ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​រោងចក្រ សហគ្រាស និង​សិប្បកម្ម ចំនួន ១១ ប្រភេទ អាច​ដំណើរការ​ជា​ធម្មតា​នៅ​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នា​ពេលនេះ។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ។

តាម​សេចក្តី​សម្រេច​នេះ បាន​បញ្ជាក់​ថា ប្រភេទ​រោងចក្រ សហគ្រាស និង​សិប្បកម្ម ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​សកម្មភាព​អាជីវកម្ម​ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ជា បណ្តោះអាសន្ន​នូវ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល មាន​ដូច​ខាង​ក្រោម៖

១៖ ផលិត​ម្ហូប​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ ដោយ​រួម​ទាំង​ទីសត្តឃាត ដែល​ជា​តម្រូវការ​ចាំបាច់ ប្រចាំ​ថ្ងៃ

២៖ សកម្មភាព​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវាសាធារណៈ​តាម​ការ​កំណត់​របស់​ស្ថាប័ន​នីមួយៗ​ជាអាទិ៍ សេវា​ពន្លត់​អគ្គិភ័យ, សេវា​ផ្គត់ផ្គង់​អគ្គិសនី, ទឹក​ស្អាត, សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម-សំណល់​រឹង​ជាដើម

៣៖ រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ដំណើរការ​តាមរយៈ​ប្រព័ន្ធ​អនឡាញ

៤៖ សេវាកម្ម​ផ្គត់ផ្គង់​ទំនិញ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ ជា​អាទិ៍​ហាង​លក់​ទំនិញ ផ្សារ​លក់ដុំ ផ្សារ ឬ​ទីតាំង​លក់​គ្រឿង​ឧបភោគ​បរិភោគ​ដែល​មាន​សណ្តាប់​ធ្នាប់ ផ្សារ​ម៉ាត និង​ភោជនីយដ្ឋាន-អាហារដ្ឋាន ដែល​លក់​ជា​អាហារ​វេច​ខ្ចប់, ស្ថានីយ​ប្រេង​ឥន្ធនៈ-ហ្គាស

៥៖ ការ​ផ្គត់ផ្គង់​សេវា​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ​ជាអាទិ៍ សេវា​សង្គ្រោះ​បន្ទាន់, សេវា​សុខាភិបាល និង​ឱសថស្ថាន, សេវា​ប្រៃសណីយ៍-ទូរគមនាគមន៍, សេវា​ធនាគារ និង​ហិរញ្ញវត្ថុ និង​សេវា​ធានា​រ៉ាប់រង ប៉ុន្តែ​ត្រូវ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​បម្រើ​ការ​ឱ្យ​មក​នៅ​ត្រឹម​កម្រិត​អប្បបរមា

៦៖ សេវាកម្ម​សណ្ឋាគារ និង​ផ្ទះ​សំណាក់

៧៖ សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ចាំបាច់ ដើម្បី​បម្រើ​ឱ្យ​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់

៨៖ សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ទូទៅ​ចេញ-ចូល ឬ​ឆ្លង​កាត់​ភូមិសាស្ត្រ ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ដើម្បី​បម្រើ​ឱ្យ​វិស័យ​សង្គម-សេដ្ឋកិច្ច​នៃ​ប្រទេស

៩៖ ការ​ផលិត​សម្ភារ​បរិក្ខារ​ពេទ្យ និង​ថ្នាំ​ពេទ្យ

១០៖ ការដ្ឋាន​សំណង់​ដែល​មាន​កន្លែង​ស្នាក់​នៅ​ជាប់​ការដ្ឋាន​សំណង់ និង

១១៖ សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ចាំបាច់​ដទៃ​ទៀត ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ក្រសួង​ការងារ​ក៏​បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ផ្នែក​សន្តិសុខ, រដ្ឋបាល, ហិរញ្ញវត្ថុ, ផ្គត់ផ្គង់ និង​ដឹក​ជញ្ជូន​នៃ​រោងចក្រ សហគ្រាស និង​សិប្បកម្ម ដែល​ត្រូវ​បាន​ឱ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម​ចំនួន​មិន​លើស​ពី​ ២៥ នាក់ ក្នុង​មួយ​រោងចក្រ សហគ្រាស​មក​បំពេញ​ការងារ​ជា​ធម្មតា ដើម្បី​ធានា​សេវា​អប្បបរមា និង​គ្រប់គ្រង​សន្និធិ​ទំនិញ និង​ផលិតផល​របស់​ខ្លួន។

រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​ត្រូវ​បាន​អនុញ្ញាត​ដូច​បាន​រៀបរាប់​ខាង​លើ បុគ្គល​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​រួម​មាន​ការ​ពាក់ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព ព្រម​ទាំង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការ​វាស់​កម្ដៅ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

រាល់​រោងចក្រ សហគ្រាស សិប្បកម្ម ឬ​ទីតាំង​អាជីវកម្ម​ដែល​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​នៅ​បើក​ដំណើរការ ស្រប​តាម​ប្រការ ១ នៃ​សេចក្តី​សម្រេច​នេះ ត្រូវ​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​ចាប់​ពី​ម៉ោង ២០ (ម្ភៃ) ដល់​ម៉ោង ៥ (ប្រាំ) សម្រាប់​ទទួល​អតិថិជន​ដោយ​ផ្ទាល់ លើកលែង​ចំពោះ​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សុខាភិបាល ឱសថស្ថាន ស្ថានីយ​ប្រេង​ឥន្ធនៈ សេវា​សណ្ឋាគារ និង​ផ្ទះ​សំណាក់ និង​សេវា​សាធារណៈ​ចាំបាច់​ដទៃ​ទៀត ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ ឬ​ប្រកប​មុខរបរ ​ឬ​អាជីវកម្ម​ក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ និង​ដែល​មិន​មាន​ការ​ហាមឃាត់​ខាង​លើ និយោជក និង​កម្មករ​និយោជិត ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​អំពី​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ចេញ​ដោយ​ទីកន្លែង​អាជីវកម្ម​ពាក់ព័ន្ធ និង​លិខិត​អនុញ្ញាត ដែល​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត កណ្តាល​សម្រាប់​រោងចក្រ សហគ្រាស​ដែល​ស្ថិត​នៅ​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ដូច​ក្នុង​ឧបសម្ព័ន្ធ​នៃ​សេចក្តី​សម្រេច​នេះ៕