The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រ៉ាឆា បាន​ជំនួយ​លើ​គម្រោង​បញ្ចូល​ជាតិ​ដែក​ក្នុង​ទឹក​ត្រី.ស៊ីអ៊ីវ

រ៉ាឆា បាន​ជំនួយ​លើ​គម្រោង​បញ្ចូល​ជាតិ​ដែក​ក្នុង​ទឹក​ត្រី.ស៊ីអ៊ីវ

រ៉ាឆា បាន​ជំនួយ​លើ​គម្រោង​បញ្ចូល​ជាតិ​ដែក​ក្នុង​ទឹក​ត្រី.ស៊ីអ៊ីវ

ភ្នំពេញៈ អង្គការ​សម្ព័ន្ធ​សុខ​ភាព​កុមារ និង​សុខ​ភាព​បន្ត​ពូជ រ៉ាឆា​(RACHA) ទទួល​បាន​ជំនួយ​ជាង​១,២​លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​«ការ​បញ្ចូល​ជាតិ​ដែក​ក្នុង​ទឹក​ត្រី​និង​ទឹក​ស៊ីអ៊ីវ​នៅ​ក្នុង​ប្រទេស​កម្ពុជា» សម្រាប់​រយៈ​ពេល​៥​ឆ្នាំ ដែល​ជំនួយ​នេះ​ទទួល​បាន​ពី​អង្គ​ការ​ហ្គេន (GAIN)​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អនុ​គណៈ​កម្មការ​ជាតិ​បញ្ចូល​មីក្រូ​សារ​ជាតិ​ក្នុង​ចំណី​អាហារ។

នៅក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​អនុ​គណៈ​កម្មា​ធិការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី អាហារ អង្គ​ការ​រ៉ាឆា និង​សិប្បករ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​មាន​ការ​លើក​ឡើង​ថា ការ​បន្ថែម​ជាតិ​ដែក​ក្នុង​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​គឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង និង​កង្វះ​ជាតិ​ដែក និង​ជីវជាតិ​អា ឲ្យ​បាន​៣០​ភាគ​រយ ដល់​ប្រជាជន​គោល​ដៅ គឺ​ស្រ្តី​និង​កុមារ​ស្ថិត​ក្រោម​អាយុ​១៤​ឆ្នាំ ក្នុង​រយៈ​ពេល​៥ឆ្នាំ។

លោក ប៉ុល សម្បត្តិ នាយក​គម្រោង​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី អាហារ​នៃ​អង្គការ​រ៉ាឆា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​ធ្វើ​តេស្ត​លើក​ដំបូង​ត្រូវ​បាន​គេ​ធ្វើ​នៅ​ឆ្នាំ​២០០៥​ដល់​២០០៧ ជាមួយ​នឹង​ផលិត​កម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​នៅ​ខេត្ត​ចំនួន​បី គឺ​ខេត្ត​កំពត សៀម​រាប និង​រាជធានី​ភ្នំពេញ។

លោក ប៉ុល សម្ប​ត្តិ បាន​បញ្ជាក់​ថា គម្រោង​នេះ ត្រូវ​ការ​ប្រាក់​ជាង​៣លាន​ដុល្លារ​សម្រាប់​ដំណើរ​ការ​រយៈ​ពេល​៥ឆ្នាំ ហើយ​ពួក​គេ​នឹង​ស្វែង​រក​ថវិកា​បន្ថែម​ទៀត​ដោយ​មាន​ការ​គាំទ្រ​បដិភាគ​ខ្លះ​ពី​រដ្ឋា​ភិបាល​ផងដែរ។

លោកបន្ត​ថា​៖ «​កង្វះ​ថវិកានេះ​នឹង​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​រារាំង​ស្ទះ​ដល់​ដំណើរ ការ​គម្រោង​នេះ​ទេ ព្រោះ​យើង​បាន​ស្វែង​រក​សក្តានុ​ពល​ខ្លះ​ហើយ ពីដៃ​គូ​ផ្តល់​ជំនួយ​មួយ​ចំនួន ហើយ​ជា​ពិសេស​យើង​មាន​បដិភាគ​គាំទ្រ​ពី​រដ្ឋា​ភិបាល​។ យើង​ត្រូវ​​ចំណាយ​ថ្លៃ​ដើម​ខ្ពស់ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​មក​វិញ»។

លោក ប៉ុល សម្ប​ត្តិ បាន​សង្កត់​ធ្ងន់​ថា ពួក​គេ​មិន​បារម្ភ​អំពី​ថវិកា​ទេ ប៉ុន្តែ​យើង​នៅ​មាន​កង្វះ​ខាត​ខ្លះៗ​លើ​សម្ភារ​ត្រួត​ពិនិត្យ​រហ័ស ដោយ​យើង​ចង់​ត្រួត​ពិនិត្យ​លើ​រាល់​ផលិត​ផល​ដែល​នាំចូល​ពី​បរទេស។

រ៉ាឆា បានធ្វើការ​សិក្សា​មុន​នឹង​យើង​ធ្វើ​គម្រោង​សាក​ល្បង ដោយ​ក្នុង​នោះ​យើង​បាន​ដឹង​ថា ពលរដ្ឋ​ជាង​៩០​ភាគរយ​ប្រើ​ប្រាស់​ទឹក​ត្រីឬ​ទឹក​ស៊ីអ៊ីវ ហើយ​ជា​មធ្យម​មនុស្ស​ម្នាក់ ប្រើ​ទឹក​ត្រី​១០ មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ។

