ភ្នំពេញៈ ម្ចាស់​ក្រុមហ៊ុន W&​D ថា ​ខ្លួន​ខាតបង់​ប្រាក់​ជាង ១ លាន​ដុល្លារ និង​បាត់បង់​អ្នក​បញ្ជា​ទិញ​​ធំៗ​ដល់​ទៅ ៣ ក្នុង​ចំណោម​អ្នក​បញ្ជា​ទិញ​ក្រៅ​ប្រទេស​ចំនួន ១០ ​ចាប់​តាំង​ពី​កម្មករ កម្មការិនី​ជាង ១ ០០០ ​នាក់​ បាន​បន្ត​ធ្វើ​​បាតុកម្ម​តវ៉ា ក្នុង​រយៈពេល​​ជាង ​២ ​ខែ​កន្លង​មក​នេះ​។ លោក Jimmy នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន W&D ​ថ្លែង​ក្នុង​សន្និសីទ​កាសែត ​កាល​ពី​ម្សិលមិញ​​ថា ក្នុង​រយៈពេល​ជាង​ ២ ខែ គឺ​នៅ​ខែ​មករា និង​ខែ​កុម្ភៈ ក្រុមហ៊ុន​ខ្លួន ​បាន​ខាតបង់​ប្រាក់​ជាង ១ លាន​ដុល្លារ​ព្រោះ​តែ​ការ​យឺតយ៉ាវ​ ក្នុង​ការ​ដឹក​ជញ្ជូន​ និង​មិន​អាច​ប្រគល់​​ទំនិញ​ឲ្យ​អ្នក​បញ្ជា​ទិញ​​ទាន់​ពេល​វេលា​ដោយសារ​តែ​មាន​ការ​តវ៉ា​របស់​កម្មករ​។

លោក​បញ្ជាក់​ថា៖ «ការ​ខាតបង់​ដោយ​ផ្ទាល់ គឺ​អស់ ៨៥ ម៉ឺន​ដុល្លារ ​រួច​មក​ហើយ ក្នុង​រយៈពេល ២ ខែ​នេះ ហើយ​ក្នុង​ហ្នឹង​មាន​ការ​ខាតបង់​មិន​ផ្ទាល់​ផ្សេង​ទៀត មាន​ដូចជា​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ចូន​ទំនិញ​ឲ្យ​អ្នក​បញ្ជា​ទិញ ដែល​ការ​ដឹក​តាម​ជើង​យន្តហោះ​ហើយ​នៅ​ពេល​យើង​ទៅ​ដល់​យឺត អ្នក​បញ្ជា​ទិញ គាត់​ធ្វើ​ការ​ពិន័យ​បន្ថែម​ទៀត ​ដោយ​យើង​មិន​ទាន់​​ដឹង​ច្បាស់​ប៉ុន្មាន​នោះ​ទេ។ ប៉ុន្តែ​ការ​គណនា​ត្រួសៗ​ទៅ សរុប​ប្រហែល​ជា ១ លាន ២ សែន​ដុល្លារ»។

លោក កាំង ម៉ូនីកា អគ្គ​លេខាធិការរង​ GMAC បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ថា ជា​ការ​ពិត​ការ​បញ្ឈប់​កម្មករ​​និយោជិត ដែល​មិន​ចូល​ធ្វើ​ការ គឺ​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន គ្មាន​លក្ខខណ្ឌ​ណា​ ​ត្រូវ​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ដល់​កម្មករ ដែល​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​​ ក្រោយ​រោងចក្រ​បញ្ឈប់​នោះ​ទេ។ យ៉ាង​ណា​ក្តី​លោក ម៉ូនីកា បាន​អះអាង​ថា រោងចក្រ​ នៅ​តែ​ប្រកាន់​ជំហរ ក្នុង​ការ​ទទួល​យក​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ បើ​ពួក​គេ ដាក់​ពាក្យ​ស្នើ​មក​ជា​ថ្មី។

លោក​ថា៖ «លើកលែង​តែ​កម្មករ​មួយ​ចំនួន​តូច ​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​រំលោភ​ទៅ​លើ​សណ្តាប់​ធ្នាប់​សាធារណៈ ការ​បិទ​ផ្លូវ​រោងចក្រ រារាំង​ការ​ធ្វើ​ការងារ​របស់​កម្មករ​ដទៃ​ទៀត។ អ៊ឹចឹង សម្រាប់​អ្នក​ក្រៅ​ពី​ហ្នឹង គឺ​អាច​ធ្វើ​ការ​បាន​វិញ ដោយ​ពិនិត្យ​មើល​តាម​នីតិវិធី»។

