The Phnom Penh Post Search

Search form

រោងចក្រ​ ៣ ​មិន​ទាន់​ដោះស្រាយ​វិវាទ ​ថ្វីបើ​មាន​ការ​តវ៉ា

Content image - Phnom Penh Post
កម្មករ​រោងចក្រ​ហ្វឺសហ្គាវ័ន្ត​ពេល​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ពុធ​។ រូប ផាន់ រចនា

រោងចក្រ​ ៣ ​មិន​ទាន់​ដោះស្រាយ​វិវាទ ​ថ្វីបើ​មាន​ការ​តវ៉ា

ភ្នំពេញៈ យ៉ាងហោច​ណាស់​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​ ៣ ​ក្នុង​ចំណោម​រោងចក្រ​ដែល​មាន​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជា​ម្ចាស់​ផ្សេង​ទៀត​នៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​កម្មករ​ទេ បើទោះ​ជា​រោងចក្រ​ខ្លះ​មាន​បញ្ហា​តាំងពី​ខែ​មករា​ដើម​ឆ្នាំ​នេះ និង​មាន​ការតវ៉ា​ជា​បន្តបន្ទាប់​ក្ដី​។

ក្នុង​ចំណោម​រោងចក្រ​ទាំង​ ៣ ​ដែល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​​បញ្ហា​ជាមួយ​កម្មករ​មាន​រោងចក្រ ហ្គាវ័ន្ត​ (Gawon) ​នៅ​ក្រុង​តាខ្មៅ​ និង​រោងចក្រ​ហ្វឺសហ្គាវ័ន្ត​នៅក្នុង​ខណ្ឌ​មានជ័យ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ម្ចាស់​តែ​ ១ ​គឺ​លោកស្រី ឆា ក្យុង ហ៊ី​។ រោងចក្រ​ទាំង​ ២ ​នេះ​មាន​វិវាទ​ការងារ​ជាមួយ​កម្មករ​កម្មការិនី តាំងពី​ដើម​ខែ​មករា​ឆ្នាំ​នេះ​មក​ដោយ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ​។

រីឯ​ រោងចក្រ​មួយ​ផ្សេង​ទៀត​គឺ​រោងចក្រ ដាយ យាង មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ ​ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មាន​ឈ្មោះ​លោក ផាក ស៊ូសួក ជនជាតិ​កូរ៉េ ជា​អ្នក​គ្រប់គ្រង​ និង​បាន​ចាប់ផ្តើម​មាន​វិវាទ​ការងារ​ជាមួយ​និយោជិត​តាំងពី​ខែ​មេសា​មក​។ នេះ​បើ​តាម​​លោក ឃឹម មករា ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កម្ពុជា​ (C.CAWDU) ​កាលពី​ថ្ងៃ​ពុធ​។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​កម្មករ​ផ្សេង រោងចក្រ ដាយ យាង មាន​សាខា​មួយ​ទៀត​​នៅ​ខេត្ត​កណ្តាល​គឺ​រោងចក្រ តេយ៉ុង ដែល​រោងចក្រ​ទាំង​ ២ ​ជា​បុត្រសម្ព័ន្ធ​​នឹង​គ្នា ហើយ​រោងចក្រ ដាយ យាង ផលិត​សម្លៀកបំពាក់​មាន​ម៉ាក​ដូចជា Jacques Moret Inc, Carole Hochman Design group Inc, Dillards Inc, One Step Up Ctd, JJ Basics Llc , Leeward International Inc, Target cooperation, និង Swimsuit Commision Corp ដែល​ភាគច្រើន​នាំ​ទៅ​លក់​នៅ​អាមេរិក​។

កាលពី​ព្រឹក​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​កម្មករ-កម្មការិនី រោងចក្រ​ហ្វឺសហ្គាវ័ន្ត​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ប្រមាណ​ជិត​​ ១០០ ​នាក់​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​សុំ​ឱ្យ​ជួយ​ដោះស្រាយ​ករណី​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ជាង​ ៥ ​ខែ​បន្ទាប់មក​នៅ​ពេល​រសៀល​ថ្ងៃ​នោះ​ក៏បាន​សម្រេច​ទៅ​បោះតង់​តវ៉ា​នៅមុខ​រោងចក្រ​វិញ​ដោយសារ​ក្រសួង​មិន​អាច​ជួយ​ដោះស្រាយ​បាន​។

អ្នកស្រី យិន យឿន ជា​កម្មការិនី​ដែល​ធ្វើការ​នៅ​រោងចក្រ​នេះ​ ៨ ​ឆ្នាំ​បាន​ថ្លែង​ពេល​តវ៉ា​នោះ​ថា អ្នកស្រី និង​កម្មករ​ផ្សេង​ទៀត​កំពុង​ជួប​ការលំបាក​ ខណៈ​ថៅកែ​មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ឱ្យ​រហូត​ជាង​ ៥ ​ខែ​។

