The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រោង​ចក្រ First & Main ប្រកាស​ដាក់​លក់​ឡាយ​ឡុង

រោង​ចក្រ First & Main ប្រកាស​ដាក់​លក់​ឡាយ​ឡុង

រោង​ចក្រ First & Main ប្រកាស​ដាក់​លក់​ឡាយ​ឡុង

120927_06
កម្មករ កម្មការិនី រោងចក្រ First & Main នាំគ្នាធ្វើកូដកម្មតវ៉ាលើលក្ខខណ្ឌការងារនៅមុខរោងចក្រកន្លងមក

ភ្នំពេញៈ គណៈកម្មាធិការ​ដោះ​ស្រាយ​បញ្ហាកូដ​កម្ម​បាតុ​កម្ម របស់​ក្រសួង​សង្គម​កិច្ច បាន​ជូន​ដំណឹង​ពី​ការ​ដាក់​លក់​ឡាយ​ឡុង សម្ភារ​របស់​ក្រុម​ហ៊ុន First & Main(Cambodia)​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ថៅកែ​ប្រកាស​បិទ​ក្រុម​ហ៊ុន​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៤ ​កញ្ញា។

សេចក្តីជូន​ដំណឹង​នេះ ត្រូវ​បាន​គេ​បិទ​នៅ​លើ​ជញ្ជាំង​របស់​ក្រុមហ៊ុន ដើម្បី​ជូន​ដំណឹង​ដល់​កម្មករ កម្មការិនី ​អំពី​ការ​បិទ​ទ្វារ​របស់​ក្រុម​ហ៊ុន ហើយ​ថៅកែ​រោង​ចក្រ​លោក ប្រេដ ហូល បាន​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ប្រធាន​គណនេយ្យ​ចាត់​ចែង​លក់​ឡាយ ឡុង​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន យក​ប្រាក់​សម្រាប់​បើក​ថ្លៃ​ឈ្នួល​ឲ្យ​កម្មករ​និយោ​ជិត​ដែល​ក្រុម​ហ៊ុន​នៅ ជំពាក់។

សេចក្តីជូន​ដំណឹង​នេះ បញ្ជាក់​ថា៖ «សូម​បងប្អូន​កម្មករ​មេត្តា​យោគ​យល់ ហើយ​រង់ចាំ​ការ​ដោះស្រាយ​របស់​គណៈ​កម្មា​ធិការ​ក្នុង​ការ​បើក​ប្រាក់​ឈ្នួល​ជូន​បង​ប្អូន​កម្មករ នៅ​ពេល​ដែល​លក់​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​រួច​រាល់»។

សេចក្តី ​ជូន​ដំណឹង​ដដែល បាន​បន្ត​ថា​ គណៈ​កម្មា​ធិការ​នឹង​ជូន​ដំណឹង​ដល់​បង​ប្អូន​កម្មករ​នៅ​ពេល​ក្រោយ អំពី​កាល​បរិច្ឆេទ​នៃ​ការ​បើក​ប្រាក់​ឈ្នួល។

អ្នកនាង ម៊ិច មុំ តំណាង​កម្មករ ម្សិល​មិញ​និយាយ​ថា កម្មករ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុម​ហ៊ុន​កាលពី​ថ្ងៃ​ចន្ទ ចាំ​បើក​ប្រាក់​ឈ្នួល​៥០​ភាគ​រយ ដែល​ក្រុម​ហ៊ុនបាន​សន្យា​បើក​ឲ្យ ប៉ុន្តែ ត្រូវ​ខក​ខាន​វិញ​ដោយ​មិន​ដឹង​​មូលហេតុ។