កម្មករ កម្មការិនី​រោងចក្រ W&D ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា តាំង​ពី​ថ្ងៃ​ទី ​២៤ ខែ ​ធ្នូ ​ឆ្នាំ​មុន ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ​របស់​ខ្លួន មុន​អនុវត្ត​ច្បាប់​ថ្មី ដែល​នឹង​បើក​ប្រាក់​​បំណាច់​អតីតភាព​ការងារ​នេះ ជា​រៀង​រាល់ ៦ ខែ​ម្តង។ ក្រោយ​ការ​តវ៉ា​ក្រុមហ៊ុន​ក៏​បាន​ប្រកាស​បញ្ឈប់​កម្មករ​ប្រមាណ ១ ១០៤​ នាក់ ដោយ​សំអាង​ថា ​កម្មករ​ទាំង​នោះ មិន​បាន​គោរព​ទៅ​តាម​​ដីកា​រក្សា​ការពារ របស់​តុលាការ ដែល​តម្រូវ​ឲ្យ​កម្មករ​ទាំង​អស់ ចូល​ធ្វើ​ការ​វិញ​ ក្នុង​រយៈ​ពេល ៤៨ ម៉ោង។

យ៉ាង​ណា​​ក្តី វិវាទ​នេះ នៅ​តែ​បន្ត ដោយ​កម្មករ​ទាំង​នោះ នៅ​តែ​បន្ត​ការ​តវ៉ា​រហូត​ដល់​បច្ចុប្បន្ន ដោយ​​ក្រុម​កម្មករ បាន​ប្រកាស​ជំហរ​ថា ពួក​គេ​នៅ​តែ​បន្ត​តវ៉ា និង​ចង់​ឲ្យ​ក្រុមហ៊ុន ទទួល​យក​កម្មករ​ទាំង​អស់​ចូល​ធ្វើ​ការ​វិញ​​ដោយ​មិន​ត្រូវ​រើសអើង​ឡើយ។

លោក​ ប៊ុន សំណាល់ កម្មករ​ដែល​ត្រូវបាន​រោងចក្រ​បញ្ឈប់ និង​កំពុង​បន្ត​ការ​តវ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វា​ជា​រឿង​មិន​សមហេតុ​សមផល​នោះ​ទេ ដែល​កម្មករ មិន​ទទួល​បាន​ដំណោះ​ស្រាយ​របស់​ខ្លួន​ហើយ ត្រូវ​បាន​រោងចក្រ​បញ្ឈប់ ដោយ​បាត់បង់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​របស់​ខ្លួន​ទៀត។

លោក​បញ្ជាក់​ថា៖ «ក្នុង​អំឡុង​ដែល​ពួក​ខ្ញុំ​ធ្វើ​កូដកម្ម​ហ្នឹង​មិន​ទាន់​បាន​ដោះស្រាយ​នោះ​ទេ ហេតុអ្វី​បាន​ចេញ​ដីកា ៤៨ ម៉ោង​ហើយ​ចេញ​មក យក​មក​បញ្ឈប់​ពួក​ខ្ញុំ​។ តើ​ពួក​ខ្ញុំ​ទទួល​បាន​ផល​អ្វី​មួយ​ចំណុច​នៅ? ហើយ​បើ​ក្រុមហ៊ុន ត្រឹមត្រូវ​អ្នក​ឯង​ម៉េច​មិន​និយាយ​​​​ជា​មួយ​ពួក​ខ្ញុំ​ឲ្យ​ច្បាស់​មក​ហើយ​​នៅ​​ពេល​បញ្ឈប់​ពួក​ខ្ញុំ​ បិទ​ប្រកាស​ឲ្យ​ពួក​ខ្ញុំ​ចូល​ធ្វើ​​ការ តែ​មិន​យក​ពួក​ខ្ញុំ​ទាំង​អស់​វិញ​ទេ គឺ​រើសអើង​ស្ត្រី​ចាស់ៗ ស្ត្រី​ពោះធំ និង​ប្រុសៗ​អី មិន​យក​ទេ»។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​​ថ្លែង​កាល​​ពី​ម្សិលមិញ​ថា កម្មករ​និយោជិត​ ត្រូវ​បាន​បញ្ឈប់​ដោយសារ​យោង​តាម​នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ​រួម។ លោក​បន្តថា យោង​តាម​ច្បាប់​ក្រោយ​មាន​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល និង​ដីកា​រក្សា​ការពារ​របស់​តុលាការ និយោជក​អាច​បញ្ឈប់​ការងារ​​កម្មករ​និយោជិត ដែល​ធ្វើ​កូដកម្ម​ខុស​នីតិវិធី ហើយ​មិន​ចូល​ធ្វើការ​វិញ​ តាម​សេចក្តី​បង្គាប់ និង​រក្សា​ការពារ​បាន ដោយ​មិន​ទូទាត់​សំណង​អ្វី​ទាំង​អស់។

