ភ្នំពេញៈ យ៉ាង​ហោចណាស់​រោងចក្រ​ប្រមាណ​ជា ១០ ​រោងចក្រ បាន​ស្នើសុំ​ព្យួរការងារ​ផ្នែក​ខ្លះ​នៃ​ផលិតផល​របស់​រោងចក្រ​ដោយហេតុ​ខ្វះខាត​វត្ថុធាតុដើម ហើយ​អាច​ប៉ះពាល់​ដល់ក​ម្មករ​ប្រមាណ ៣ ​ពាន់​នាក់​នឹង​អត់​ការងារ​ធ្វើ​ជា​បណ្ដោះអាសន្ន​។ ការអះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​នាទី​ស្តីការគណៈរដ្ឋមន្ត្រី​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ស្ថិតិ​នៃ​ការវាយតម្លៃ​ផលប៉ះពាល់​ដល់​រោងចក្រ​ទាំង​ ១០ ​នោះ​គឺ​គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ និង​នៅក្នុង​ខែ​មីនា​ខាងមុខ រោងចក្រ សហគ្រាស​ប្រហែល​ជិត​ ២០០ ​ទៀត​ ដែល​ត្រូវ​ប្រឈម​ដោយ​កត្តា​កង្វះ​វត្ថុ​ធាតុដើម​សម្រាប់​ផលិត​ដែល​នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ១៦ ​ម៉ឺន​នាក់​ទៀត​។

លោក​ ហេង សួរ បាន​ថ្លែងថា​៖ «​អាច​នឹង​ក្នុង​ខែ​ ៣ ខាង​មុខ​នេះ​ គឺ​អាចមាន​រោងចក្រ សហគ្រាស​ប្រហែល​ជិត​ ២០០ ​ដែល​អាច​ប្រឈម​នឹង​កង្វះ​វត្ថុ​ធាតុដើម​ដែល​អាច​ប៉ះពាល់​ដល់​បងប្អូន​កម្មករ​និយោជិត​ក្នុង​ករណី​អាក្រក់​បំផុត​ប្រមាណ​ជា​ខ្ទង់ ១៦ ​ម៉ឺន​នាក់​»​។

លោក ហេង សួរ បាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​មាន​រោងចក្រ​ប្រមាណ​ ១០ ​បាន​ចាប់ផ្តើម​ស្នើសុំ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ការងារ​ដែលមាន​កម្មករ​ប្រមាណ ៣ ​ពាន់​នាក់​បាន​រងគ្រោះ​ដែល​ក្រសួង​កំពុង​ព្យាយាម​សម្របសម្រួល​ជុំវិញ​ករណី​ការស្នើសុំ​ព្យួរ​រោងចក្រ​ទាំង​ ១០ ​នោះ​ដោយ​នឹង​រៀបចំ​ឲ្យ​កម្មករ​ទាំងអស់​អាច​ចូលរួម​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ក្នុង​អំឡុងពេល​ព្យួរការងារ ហើយ​ក៏​ដើម្បី​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍ ៦០ ​ភាគរយ​ ពី​រដ្ឋាភិបាល​ដែរ​។

លោក ហេង សួរ ក្នុង​សន្និសីទ​កាសែត​ម្សិលមិញ​។ហេង ជីវ័ន

ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​បញ្ចេញ​ដើម្បី​ត្រៀម​ទប់ស្កាត់​នោះ​លោក ហេង សួរ មិនអាច​បញ្ជាក់បាន​នោះទេ​ដោយ​គ្រាន់តែ​អះអាងថា រដ្ឋាភិបាល​នឹង​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ទប់ស្កាត់​បាតុភាព​ផ្សេងៗ​ក្នុង​កាលៈទេសៈ​នេះ​ដោយ​មិន​ឲ្យ​កម្មករ​ទាំងអស់ ជួបប្រទះ​ការលំបាក​នោះទេ​។