ប្រធាន​សហជីព​មូលដ្ឋាន​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា C.CAWDU ប្រចាំ​នៅ​រោងចក្រ ដាយ យាង លោក ហេង សួភា បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​នៅ​មុន​ថ្ងៃទី​ ៣០ ខែ​មីនា គឺ​កម្មករ​រោងចក្រ​នេះ​នៅ​ធ្វើការ​ធម្មតា ហើយ​ការងារ​ក៏​សម្បូរ​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​ (៣០ ​មីនា​) ​ស្រាប់​តែ​រោងចក្រ​ប្រកាស​ព្យួរ​ការងារ​កម្មករ ទើប​មាន​ការតវ៉ា​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខាង​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាត់តាំង​អភិបាល​បណ្តោះអាសន្ន​ឲ្យ​ដោះស្រាយ​ករណី​រោងចក្រ ដាយយាង សុំ​ក្ស័យធន​ហើយ​បាន​បិទ​ប្រកាស​កាលពី​រសៀល​ថ្ងៃ​ ៣០ ​មីនា​ដោយ​បញ្ជាក់​ថា ព្យួរការងារ​កម្មករ​ ១ ​ខែ និង​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ចូល​ក្នុង​បរិវេណ​រោងចក្រ​ទេ​»​។

តាម​លោក សួភា រោងចក្រ ដាយយាង​បាន​ចាប់​ដំណើរការ​ក្នុង​ឆ្នាំ​ ២០០៣ តែ​ក្រោយ​មក​ក៏​មាន​សាខា​មួយ​ទៀត​គឺ​រោងចក្រ​តេយ៉ុង​នៅ​ផ្លូវជាតិ​លេខ​ ៤ ហើយ​ប្រហែល​ ៣ ​ឬ​ ៤ ​ឆ្នាំ​នេះ​រោងចក្រ​បាន​នាំ​អ្នក​បញ្ជា​ទិញ និង​ការងារ​ទៅ​ធ្វើ​នៅ​រោងចក្រ តេយ៉ុង ច្រើន​ជាង​។

លោក សួភា គិតថា រោងចក្រ ដាយយាង​មាន​បំណង​ចង់​ឈប់​ជួល​ទីតាំង​​ចាស់ ដោយសារ​អតីតភាព​ការងារ​កម្មករ​ច្រើន ហើយ​ទីតាំង​ចាស់​រោងចក្រ​ជួល​ពី​ម្ចាស់​ដើម​ដែល​បាន​ជួល​ដី​ពី​រដ្ឋ ហើយ​ថ្មីៗ​នេះ​រដ្ឋ​បាន​លក់​ទៅ​ឲ្យ​ឯកជន​ទើប​រោងចក្រ​ចង់​បិទទ្វារ​ដោយ​សំអាង​ថា​ក្ស័យធន​។

លោក​បាន​បន្ត​ថា​៖ «​ចំពោះ​ពួកយើង​ជា​កម្មករ​ប្រសិន​បើ​រោងចក្រ​ចង់​បិទ​ទ្វារ​ហើយ​បញ្ចប់​កិច្ចសន្យា​តែ​ពី​ភាគី​រោងចក្រ​ម្ខាង​គឺ​ត្រូវ​ទូទាត់​ប្រាក់​បំណាច់​ជូន​កម្មករ​ដែល​មាន​ដូចជា ប្រាក់​ជូន​ដំណឹង​បញ្ចប់​កិច្ចសន្យា​,​បណ្តេញចេញ​,​ប្រាក់​បំណាច់​ជំងឺ​ចិត្ត​ដែល​ចង់​បញ្ចប់​កិច្ចសន្យា​តែឯង​,​ប្រាក់​បំណាច់​ផ្សេងៗ​ដែល​នៅសល់ និង​ប្រាក់​ខែ​ចុងក្រោយ​ក្នុង​ខែ​មីនា​ដែល​មិន​ទាន់​ទូទាត់​សង​កម្មករ​»​។

គួរ​បញ្ជាក់​ថា​កាលពី​ពេល​ថ្មីៗ​នេះ​ទីតាំង​ដី​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ឯកជន​រួមទាំង​ដី​នៅ​រោងចក្រ​ដាយាង​ដែល​មាន​ទំហំ​ ១៥០០០ ម៉ែត្រការ៉េ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ ខណ្ឌ​ឫស្សីកែវ​ផង​ដែរ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​ពី​រឿង​នេះ​បាន​ទេ​ដោយសារ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​កាលពី​ម្សិលមិញ​។

ចំណែក​លោក ព្រាប ឡេន អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស​របស់​រោងចក្រ​ ដាយយាង ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ដោយសារ​ទូរស័ព្ទ​លោក​មិន​អាច​ភ្ជាប់​បាន​កាលពី​ម្សិលមិញ​។

បើ​តាម​លោក សួភា ជំហរ​កម្មករ​ថា​នឹង​បន្ត​តវ៉ា​នៅ​មុខ​រោងចក្រ​ទៀត​រហូត​មាន​ដំណោះស្រាយ​ដោយ​ខាង​តំណាង​កម្មករ​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​នោះ​មាន​ទាំង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ផង​ដែរ តែ​មិន​ទាន់​មាន​ការឆ្លើយតប​ទេ​។

លោក Bent Gehrt ប្រធាន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​សមាគម​សិទ្ធិ​​កម្មករ​ (WRC) ​ធ្លាប់​បាន​ថ្លែងថា រដ្ឋាភិបាល​ត្រូវ​ជួយ​ដោះស្រាយ​ចំពោះ​ការបញ្ឈប់​កម្មករ​ពី​ការងារ​។

បើ​តាម​លោក Bent Gehrt ការអូសបន្លាយ​បែប​នេះ​បង្ហាញ​ថា និយោជក​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជាមួយ​កម្មករ​ឡើយ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​៕

អត្ថបទគួរចាប់អារម្មណ៍