លោក សម្បត្តិ ថ្លែង​ថា​៖ «ស្រ្តី​ក្នុងវ័យ​បន្ត​ពូជ អាយុពី​១៥​ដល់​៤៩ឆ្នាំ ខ្វះ​ជាតិ​ដែក​៤៤​ភាគរយ ហើយ​កុមារ​ក្រោម​៥​ឆ្នាំ ខ្វះជាតិ​ដែក​៥៥​ភាគ​រយ ដែល​ជា​តួ​លេខ​មួយ​ខ្ពស់។ នេះ​បើ​យោង​តាម​ការ​ស្ទាប​ស្ទង់​ខាង​ប្រជា​សាស្រ្តនិង​សុខ​ភាព (CDHS) នៅ​ឆ្នាំ​២០១០»។

លោកបន្ត​ថា ការ​បញ្ចូល​សារធាតុ​ដែក​នៅ​ក្នុង​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​នេះ គឺជា​មធ្យោ​បាយ​មួយ​ដែល​គាត់​អាច​ទទួល​បាន​ការ​បំពេញ​បន្ថែម​ប្រចាំ​ថ្ងៃ។ មាន​ន័យ ថា យើង​បំពេញ​នូវ​តម្រូវ​ការ​នៃ​ការ​ប្រើ​ប្រាស់​សម្រាប់​រាង​កាយ​របស់​មនុស្ស​ប្រមាណ​ជា​១​ភាគ​៣​នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ បន្ថែម​លើ​ចំណី​អាហារ​ផ្សេងៗ ដែល​ពួក​គាត់​បរិភោគ។

លោក បាន​អះអាង​ទៀត​ថា​៖ «ក្នុង​គម្រោង​របស់​យើង គឺ​ត្រូវ​បញ្ចូល​នូវ​សារធាតុ​ដែក ចូល​ទៅ​ក្នុង​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​ឲ្យបាន ៤៤ ផលិតកម្ម ជា​ផលិតកម្ម​ធំ​ដែល​មាន​លទ្ធភាព​អាច​បញ្ចូល​សារធាតុ​ដែក​នៅ​ក្នុង​ផលិត​ផល របស់​ផលិត​ផល​ពួក​គេ​បាន នៅ​ក្នុង​ចំណោម​ផលិត​កម្ម​នៅ​ទូទាំង​ប្រទេស​ជាង​១០០​ផលិត​កម្ម។ យើង​នឹង​ព្យាយាម​ដាក់​បញ្ចូល​ធាតុ​ដែក​ចូល​ក្នុង​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ ដែល​មាន​នៅ​ក្នុង​ប្រទេស​៤៨ ភាគ​រយ នាំ​ចូល​ពី​បរទេស​៣០​ភាគ​រយ​និង​ជា​លក្ខណៈ​គ្រួសារ​២២ ភាគ​រយ ដែល​យើង​ពិបាក​ក្នុង​ការ​ដាក់​បញ្ចូល​ឲ្យ​គាត់ តែ​យើង​នឹង​ព្យាយាម​ជួយ​ទៅ​លើ​ផលិត​កម្មជា​លក្ខណៈ​គ្រួសារ​នេះ»។

លោក ថ្លែងបន្ត​ទៀត​ថា គម្រោង​នេះ នឹង​ផ្ត​ល់នូវ​សម្ភារ​សម្រាប់​លាយ​វត្ថុ​ធាតុ​ដើម​ដែល​ជា​ម្សៅ​ជាតិ​ដែក បច្ចេក​ទេស ការ​ត្រួត​ពិនិត្យ​តាម​ដាន និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជូន​ពួក​គាត់។ ដោយ​ឡែក​​វត្ថុ​ធាតុ​ដើម អង្គការ​រ៉ាឆា​នឹង​ធ្វើ​ការ​កាត់​បន្ថយ​ជា​ជំហាន ឲ្យ​គាត់​ចូល​រួម​ទទួល​ខុស​ត្រូវ​តាម​លំដាប់​នៃ​ឆ្នាំ​នីមួយៗ។

លោក អ៊ូ ឱហាត រដ្ឋលេខា​ធិការ​ក្រសួង​ផែន​ការ បាន​មាន​ប្រសាសន៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​កាត់​បន្ថយ​កង្វះ​ជាតិ​ដែក និង​ជីវជាតិ​អា​មាន​សារៈ​សំខាន់​ណាស់ គឺ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​ស្រ្តី និង​កុមារ។

លោក បាន​មាន​ប្រសាសន៍​បន្ត​ថា៖​«ខ្ញុំ សង្ឃឹម​ថា ក្រសួង ស្ថាប័ន ពាក់​ព័ន្ធ ដែល​ជា​ដៃគូ​របស់​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ផលិតកម្ម នឹង​ចូល​រួម​សហការ​គ្នា​ជាមួយ​គម្រោង​បញ្ចូល​ជាតិ​ដែក​ក្នុង​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​ដើម្បី​ធានា​នូវ​បរិមាណ និង​គុណ​ភាព​នៃ​ផលិត​ផល និង​លើក​កម្ពស់​សុខភាព​ពលរដ្ឋ»៕ NR

អត្ថបទគួរចាប់អារម្មណ៍