លោក​អះអាង​ថា​៖ «​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ប្រើប្រាស់​នូវ​គ្រប់​មធ្យោបាយ​ក្នុង​ការទំនាក់ទំនង​ជាមួយ​អ្នកបញ្ជា​ទិញ​រោងចក្រ​ក៏ដូចជា​កម្រិត​រដ្ឋាភិបាល និង​រដ្ឋាភិបាល ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្តល់​អាទិភាព​នៅក្នុង​ការផ្គត់ផ្គង់​នូវ​វត្ថុធាតុដើម​ទាំងនោះ​មក​ប្រទេស​កម្ពុជា​ឲ្យ​បាន​លឿន​បំផុត ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​រយៈពេល​នៃ​កង្វះ​វត្ថុធាតុដើម​នេះ​មាន​រយៈពេល​ខ្លី​»​។

លោក​សួរ​ថ្លែងថា​៖ «​ក្នុង​រយៈពេល​នេះ​ការរំខាន​នៃ​ចង្វាក់​ផលិតកម្ម​នៅ​ប្រទេស​ ចិន​ គឺ​ពិតជា​បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​ចង្វាក់​ផលិតកម្ម​នៅក្នុង​ពិភពលោក​យើង​ទាំងមូល​តែម្តង ជាពិសេស​នៅក្នុង​តំបន់​អាស៊ី​របស់​យើង​តែម្តង​ដែល​ក្នុងនោះ​សូម្បីតែ​ប្រទេស​ កូរ៉េ​ ក៏បាន​ផ្អាក​ចង្វាក់​ផលិតកម្ម​មួយចំនួន ដោយសារ​តែ​កង្វះ​វត្ថុធាតុដើម​ពាក់កណ្តាល​សម្រេច​ដែល​តែងតែ​ទទួលយក​ពី​ប្រទេស ​ចិន ដែល​លោក​សង្ឃឹម​ថា​កម្ពុជា​នឹងមាន​អាទិភាព​ ដើម្បី​ទទួលបាន​នូវ​​វត្ថុធាតុដើម​នេះ​មុនគេ​។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹងថា បញ្ហា​ប្រឈម​ទាំងនេះ គឺជា​ក្តីបារម្ភ​មួយ​ដែល​ផលប៉ះពាល់​ខ្លាំង​បំផុត​នោះ គឺ​កម្មករ​ទទួល​រង​នូវ​ក្តី​លំបាក ព្រោះ​គ្មាន​ការងារ​ធ្វើ​។ ម្យ៉ាង​ប្រាក់ឧបត្ថម្ភ​បណ្ដោះអាសន្ន​ចំនួន​ ៦០ ​ភាគរយ​ ដែល​ផ្តល់ជូន​កម្មករ​ក៏​មិន​អាចជួយ​កម្មករ​បាន​ទាំងស្រុង​នោះដែរ ហើយ​ប្រាក់​នេះ​អាច​បន្ត​ជួយ​កម្មករ​បាន​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​ថា​បើ​ផលវិបាក​ទាំងនោះ​បន្ត​អូសបន្លាយ​រយៈពេល​វែង​នោះ​វិធានការ​ទាំងនោះ​នឹង​មិន​អាច​ទ្រាំទ្រ​បាន​ទេ​។

លោក​ថ្លែងថា​៖ «​ឃើញ​ថា​នេះ​គឺជា​វិធានការ​ចម្រុះ​ដែល​រោងចក្រ​ចេញ ៤០ ​ភាគរយ ហើយ​រដ្ឋាភិបាល​ចេញ ២០ ​ភាគរយ​ សរុប​បាន ៦០ ​ភាគរយ ​ផ្តល់ជូន​ដល់​កម្មករ​ដែល​វា​អាច​ដោះស្រាយ​បញ្ហា​បាន​មួយអន្លើ​ក្នុង​រយៈពេល​ខ្លី​ដែរ​។ ប៉ុន្តែ​អ្វី​ជា​បញ្ហា​ចោទ គឺ​ឲ្យ​កម្មករ​ទៅ​រៀន​យក​បទពិសោធ ដែល​កត្តា​នេះ​ក្នុង​រយៈពេល​ខ្លី​អាច​ទៅ​រួច បើ​ក្នុង​រយៈពេល​វែង​គឺ​ពិបាក​ហើយ ព្រោះ​ក្រុមហ៊ុន​បើ​គ្មាន​ការងារ​ធ្វើ​តើ​បាន​ប្រាក់ ៤០ ​ភាគរយ ​មកពីណា​?»​។

