
កំពង់ស្ពឺៈ មានកម្មករកម្មការិនី រាប់រយនាក់ត្រូវថៅកែរោងចក្រសាប្រ៊ីណាបណ្ដេញពួកគេចេញពីការងារជាបន្តបន្ទាប់ទៀតដោយបង្ខំឲ្យផ្ដិតឲ្យមេដៃ ក្រោមមូលហេតុថា បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ខណៈដែលកម្មករជាង៥០០នាក់នៅផ្តុំគ្នាតវ៉ាមុខតុលាការខេត្តកាលពីម្សិលមិញ។
កម្មការិនី ផល ណាត អាយុ២៣ឆ្នាំបានបម្រើការនៅរោងចក្រសាប្រ៊ីណា រយៈពេលបីឆ្នាំ កាលពីម្សិលមិញបាននិយាយថា នាងបានទៅបើកប្រាក់ខែនាងកាលពីថ្ងៃសុក្រហើយត្រឡប់ទៅធ្វើការកាលពីថ្ងៃសៅរ៍ ប៉ុន្តែ នាងត្រូវកោះហៅទៅបន្ទប់រដ្ឋបាលហើយខាងរោងចក្រឲ្យផ្ដិតមេដៃនៅលើលិខិតបណ្ដេញចេញមួយច្បាប់។
ផល ណាត បានលើកឡើងថា៖« បុគ្គលិកក្រុមហ៊ុនបានហៅខ្ញុំនិងឲ្យខ្ញុំផ្ដិតមេដៃលើលិខិតមួយនោះហើយគេប្រាប់ខ្ញុំថា ខ្ញុំត្រូវគេបញ្ឈប់ពីការងារហើយ។ ខ្ញុំបានសួរពីមូលហេតុដែរ ហើយពួកគេបានប្រាប់ថា ខ្ញុំមានកំហុសធ្ងន់នៅក្នុងក្រុមហ៊ុននេះ»។
កញ្ញា ផល ណាត ដែលជាសមាជិកសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខៅឌូ) បញ្ជាក់ថា នាងមិនផ្ដិតមេដៃនៅលើលិខិតនោះទេព្រោះនាងមិនបានធ្វើអ្វីខុសសោះ។
ផល ណាត បានអះអាងថា៖« ខ្ញុំបានចូលរួមធ្វើការតវ៉ាមែនប៉ុន្តែ ខ្ញុំមិនបានបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនទេ។ ក្រុមហ៊ុនត្រូវផ្ដល់ប្រាក់អត្ថប្រយោជន៍ដល់ខ្ញុំ។ ពួកគេមិនត្រូវបណ្ដេញខ្ញុំដោយមិនផ្តល់ប្រាក់អត្ថប្រយោជន៍ទៅតាមច្បាប់ការងារបានឡើយ»។
ឯកម្មការិនីឈ្មោះ ហេង រឿន អាយុ៣០ឆ្នាំដែលធ្វើការនៅរោងចក្រសាប្រ៊ីណា រយៈពេល៦ឆ្នាំដែរ បានឲ្យដឹងថា នាងមានការភ្ញាក់ផ្អើលខ្លាំងណាស់ពេលឃើញក្រុមហ៊ុននេះចេញលិខិតបណ្ដេញចេញពីការងារ។
នាងនិយាយថា៖«ពួកគេបាននិយាយថា ខ្ញុំបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរមួយចំពោះក្រុមហ៊ុន តែខ្ញុំបានសួរថា តើខ្ញុំមានកំហុសអី។ តែពួកគេមិនបានប្រាប់ខ្ញុំពីមូលហេតុនោះទេ»។
នាងបានឲ្យដឹងថា នាងបានច្រានចោលនូវការចោទប្រកាន់ទាំងនេះព្រោះនាងមិនបានប្រព្រឹត្តកំហុសណាមួយទេបើទោះជានាងបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងក្រុមហ៊ុននេះក្ដី។
កម្មករ កម្មការិនីជាង៥០០នាក់បានជួបជុំគ្នានៅខាងមុខតុលាការខេត្តកំពង់ស្ពឺនៅឡើយ ដើម្បីទាមទារឲ្យតុលាការដោះលែងសមាជិកចំនួន៨នាក់ដែលត្រូវចាប់ឃុំខ្លួននៅពន្ធនាគារឲ្យនៅក្រៅឃុំតែតុលាការបានបដិសេធព្រោះសំអាងថា ករណីនេះកំពុងធ្វើការស៊ើបអង្កេត។
មេដឹកនាំសហជីពចំនួនបី នាក់និងកម្មករ៥នាក់ទៀតត្រូវចោទប្រកាន់ពីបទប្រើអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិរោងចក្រដោយចេតនានៅក្នុងការប៉ះទង្គិចគ្នាដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុនយ៉ាងដំណំ និងធ្វើឲ្យមនុស្សយ៉ាងតិចណាស់២៣នាក់រួមទាំងនគរបាលចំនួន៩នាក់ផងរងរបួស។
កូដករមួយចំនួនបាននាំគ្នាត្រឡប់ទៅធ្វើការវិញរីឯកម្មករប្រហែល៥០០នាក់ទៀតបានបន្តធ្វើបាតុកម្មទាមទារឲ្យដោះលែងតំណាងសហជីពព្រមទាំងទាមទារនូវលក្ខខណ្ឌការងារ និងប្រាក់បៀវត្សរ៍ឲ្យបានប្រសើរជាងមុន។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បានអំពាវនាវកាលពីថ្ងៃម្សិលមិញ ឲ្យកម្មករទាំងអស់ដែលត្រូវបណ្ដេញចេញនិងកំពុងរងនូវការគំរាមកំហែងបណ្ដេញចេញពីការងារឲ្យដាក់ពាក្យ ប្ដឹងក្រុមហ៊ុននេះ។
លោក ជា មុនី បានថ្លែងថា៖«តាមខ្ញុំដឹងកម្មកររាប់សិបត្រូវគេបណ្ដេញចេញនិងរងការបណ្ដេញចេញពីការងារបើសិនពួកគេមិនបានចូលធ្វើការវិញទេ។ ខ្ញុំសុំអំពាវនាវឲ្យកម្មករទាំងអស់ដាក់ពាក្យប្ដឹងក្រុមហ៊ុននេះ»។
លោក ជា មុនី មានប្រសាសន៍ថា មេធាវីលោកកំពុងរៀបចំឯកសារដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ដើម្បីស្នើសុំឲ្យតុលាការដោះលែងសមាជិកខ្លួនទាំង ៨នាក់ឲ្យនៅក្រៅឃុំ។
ក្រុមមន្ត្រីរោងចក្រកាត់ដេរ សាប្រ៊ីណាវិញមិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ៕ PN