្ញា កែវ ស្រីពេជ្រ អាយុ២២ឆ្នាំជាតំណាងកម្មករនិង ជាអ្នកត្រូវខាងរោងចក្របញ្ឈប់ពីការងារបានឲ្យដឹងកាលពីម្សិលមិញថា កម្មករទាំង១០នាក់នេះ មិនសុខចិត្តចំពោះ អ្វីដែលរោងចក្របានធ្វើនេះទេ ដោយសារពួកគេមិនបានធ្វើអ្វីខុសទៅនឹងច្បាប់ឡើយ។
កម្មករប្រមាណជា ៣០នាក់បានចេញមកធ្វើការតវ៉ាទាមទារនៅក្រោមដំណក់ទឹកភ្លៀងដើម្បីទាមទារឲ្យកម្មករដែលត្រូវបានបញ្ឈប់ទាំងនោះបានចូលធ្វើការវិញ ចំណែកឯកម្ម ករមួយចំនួនទៀត ត្រូវបានខាងក្រុមហ៊ុនគំរាមកំហែងមិនឲ្យចេញមកធ្វើការតវ៉ាទេ ដោយប្រកាសថា នឹងធ្វើការកាត់លុយប្រសិនបើនៅតែមានៈ។
កញ្ញា ស្រីពេជ្រ និយាយថា៖ «យើងមិនអាចធ្វើតាមអ្វីដែលខាងរោងចក្រ ធ្វើមកលើយើងនោះទេ។ ពួកយើងមិនបានធ្វើអីខុស ព្រោះពួកយើងគ្រាន់តែចង់បង្កើតសហជីពនៅក្នុងរោងចក្រតែប៉ុណ្ណោះដោយសាររោងចក្រនេះរំលោភសិទ្ធិកម្មករ និងបង្ខំកម្មករឲ្យធ្វើការថែមម៉ោងជាដើម»។
កម្មការិនី ស្រីពេជ្រ បន្តឲ្យដឹងទៀតថា រោងចក្របានហៅពួកគេទៅប្រាប់ពីការបញ្ឈប់នេះ និងបានផ្តល់ប្រាក់ផ្សេងៗ ប៉ុន្តែពួកគេបដិសេធមិនទទួលយកទេ ដោយទាមទារឲ្យរោងចក្រយកពួកគេធ្វើការវិញ។
កញ្ញាបន្តថា៖ «ក្រុមហ៊ុនមិនត្រឹមតែចោទយើងពីការបង្កើតសហជីពទេ តែថែមទាំងចោទកម្មករថា បំពេញការងារមិន អស់ពីសមត្ថភាពទៀតផង»។
ប្រធានរដ្ឋបាលរោងចក្រ ត្រូវបានស្គាល់ថា អ្នកនាង ផារី បានបិទទូរស័ព្ទ បន្ទាប់ពីអ្នកព័ត៌មានប្រាប់ថា មកពីកាសែតភ្នំពេញ ប៉ុស្តិ៍។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបាននិយាយ កាលពីម្សិលមិញថា អ្វីដែលក្រុមហ៊ុនធ្វើចំពោះកម្មករ គឺបញ្ជាក់ពីការរំលោភច្បាប់។ រោងចក្រនេះជារោងចក្រដែលគ្រប់គ្រងដោយថៅកែជនជាតិអាមេរិក ដែលជាប្រទេសអនុវត្តច្បាប់ និងមានការគោរពសិទ្ធិមនុស្ស។
លោកថ្លែងថា៖«ប៉ុន្តែផ្ទុយទៅវិញ យើងឃើញថា និយោ ជកនៅរោងចក្រនេះបែរជាអនុវត្តផ្ទុយទៅនឹងច្បាប់»៕