លោក ធន់ ថ្លែងថា​៖ «​ខ្ញុំ​ចង់ឃើញ​វិធានការ​ជាក់លាក់​ផ្សេងទៀត ដើម្បី​ធ្វើការ​ទប់ស្កាត់​ផលវិបាក​ទាំងនេះ​ឲ្យ​បាន​ទាន់ពេលវេលា ខណៈ​ខ្ញុំ​សង្កេត​ឃើញ​វិស័យ​ជាច្រើន​ទៀត​ដូចជា​ទេសចរណ៍​កំពុង​តែ​ជួបប្រទះ​ដែល​ធ្វើឲ្យ​សណ្ឋាគារ​ជាច្រើន​បាន​បិទទ្វារ ព្រោះ​តែ​គ្មាន​ភ្ញៀវទេសចរ​មក​ទស្សនា​»​។

គិត​ត្រឹម​ឆ្នាំ​ ២០១៩ ក្រសួង​ការងារ​បាន​ចុះ​បញ្ជិកា​សហគ្រាស គ្រឹះស្ថាន​បាន​ចំនួន​ ១៤ ០៦០ និង​មាន​កម្មករ​និយោជិត​ប្រមាណ​ ១៤៣៣ ៩៣៥ ​នាក់​ ដោយ​ក្នុង​នោះ​សហគ្រាស​គ្រឹះស្ថាន​ក្នុង​វិស័យ​កាត់ដេរ​មាន​ចំនួន​ជាង​ ១ ២០០ ​ស្ថាប័ន​។

លោក ម៉ៃ ចាន់ កម្មករ​រោងចក្រ​ក្នុង​តំបន់ 7NG ស្ថិត​ក្នុង​ខេត្តកណ្តាល​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ដោយ​បង្ហាញ​ក្តីបារម្ភ​ខ្លះៗ ជុំវិញ​ព័ត៌មាន​នៃ​ការព្យួរ​ការងារ​របស់​កម្មករ ខណៈ​ដែល​លោក​មើលឃើញ​ថា ការជួយ​របស់​រដ្ឋាភិបាល​គឺ​អាចជួយ​កម្មករ​បាន​មួយផ្នែក​ប៉ុណ្ណោះ ស្រប​ពេល​ដែល​កម្មករ​ភាគច្រើន​សុទ្ធតែ​ជំពាក់​បំណុល​នៅ​ធនាគារ​។

បើទោះ​ជា​បច្ចុប្បន្ន​រោងចក្រ​ដែល​លោក​កំពុង​ធ្វើការ​មិនទាន់​ប្រកាស​ពី​ការព្យួរ​ការងារ ប៉ុន្តែ​លោក ម៉ៃ ចាន់ ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ទៅដល់​សម្តេច​ឲ្យ​គាត់​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ផលិតកម្ម​នៅតាម​រោងចក្រ​នៅ​កម្ពុជា​ឲ្យ​ដំណើរការ​ដូចដើម​វិញ ព្រោះ​ដឹង​ស្រាប់​ហើយ​កម្មករ​ស្រុក​ខ្មែរ​យើង​ប្រឈមមុខ​ទៅនឹង​ការ​ជំពាក់​គេ​ច្រើន​។ អ៊ីចឹង​គ្មានអ្វី​សំណូមពរ​ច្រើន​ទេ មាន​តែ​សុំ​ទៅដល់​សម្តេច ជួយ​គិតគូរ​ទៅដល់​កម្មករ-កម្មការិនី​​នៅ​ស្រុក​ខ្មែរ ដើម្បី​ឲ្យ​ពួកគាត់ មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជីវភាព និង​ដោះស្រាយ​បំណុល​ដែល​ខ្ចី​ធនាគារ​»៕

វីដេអូ៖