
ភ្នំពេញៈ មន្ត្រីរោងចក្រ SL garment processing (Cambodia) Co Ltd បានអះអាងថា សហជីពដែលដឹកនាំដោយក្រុមសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា (ស៊ីខៅឌូ) មិនស្របច្បាប់ទេ ហើយថា សហជីពនេះ បានធ្វើឲ្យក្រុមហ៊ុនបាត់បង់ប្រាក់ចំណេញជាច្រើន។
លោក មាស សុថា ម្ចាស់ភាគហ៊ុននៅរោងចក្រ SL បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនរបស់លោក បានខាតបង់ប្រមាណពី ១៣ ម៉ឺន ទៅ ១៥ ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ លោកបានថ្លែងថា៖ «ចំពោះការតវ៉ាដែលកម្មករ និងសហជីព បានធ្វើជាងមួយខែនេះ យើងបានខាតបង់ប្រាក់ជាង ១ លានដុល្លារ។ សហជីព ស៊ីខៅឌូ មិនបានដឹកនាំកម្មករឲ្យតវ៉ា ឬក៏ធ្វើបាតុកម្មទេ ក៏ប៉ុន្តែពួកគេបានធ្វើវិច្ឆេទកម្ម ដែលបង្កឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនយ៉ាងច្រើន ដែលនេះជាអំពើខុសច្បាប់»។ លោក មាស សុថា បានអំពាវនាវឲ្យកម្មករ ធ្វើការពិចារណាឲ្យបានដិតដល់ និងកុំជឿពាក្យញុះញង់របស់សហជីព ព្រោះពួកគេជាអ្នកដែលបំផ្លាញអត្ថប្រយោជន៍កម្មករ។
កម្មករ រាប់ពាន់នាក់ បានធ្វើការតវ៉ាទាមទារ ១១ ចំណុច ពីរោងចក្រកាត់ដេរ SL ហើយរោងចក្រនេះ បានយល់ព្រមផ្តល់ឲ្យតែ ៧ ចំណុចប៉ុណ្ណោះ នៅសល់ ៤ ចំណុចទៀត ដូចជា ការស្នើបណ្ដេញលោក មាស សុថា ចេញពីរោងចក្រ ការផ្ដល់ប្រាក់ចំនួន ៣ ដុល្លារ សម្រាប់អាហារក្នុងមួយថ្ងៃ ការមិនកាត់ប្រាក់ខែកម្មករក្នុងពេលតវ៉ា និងការតម្រូវឲ្យក្រុមហ៊ុន ទម្លាក់ចោលបណ្តឹងនៅតុលាការក្រុង។
លោក ឡុង ហ៊ាង តំណាងមកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងនៅពេលនោះថា ចំពោះចំណុចទាំងបួន ដែលកម្មករទាមទារនោះ គឺមិនស្របច្បាប់ ដែលក្រុមហ៊ុនមិនអាចទទួលយកបានឡើយ។ លោកបានថ្លែងថា៖ «តាមច្បាប់ ទោះបីជាកម្មករតវ៉ាស្របច្បាប់ ឬក៏ខុសច្បាប់ ក្រុមហ៊ុនមានសិទ្ធិកាត់ប្រាក់ឈ្នួលរបស់ពួកគេ»។
លោក អ៊ុំ វិសាល មន្ត្រីផ្នែកច្បាប់នៅសហជីព ស៊ីខៅឌូ បានបដិសេធចំពោះអ្វីដែលលោក មាស សុថា បានចោទប្រកាន់នេះ។ លោក អ៊ុំ វិសាល បានបន្ថែមថា៖ «វាជាសិទ្ធិរបស់ក្រុមហ៊ុន ក្នុងការចោទប្រកាន់ពួកយើង ប៉ុន្តែខ្ញុំចង់សួរពួកគេទៅវិញថា តើអ្វីដែលបណ្ដាលឲ្យកម្មករតវ៉ាដូច្នេះ? ពួកគេត្រូវតែក្រឡេកមើលក្រោយវិញរកដើមចម ដែលនាំឲ្យកម្មករដើរចេញពីកន្លែងធ្វើការ និងតវ៉ាឡើងដូចនេះ»។ លោកបញ្ជាក់ថា សហជីព ស៊ីខៅឌូ មិនបានបង្កឲ្យកម្មករទាំងនោះ តវ៉ាប្រឆាំងនឹងក្រុមហ៊ុននេះទេ ហើយបើសិនសហជីព ស៊ីខៅឌូ មិនធ្វើអន្តរាគមន៍ឲ្យពួកគេទេ នោះក៏នៅតែមានសហជីពផ្សេងទៀតចេញមុខមកជួយមិនខានដែរ៕ PN