កណ្តាលៈ រោងចក្រ​កាត់ដេរ​ ១ ដែលជា​ក្រុមហ៊ុន​កាត់ដេរ​ធំ​ជាងគេ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​មាន​កម្មករ​ប្រមាណ​ ៣ ០០០ ​នាក់​ប្រកាស​បិទ​ភ្លាមៗ កាលពី​ថ្ងៃទី​ ២១ មេសា ដោយ​គ្មាន​ការជូន​ដំណឹង​កម្មករ​ជាមុន​នោះ​ទេ ហើយ​លើក​ហេតុផល​ថា ការសម្រេច​បិទ​រោងចក្រ​នេះ ព្រោះ​គ្មាន​ការបញ្ជាទិញ ខណៈ​កម្មករ​បង្ហាញ​ក្តីបារម្ភ​ពី​បញ្ហា​ជីវភាព ដោយសារ​គ្មាន​ការងារ​ធ្វើ​។

អ្នកស្រី​ សា ម៉ាឌី កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជាច្រើន​ទៀត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ២១ មេសា អ្នក​គ្រប់គ្រង​រោងចក្រ​កាត់ដេរ ប្រឹភីសីសខេមបូឌាហ្គាមិនអិលធីឌី បាន​ប្រកាសប្រាប់​កម្មករ​ពី​ការបិទ​រោងចក្រ​មិន​ដល់​ ២ ​ម៉ោង​ផង អំឡុង​ពេល​ដែល​កម្មករ​កំពុង​ធ្វើការ​។ អ្នកស្រី​ថា ការប្រកាស​បិទ​រោងចក្រ​នេះ​គឺ​គ្រាន់តែ​ប្រាប់ថា គ្មាន​អ្នកបញ្ជា​ទិញ ហើយ​រោងចក្រ មិន​មាន​លទ្ធភាព ព្យួរការងារ​កម្មករ​នោះទេ​។

អ្នកស្រី​បន្តថា​៖ «​ក្នុងពេល​នោះ​កំពុង​ធ្វើការ​សុខៗ​ក្រោយ​ហូបបាយ​ថ្ងៃត្រង់​ហើយ រោងចក្រ​ក៏​បាន​ប្រកាស​ឲ្យ​យើង​ឈប់​ធ្វើការ និង​ឲ្យ​ទៅផ្ទះ ហើយ​ប្រាប់​ថា​ចាំ​មក​បើក​លុយ​នៅ​ថ្ងៃទី​ ៣០ មេសា ដែល​ជា​ប្រាក់ខែ​ចុងក្រោយ​។ ខ្ញុំ​មិន​ដឹងថា គេ​ទូទាត់​របៀប​ម៉េច​ឲ្យ​យើង​ទេ​។ រឿងនេះ​កម្មករ​យើង ពិបាក​ទទួល​យក​ណាស់​ប្រកាស​ភ្លាមៗ​ឲ្យ​យើង​ឈប់​ភ្លាម​»​។

ចំណែក​កម្មករ​ម្នាក់ទៀត​ដែល​ប្រាប់​ត្រឹម​ឈ្មោះ​ ម៉ាក់ ផានុន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា កម្មករ​ជាច្រើន​មាន​ភាពជ្រួលច្របល់​ជាខ្លាំង​។ ប៉ុន្តែ​មិន​បាន​ប្រមូលផ្តុំ​តវ៉ា​នោះ​ទេ ដោយ​រង់ចាំ​ការបើក​ប្រាក់ខែ​ចុង​ក្រោយ​នៅ​ចុងខែ​ខាង​មុខ​។ អ្នកស្រី​បន្ត​ថា បើ​ក្នុង​ករណី​ដែល​ការទូទាត់​ប្រាក់​សំណង​មិន​បាន​ត្រឹមត្រូវ​តាមច្បាប់​នោះ កម្មករ​នឹង​ពិចារណា​ជាថ្មី​ទៀត​ថា​សម្រេច​តវ៉ា​ឬ​យ៉ាងណា ខណៈ​នេះ​អ្នកស្រី​បារម្ភ​ពី​បញ្ហា​ជីវភាព​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​គេ​អត់​មាន​និយាយ​អី​ទេ រឿង​សំណង​ជំងឺ​ចិត្ត​ហ្នឹង គឺ​គ្រាន់​តែ​ថា គេ​នឹង​គុណ​លុយ​ឲ្យ​យើង​នឹង​ប្រាក់ខែ​ចុងក្រោយ​ហ្នឹង ហើយ​ពេល​បើក​ហ្នឹង ខ្ញុំ​ខ្លាច​តែ​បាត់​លុយ​ប្រាក់ខែ​ខ្ញុំ​ផង​។ តែ​មិនដឹង​ធ្វើ​ម៉េច​ទេ បើ​ពួក​ខ្ញុំ​ជា​កម្មករ​អ៊ីចឹង យើង​នៅ​ក្រោម​គេ គេ​ថា​ម៉េច​មាន​តែ​អ៊ីចឹង​ហ្មង គេ​បើក​បាន​ប៉ុន្មាន យក​ប៉ុណ្ណឹង​ហើយ​បង​»​។

បើ​តាម​អ្នកស្រី​ ម៉ាក់ ផានុន ឲ្យ​ដឹងថា​ពី​មុន​រោងចក្រ​នេះ​មាន​កម្មករ​រហូត​ដល់​ ៧ ០០០-៨ ០០០​ នាក់ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ដោយសារ​ជួប​បញ្ហា​នៃ​ការធ្លាក់ចុះ​ការបញ្ជាទិញ និង​កង្វះ​ផលិតភាព ឬ​វត្ថុធាតុដើម​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ ផង​នោះ​បាន​ធ្វើឲ្យ​រោងចក្រ​នេះ​កាត់បន្ថយ​កម្មករ​មក​សល់​ត្រឹម​ប្រមាណ​ ៣ ០០០ ​នាក់​វិញ​។

អ្នកស្រី​ គួច ដាវី ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ ប្រឹភីសីស ខេមបូឌាហ្គាមិនអិលធីឌី បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា​ក្រុមហ៊ុន​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើ​រោងចក្រ​នេះ​ទូទាត់​សំណង​ជូន​កម្មករ​មិន​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ កម្មករ​អាច​ប្តឹង​មក​ក្រសួង ដើម្បី​រក​ដំណោះស្រាយ​ជូន​បាន​។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែង​ថា​៖ «​បើ​ក្នុង​ករណី​បិទ​ហើយ​ការទូទាត់​សំណង​ត្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​មិន​គួរ​កេងចំណេញ​លើ​គាត់​ទេ ព្រោះ​ពេល​នេះ​គាត់​ជួប​បញ្ហា​សេដ្ឋកិច្ច​ហើយ​»៕