ម៉ិច មុំ បន្តថា ៖ «​មាន​កម្មករ​ប្រមាណ​១០០​នាក់​ នៅ​មិន​ទាន់​បាន​ប្រាក់​ឈ្នួល​ចុង​ក្រោយ​៥០​ភាគ​រយ ដោយ​កាល​ពី​ថ្ងៃ​ចន្ទក្រុម​ហ៊ុន​មិន​ទាន់​បាន​បើក​តាម​ការ​សន្យា​នោះទេ»។ នាង​អះអាង​ថា ក្រុម​មន្រ្តី​មក​ពី​ក្រសួង​សង្គម​កិច្ច បាន​ប្រកាស​ប្រាប់​កម្មករ​ថា ពួកគេ​នឹង​លក់​សម្ភារ​នៅ​ក្នុង​ក្រុមហ៊ុន យក​លុយ​បើក​ឲ្យ​កម្មករ ព្រោះ​ថៅកែ​ព្រម​ឲ្យ​លក់​ឡាយ​ឡុង។

អ្នកនាង ម៊ិច មុំ និយាយ​ថា​៖«យើង​យល់​ព្រម ​ហើយ​យើងត្រូវ​រង់​ចាំមួយ​សប្តាហ៍​ទៀត​ទម្រាំ​តែ​លក់​សម្ភារ​រួច​រាល់។ យើងត្រូវ​ការ​ប្រាក់​ឈ្នួល​ជាមុន​សិន មុន​ពេល​នឹង​គិត​ពី​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​ត្រូវ​ទទួល​បាន។

អ្នកតំណាង​ក្រុមហ៊ុន ប្រាប់​ថា ពួក​យើងក៏​អាច​ទទួល​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែរ ​ប្រសិន​បើ​ពួក​គេ​នៅ​សល់​ប្រាក់​ក្រោយ​ពី​បើក​ប្រាក់​ជូន​កម្មករ​រួច»។

អ្នកនាង មុំ បន្ត​ទៀត​ថា កម្មករ ​ត្រូវ​ការ​ជំនួយ​ពី​អង្គការ ACILS ដើម្បី​កម្មករ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ក្រោយពី​ទទួល​បាន ប្រាក់​ឈ្នួល​ពេញ។

លោក កែរ សុខ​សិទ្ធិនី សមាជិក​គណៈ​កម្មា​ធិ​ការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា កូដ​កម្ម​ បាតុ​កម្ម​ក្រសួង​សង្គម​កិច្ច កាល​ពី​ម្សិល​មិញ​ប្រាប់​ថា ថៅ​កែ​ជន​ជាតិ​អាមេរិក​រូប​នេះ ពុំ​មាន​ថវិកា​ដំណើរ​ការ​អាជីវកម្ម​បន្ត​ទេ។ គាត់​បាន​ស្នើ​ឲ្យ​គណនេយ្យករ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក្នុង​ក្រុម​ហ៊ុន​ដើម្បី​បើក​ប្រាក់​ឲ្យ​កម្មករ។

លោកបញ្ជាក់ ថា៖ «ខ្ញុំព្យាយាម​ជំរុញ​ក្រុម​ហ៊ុន​នេះ​ឲ្យ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​តាម ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បើក​ប្រាក់​ជូន​កម្មករ​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ ក្នុង​ខែ​តុលា»។

លោក កែរ សុខ​សិទ្ធិនី មាន​ប្រសាសន៍​ថា ក្រសួងនិង​ក្រុម​ហ៊ុន នឹង​ស៊ើប​អង្កេត​លើ​សម្ភារ​ដែល​បាន​បាត់ តើ​មាន​តម្លៃ​ប៉ុន្មាន។

លោកបន្ត​ថា​៖«​យើងនឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​សង​ការ​បាត់​បង់​នោះ បើ​យើង​ដឹង​អំពី​តម្លៃ​ព្រោះ​ក្រុម​សន្តិ​សុខ​ដែល​ក្រុមហ៊ុន​ជួល មិន​បាន​ការ​ពារ​ក្រុមហ៊ុន​ឲ្យ​បាន​ល្អ»។ លោក​បញ្ជាក់​បន្ថែម​ថា ក្រុម​ហ៊ុន​សន្តិសុខ ត្រូវ​តែ​ទទួល​ខុស​ត្រូវ៕ NR

អត្ថបទគួរចាប់អារម្មណ៍