លោក​ថា៖ «កន្លង​មក​ក្រសួង​បាន​សម្របសម្រួល​ជា​មួយ​និយោជក​ឲ្យ​ទទួល​យក​កម្មករ​និយោជិត​វិញ​បាន​ជិត ១ ពាន់​នាក់ ប៉ុន្តែ​និយោជក​ មិន​ព្រម​ទទួល​យក​អ្នក​ដែល​ជា​មេ​ខ្យល់​ដឹកនាំ​ធ្វើ​កូដកម្ម​ខុស​ច្បាប់ ជា​អ្នក​ជេរ​ប្រមាថ និង​រារាំង​បងប្អូន​កម្មករ និយោជិត​ ដែល​មិនមែន​ជា​កូដករ អាច​ចូល​ធ្វើការ​ជា​ធម្មតា​កើត»។

ទោះ​យ៉ាង​ណា​លោក ហេង សួរ បញ្ជាក់​ថា ក្រសួង នឹង​បន្ត​សម្របសម្រួល​បន្ថែម​ទៀត ដោយ​ប្រកាន់​លើ​គោលការណ៍​ច្បាប់​ជា​ធំ បើ​ទោះ​បី​ជា​តាម​ច្បាប់​និយោជក​មាន​សិទ្ធិ​នឹង​ធ្វើ​ដូច្នោះ​ក៏​ដោយ។

ប៉ុន្តែ លោក អាត់ ធន់ ប្រធាន CCAWDU យល់​ថា ការ​អះអាង​របស់ ថៅ​កែ​រោងចក្រ និង​ខាង​ GMAC គឺ​គ្រាន់​តែ​ជា​វិធីសាស្ត្រ​មួយ​ គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ កន្លង​ទៅ កម្មករ​បាន​ព្យាយាម​សុំ​ចូល​ធ្វើ​ការ​វិញ តែ​ភាគី​រោងចក្រ​មិន​ទទួល ហើយ​​​​បាន​បញ្ឈប់​កម្មករ​ដោយ​សំអាង​លើ​ដីកា​របស់​តុលាការ​ដែល​បាន​ចេញ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​​ប្តឹង​។

លោក​បន្តថា ទាំង​នេះ គឺ​ជា​រឿង​មិន​សមហេតុ​សមផល​នោះ​ទេ ហើយ​ភាព​អយុត្តិធម៌ ដែល​កម្មករ​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ​គឺ ​បង្ហាញ​​​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​និង​តុលាការ​បាន​ចូលរួម​ធ្វើ​បាប​កម្មកររ​បស់​ខ្លួន។

លោក​បញ្ជាក់​​​ថា៖ «ដំបូង​តូច​ទេ តែ​បន្ទាប់​មក ព្រោះ​តែ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​បាប​កម្មករ ដូច្នេះ​ចុង​បញ្ចប់ ពលរដ្ឋ ​(កម្មករ) គាត់​គ្មាន​ជម្រើស គាត់​បន្ត​ការ​តវ៉ា ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​បាក់​មុខ​បាក់​មាត់។ ដូច្នេះ​រដ្ឋាភិបាល គួរ​តែ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​ទាំង​អស់ ចូល​ធ្វើ​ការ​វិញ​ទៅ ព្រោះ​កម្មករ​ទាមទារ​ប្រាក់​​អត្ថ​ប្រយោជន៍​របស់​គាត់​ទេ»​៕