កំពង់ស្ពឺៈ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​បិទ​រោង​ម៉ាស៊ីន​អារឈើ​ចំនួន​ ១០ ​កន្លែង ស្ថិតនៅ​ភូមិ​ព្រៃខ្លា ភូមិ​ត្រាំកង់​ក្នុង​ឃុំ​ពោធិ៍អង្ក្រង និង​ភូមិ​ខ្លីថ្មី ភូមិ​ត្រពាំងព្រៃ ក្នុង​ឃុំ​ពោធិ៍ចំរើន ស្រុក​បសេដ្ឋ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងម៉ាស៊ីន​ទាំងអស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បណ្ដោះអាសន្ន ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​ទេ​ដែល​វិធានការ​បែបនេះ​សង្គម​ស៊ីវិល​ថា បទល្មើស​ព្រៃឈើ​នឹងមិន​មាន​ការ​ថយចុះ​នោះទេ​។

លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា រោង​ម៉ាស៊ីន​អារឈើ​ទាំងនេះ​មិនមែន​បង្កើត​ឡើង​សម្រាប់​អារឈើ​ព្រៃ​នៅក្នុង​តំបន់​នោះ​ផ្ទាល់​ទេ គឺ​ពួកគេ​បាន​ទិញ​ដើមស្វាយ ដើម​អាកាស្យា ដើម​ប្រេងខ្យល់ និង​ដើមឈើ​ក្នុងស្រុក​មួយ​ចំនួន​ទៀត​មក​កែច្នៃ​។ រោង​ម៉ាស៊ីន​នេះ​មិនមែន​ជា​លក្ខណៈ​ខ្នាត​ធំ​ទេ ដោយ​គ្រាន់តែ​អារឈើ​តូចតាច​ជា​លក្ខណៈ​គ្រួសារ ប៉ុន្ដែ​អាជ្ញាធរ​នៅតែ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងនោះ​សុំច្បាប់​ជាមុនសិន​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ចំណាត់ការ​នាពេល​នេះ​សមត្ថកិច្ច​បាន​តម្រូវ​ឲ្យ​ម្ចាស់​រោង​អារឈើ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​ផ្អាក​សកម្មភាព​កែច្នៃ​ឈើ​ជា​បណ្ដោះអាសន្ន ហើយ​តម្រូវ​ឲ្យ​ពួកគេ​ប្រញាប់​មក​សុំ​ច្បាប់ ឬ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​បើ​យោង​តាម​ច្បាប់ ប្រសិន​បើ​ពួកគេ​មាន​ម៉ាស៊ីន​គឺ​ច្បាប់​តម្រូវ​ឲ្យ​ម្ចាស់​ម៉ាស៊ីន​សុំច្បាប់​។

លោក​ វ៉ី សំណាង បាន​បញ្ជាក់​ថា​៖ «​យើង​បានធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ពី​បញ្ហា​នេះហើយ ដោយ​ពួកគាត់​បាន​ឯកភាព​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​អារឈើ​បណ្ដោះអាសន្ន​សិន ហើយ​ងាក​មក​សុំ​ច្បាប់​ពី​អាជ្ញាធរ​ជំនាញ​។ ប៉ុន្ដែ​ភ្លាមៗ​នោះ​យើង​មិន​បាន​ឃាត់​ខ្លួន​ម្ចាស់​រោង​ម៉ាស៊ីន​អាជីវកម្ម​អារឈើ​ទាំង​ ១០ ​កន្លែង​នោះទេ​»​។

លោក ​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១ ខែ​ធ្នូ​ថា​លោក​បាន​ទទួល​ព័ត៌មាន​នេះហើយ ប៉ុន្ដែ​ថា​លោក​មិនទាន់​បានទទួល​របាយការណ៍​លម្អិត​នៅឡើយ​ទេ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​កំពុង​ធ្វើ​ការងារ​នេះ​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​ព័ត៌មាន​ហ្នឹង គឺ​អ៊ីចឹង​ហើយ ប៉ុន្ដែ​មន្ត្រី​យើង​កំពុង​ឆែកឆេរ ឬ​ធ្វើ​ការងារ​ថែមទៀត ហើយ​ពួកគាត់​មិនទាន់​មាន​អ្វី​រាយការណ៍​មក​ថ្នាក់លើ​ទេ​។ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ថា ចំនួន​ប៉ុន្មាន​កន្លែង​ទេ ព្រោះ​ការងារ​ពាក់ព័ន្ធ​ការងារ​ស៊ើបអង្កេត​។ ជា​ការងារ​គេ​កំពុង​ធ្វើការ​នៅពេល​បាន​លទ្ធផល​បែបណា ទើប​ពួកគាត់​រាយការណ៍​មក​ខ្ញុំ​បន្តបន្ទាប់​ទៀត​»​។

លោក​ ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១ ខែ​ធ្នូ បាន​ថ្លែង​យ៉ាងខ្លី​ថា លោក​មិនមាន​មតិ​យោបល់​អ្វី​ទេ ដោយ​លោក​និយាយថា​៖ «​ខ្ញុំ​ធ្វើការ​តាម​ការចង្អុលបង្ហាញ​ពី​ថ្នាក់លើ​ទេ ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​ថ្លែង​ថា ប្រសិនបើ​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​បទល្មើស​ព្រៃឈើ​ដោយ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា ឬ​អប់រំ​ណែនាំ​នោះ ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នឹង​មិន​ខ្លាចញញើត​ច្បាប់​ឡើយ​។ ពួកគេ​នៅតែ​បន្តធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដដែល​។

លោក​បន្តថា បើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្ដីពី​ព្រៃឈើ​ ឬ​ច្បាប់​ស្ដីពី​តំបន់​ការពារ​អភិរក្ស​នោះ ទើប​អាច​បង្ក្រាប​បទល្មើស​ទាំង​នោះបាន​ថមថយ​ខ្លះ​។ ប៉ុន្ដែ​បើ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃនេះ គឺ​បទល្មើស​នឹង​មិនមាន​ការថយ​ចុះ​ទេ ហើយ​វា​ថែមទាំង​កើនឡើង​ទ្វេដង​ទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​ច្បាប់​រួចហើយ បើ​យើង​ជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​ទៅ ជន​ដែល​ល្មើសច្បាប់​នឹង​ឈប់​បង្កបញ្ហា​អ្វី​ដល់​ពេល​នេះ​។ ប៉ុន្ដែ​កន្លងមក ខាង​មន្ត្រី​យើង​មួយ​ចំនួន​ធ្លាប់​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេះដែរ​។ អ៊ីចឹង គាត់​មិន​ហ៊ាន​ចុះទៅ​បង្ក្រាប​ទេ បើ​គាត់​អនុវត្ត​ច្បាប់ គាត់​ខ្លាច​ជនល្មើស​ឆ្លើយ​ដាក់​មក​លើ​គាត់​វិញ​»៕