កំពង់ស្ពឺ/កណ្តាលៈ កម្មកររាប់រយនាក់ពីរោងចក្រលេចធ្លោពីរនៅកម្ពុជា នឹងធ្វើកូដកម្មនៅថ្ងៃអង្គារនេះ លើវិវាទប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។
កម្មករជាង៦០០ នាក់មកពីរោងចក្រ K22 និង Eternity Global Sporting គ្រោងនឹងធ្វើការបញ្ជាក់ប្រាប់អំពីការទាមទាររបស់ពួក គេដល់និយោជក ខណៈដែលមន្រ្តីរដ្ឋាភិបាលពិភាក្សាអំពីលទ្ធភាពនៃការបង្កើនប្រាក់ ឈ្នួលអប្បបរមា។
នៅក្រុមហ៊ុន K22 Knits ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្មករជាង ១០០នាក់ នឹងធ្វើការតវ៉ាជាលើកទី២ នៅខែនេះ ដោយលើកទី១ បានធ្វើឡើងកាលពី៥ ថ្ងៃមុន នៅមុខរោងចក្រ។
លោក សយ ចន្ធូ មន្រ្តីសហជីពសេរីកម្មករ បានថ្លែងកាលពីម្សិលមិញថា កម្មករ «ទាមទារឲ្យនិយោជក ឈប់បណ្តេញកម្មករពីការងារ តាមចិត្តចង់ ដោយគ្មានមូលហេតុ»។ លោកបានបន្ថែមថា៖ «កម្មករនឹងបន្តធ្វើកូដកម្ម រហូតទាល់តែនិយោជក យល់ព្រមទទួលយកតាមការទាមទាររបស់កម្មករ»។
នៅរោងចក្រ Eternity Global Sporting ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលវិញ កម្មករជាង ៥០០ នាក់គ្រោងនឹងប្រមូលផ្តុំគ្នា ដើម្បីធ្វើកូដកម្មចំពោះបញ្ហាមួយចំនួនផងដែរ។
លោក សយ ចន្ធូ បាននិយាយឲ្យដឹងថា៖ «ពួកគេចង់ឲ្យនិយោជកបង់ប្រាក់ថ្លៃបាយ១៣ដុល្លារអាមេរិកក្នុងមួយខែ កុំបង្ខំកម្មករឲ្យធ្វើការបន្ថែមម៉ោង និងឈប់គោះទ្វារបន្ទប់ទឹកពេលកម្មករនៅក្នុងបន្ទប់ទឹក»។
លោក ធឿន ចេក ដែលធ្វើការនៅក្នុងរោងចក្រ Eternity Global Sporting អះអាងថា ការធ្វើកូដកម្មនឹងបន្តរហូតទាល់តែខាងរោងចក្រ ស្តាប់កម្មករ ហើយបញ្ហាត្រូវបានកែតម្រូវ។ លោកបានបន្តថា៖ «យើងមិនអាចធ្វើការក្រោមការរំលោភសិទិ្ធមនុស្សរៀងរាល់ថ្ងៃបែប នេះបានទេ។ ថ្នាក់គ្រប់គ្រងនៅរោងចក្រមិនល្អ។ ពួកគេអនុញ្ញាតឲ្យកម្មករទៅបន្ទប់ទឹកម្តង៣នាទី»។
កម្មករពីរោងចក្រទាំងពីរ បានសរសេរលិខិតទៅសហជីពសេរីកម្មករ ស្នើសុំសហជីពធ្វើអន្តរាគមន៍។
មន្រ្តីនៅរោងចក្រទាំងពីរ ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ការប្រកាសធ្វើកូដកម្មរបស់កម្មករ នៅរោងចក្រទាំងពីរ ក្នុងខេត្តកំពង់ស្ពឺ និងកណ្តាលនៅថ្ងៃនេះ គឺស្របពេលដែលមេ ដឹកនាំសហជីព កាលពីសប្តាហ៍មុនបានជួបប្រជុំគ្នាពិភាក្សា ហើយបានឯកភាពគ្នាក្នុងការដាក់សំណើទៅរដ្ឋាភិបាល ដោយទាមទារឲ្យដំឡើងប្រាក់ខែពី ៦១ ដុល្លារ ទៅដល់១២០ ដុល្លារ ក្នុងមួយខែ ដើម្បីលើកស្ទួយជីវភាពរបស់កម្មករ កម្មការិនីដែលកំពុងដុនដាប៕ TK